Wednesday, August 1, 2012

ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ សម្រុក​ទៅ​ចាប់ដី​ព្រៃ​នៅ​ឃុំ​លំ​ទង និង​ឃុំ​ស្រែ​ណូយ​

ឧត្ដរមានជ័យ​-​សៀមរាប: ថ្មីៗ​នេះ​គេ​បាន​ឃើញថា មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​នាំ​កូន​នាំ​ចៅ ខ្លះ​ជិះ​ម៉ូតូ ខ្លះ​បើក​គោយន្ដ ទៅ​បោះតង់ ដើម្បី​ចាប់​ដីធ្លី​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ នៅ​ចំណុច​ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ និង​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្ដ​សៀមរាប ដោយ​ឃុំ​ទាំងពីរ​ស្ថិតនៅ​ជាប់​ព្រំប្រទល់​នឹង​គ្នា​។ 
​    ​
​ចលនា​របស់​ប្រជាពលរដ្ឋ​ចូលទៅ​កាប់​ដីព្រៃ​របស់​រដ្ឋ​ខាងលើ គឺមាន​សន្ទុះ​ខ្លាំងក្លា​ឡើង​ច្រើន​បំផុត ចាប់ពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១២ កន្លងទៅ​។ ដីព្រៃ​ពីរ​ប្រភេទ ដែល​ប្រជាជន​ចូលទៅ​កាន់កាប់​ឆ្ការ និង​បោះតង់ គឺមាន​ផ្ទៃដី​របស់​រដ្ឋ និង​ផ្ទៃដី​របស់​ក្រុមហ៊ុន​សំរោង​រ៉ាប់​ប័​រ​។ 
​    ​
​ក្រុមមន្ដ្រី​មូលដ្ឋាន​ឃុំ​លំ​ទង​បាន​និយាយថា ប្រជាជន​ថ្មីៗ​ដែល​មក​ចាប់​ដីធ្លី​នៅ​តំបន់​ខាងលើ គឺ​មិនអាច​គណនា​ថា មាន​ចំនួន​ប៉ុន្មាន​គ្រួសារ​ពិតប្រាកដ​នោះឡើយ ដោយ​ក្រុម​មូលដ្ឋាន​ថា មាន​ច្រើន​គ្រួសារ ដែល​គ្រួសារ​ខ្លះ​នៅ​រាយប៉ាយ​របោះៗ និង​នៅ​ព្រៃ​ដែល​គេ​ឆ្ការ​កាប់​ដុត​រួច​។ 
​    ​
​មន្ដ្រី​មូលដ្ឋាន​ដដែល​បាន​និយាយថា ជាគោលការណ៍​របស់​ប្រជាពលរដ្ឋ ដែល​មក​រស់នៅ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ ក៏ដូចជា​ដីព្រៃ​របស់​ក្រុមហ៊ុន គឺជា​ការខុសច្បាប់ ព្រោះថា​ពួកគាត់​ទើបតែ​មក​នៅ​ពីរ​ទៅ​បី​ថ្ងៃ​ប៉ុណ្ណោះ មិនអាច​ផ្ដល់​ដីធ្លី ដូច​ប្រជាពលរដ្ឋ​ដែល​មក​រស់នៅ​ជា​យូរណាស់​មកហើយ​ទេ​។ 
​    ​
​ក្រុមមន្ដ្រី​ដដែល​និយាយទៀតថា ប្រជាពលរដ្ឋ​ដែល​មក​ចាប់​ដីធ្លី​ខាងលើ គឺ​ភាគច្រើន​មកពី​ស្រុក​អន្លង់វែង ខ្លះ​មាន​ម៉ូតូ ខ្លះ​ជិះ​គោយន្ដ​ទាំង​គ្រួសារ មក​កាប់​ព្រៃ ហើយក៏​ចល័ត​ចេញទៅ​បាត់ និង​ខ្លះទៀត​កាប់​ព្រៃ ហើយ​បោះតង់​ស្នាក់នៅ​ជា​ហូរហែ​។ មាន​កន្លែង​ខ្លះទៀត ដែលជា​ព្រៃរបស់​រដ្ឋ​នៅ​ឃុំ​លំ​ទង និង​ឃុំ​ស្រែ​ណូយ គឺ​ប្រជាពលរដ្ឋ​ទើបតែ​កាប់​ឈើ​ថ្មីៗ និង​ដើមឈើ​ខ្លះ​មាន​ទំហំ​ធំៗ ត្រូវបាន​គេ​អារ​ដោយ​រណា​យន្ដ​ដួល​ពេញ​ព្រៃ មើលទៅ​គួរឱ្យ​ស្ដាយស្រណោះ​បំផុត​។ ករណី​នេះដែរ​មិនមាន​ឃើញ​មាន​ជំនាញ​ពាក់ព័ន្ធ​ធ្វើការ​បង្ក្រាប​ឡើយ​។ 
​    ​
​ប្រជាពលរដ្ឋ​មួយរូប​ដែល​កំពុង​បោះតង់ រស់នៅ​ព្រៃ​តំបន់​ភូមិ​គោក​តា​មោក ឃុំ​លំ​ទង បាន​ប្រាប់​អ្នកយកព័ត៌មាន​គេហទំព័រ CEN ថា គាត់​ចូលមក​បោះតង់ និង​ឆ្ការព្រៃ​នៅ​ចំណុច​ខាងលើ បាន​រយៈពេល​ប្រាំ​ថ្ងៃ​ហើយ ដោយ​គាត់​មាន​គោយន្ដ​មួយគ្រឿង ជិះ​ឌុប​ប្រពន្ធ និង​ចៅ​ម្នាក់ ព្រមទាំង​ឆ្កែ​មួយ​ក្បាល​មកជា​មួយ​ផង​។ 
​    ​
​ប្រជាពលរដ្ឋ​រូបនោះ​មានឈ្មោះ សៅ ម៉ោញ ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ​។ គាត់​និយាយថា មុននេះ​គាត់​ចេញពី​ភូមិ​ឈើ ទាល​ជ្រុំ ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង​។ នៅឯ​ភូមិ​ឃុំ​ខាងលើ ក្រុមគ្រួសារ​របស់គាត់​មានផ្ទះ​រស់នៅ​ទីនោះ និង​ដីស្រែ​សម្រាប់​ប្រកប​របរ​ចិញ្ចឹមជីវិត​ផងដែរ ប៉ុន្ដែ​ដោយមាន​គេ​ប្រាប់ថា មាន​ក្រុមយុវជន​ស្ម័គ្រចិត្ដ​កំពុង​វាស់វែង​ដីធ្លី នៅ​ចំណុច​គោក​តា​មោក ក្រុមគ្រួសារ​គាត់​ក៏​ជិះ​គោយន្ដ​មក​ឆ្ការព្រៃ ចាប់យក​ដី​រដ្ឋ​តែម្ដងទៅ ក្រែង​បាន​គេ​វាស់វែង​ដូច​គេ​និយាយ​មែន​។ 
​    ​
​ប្រជាពលរដ្ឋ​ដដែល​បាន​និយាយទៀតថា ពេល​គាត់​មក​បោះតង់ ក៏មាន​ជំនាញ​មួយ​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ ឬ​អង្គភាព បានមក​ប្រាប់​គាត់​ថា "​លោកពូ​ឯង​កុំអាល​ចេញទៅ​ណា បន្ដិចទៀត​នឹងមាន​ក្រុមយុវជន​មក​វាស់ដី ជូន​ធ្វើជា​កម្មសិទ្ធិ​តទៅ​ថ្ងៃ​អនាគត​"​។ 

​សូម​បញ្ជាក់ដែរថា ប្រជាពលរដ្ឋ​ដែល​មក​ចាប់ដី​ខាងលើ គឺ​ផ្អើល​ច្រើនឡើងៗ បន្ទាប់ពី​មាន​ក្រុមយុវជន​ស្ម័គ្រចិត្ដ​សម្ដេច​តេ​ជោ ហ៊ុន សែន កំពុង​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ នៅ​ចំណុច​ឃុំ​លំ​ទង ស្រុក​អន្លង់វែង​។ ពេល​ប្រជាពលរដ្ឋ​ដឹង​ដំណឹង​នេះ ក៏​នាំគ្នា​មក​ចាប់ដី​ព្រៃរបស់​រដ្ឋ និង​ដីព្រៃ​ក្រុមហ៊ុន​ដាំ​កៅស៊ូ យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​៕ K