Wednesday, August 1, 2012

ករណី​ឆ្លង​វីរុស​Ev-71 ​មាន​ការ​ថយ​ ចុះខណៈ​ដែល​ការ​ព្យាបាល​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​

ករណី​ឆ្លង​វីរុស​Ev-71 ​មាន​ការ​ថយ​ ចុះខណៈ​ដែល​ការ​ព្យាបាល​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​
ក្រុម​មន្រ្តី​ក្រសួង​សុខា​ភិបាល​ បាន​អោយ​ដឹង​ថា ​ ករណី​ឆ្លង​វីរុស​ Entero Virus-71 (Ev-71) ក្នុង​ចំណោម​កុមារ​កម្ពុជា​កាន់​តែ​មាន​ថយ​ចុះ​គួរ​អោយ​កត់​សំគាល់ ​ខណៈ​ដែល​កា​រព្យាបាល​និង​ការ​តាម​ដាន​វីរុស​ប្រភេទ​ថ្មី​នេះ ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​គួរ​កត់​សំគាល់​។
  
លោក​វេជ្ជ​បណ្ឌិត​សុខ ​ទូច ​ប្រធាន​នាយកដ្ឋាន​បង្កា​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខា​ភិបា  ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍​ករណី​ឆ្លង​ វីរុស​ Ev-71 មាន​ការ​ថយ​ចុះ​យ៉ាង​ច្រើន​ ហើយ​ករណី​ស្លាប់​ក៏​មាន​ការ​ថយ​ចុះ​ផង​ដែរ​ ខណៈ​ដែល​ការ​ព្យាបាល​ និង​តាម​ដាន​ជំងឺ​ដែល​បណ្តាល​មក​ពីវីរុស​ប្រភេទ​ថ្មី​នេះ ​កាន់​តែ​មាន​ប្រសិទ្ធ​គួរ​អោយ​កត់​សំគាល់​។

ក្រោយ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ពង​បែក​ដៃ ​ជើង ​និង​មាត់ ដែល​បណ្តាល​មក​ពី ​វីរុស Ev-71 ចាប់​ពី​ខែ​មេសា ​ឆ្នាំ​២០១២​មក ​កុមារ​ការ​កម្ពុជា​ជា​ច្រើន​នាក់​ ត្រូវ​បាន​គេ​វាយ​ការ​ថា ​បាន​ស្លាប់ ​និង​មាន​អាការៈ​ធ្ងន់​ធ្ងរ​បំផុត​។

យ៉ាង​ណោច​ណាស់​កុមារ​កម្ពុ​ជាប្រមាណ​៦០​នាក់​ ក៏​ត្រូវ​បាន​គេ​វាយ​ថា ​បាន​ស្លាប់​ខណៈ ​ដែល​សំណាក​របស់​ពួក​គេ​ មិន​ត្រូវ​បាន​គេ​យក​ទៅ​ពិនិត្យ​ក្នុង​មន្ទីរពិសោធន៍​ឡើយ​ ដោយ​សារ​ពួក​គេ​បាន​ស្លាប់​យ៉ាង​ទាន់​ហន់​។

លោក​វេជ្ជ​បណ្ឌិត​សុខ ​ទូច ​បាន​បញ្ជាក់​ថា ​ដោយ​មាន​ជំនួយ​ផ្នែក​បច្ចេក​ទេស​ពី​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​របស់​ចិន​ អាមេរិក​ និង​អង្គការ​សុខ​ភាព​ពិភព​លោក​ ក្រសួង​បាន​ចាត់​អោយ​ក្រុម​គ្រូ​ពេទ្យ​ដែល​មាន​ជំនាញ​ចុះ​ទៅ​បង្រៀន ​និង​ផ្តល់​ថ្នំា ​ដល់​មន្ទីរ​ពេទ្យ​ខេត្ត​ និង​មន្ទីរ​ពេទ្យ​បង្អែក​តាម​ស្រុក​ ដើម្បី​អោយ​គ្រូពេទ្យ​ទាំង​នោះ​អាច​ព្យាល​ជំងឺ​ដល់​កុមារ​ដែល​ឆ្លង​វីរុស​ Ev-71 បាន​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​។

គួរ​បញ្ជាក់​ថា កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រសួង​សុខា​ភិបាល​កម្ពុជា ​និង​អង្គការ​សុភាព​ពិភព​លោក ​បាន​ព្រមាន​ពី​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ EV-71 ដែល​បាន​ឆ្លង​រីក​រាល​ដាល​ក្នុង​ចំណោម​កុមារ​កម្ពុជា ​ និង​ធ្វើ​អោយ​អ្នក​ជំងឺ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ បន្ទាប់​មក​បាន​សម្លាប់​ពួក​គេ​​។

​វីរុស​ EnteroVirus 71  EV-71 បាន​ឆ្លងរីក​រាល​លើ​កុមារ​ជា​ច្រើន​នៅ​តំបនមអាស៊ី ជា​ពិសេស​ប្រទេស​វៀត​ ណាម ​ចិន ​សឹង្ហ​បុរី​ កូរ៉េ​ខាង​ត្បូង ​និង​ប្រទេស​មួយ​ចំនួន​។ ​វីរុស​ប្រភេទ​នេះ ​បាន​ឆ្លង​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ ។ កុមារ​ទាំងនោះមាន​អាយុ​ចាប់ពី ៣​ខែ ដល់ ១១​ឆ្នាំ​។

បច្ចុប្បន្ន មិន​មាន​ការព្យាបាល​ជាក់​លាក់​ណា​មួយ​សម្រាប់​ជំងឺ​ពងបែក​ដៃជើង និង​ក្នុង​មាត់ ដែល​ជា​ជំងឺឆ្លង​រាតត្បាត​លើ​កុមារ​នោះទេ​។

ជំងឺ​ចម្លែក​នោះ  ឆ្លង​តាមរយៈ​ការប៉ះពាល់​ផ្ទាល់​ទៅ​នឹង​សំ​បោរ កំ​ហាក ទឹក​មាត់ ទឹករងៃ​ចេញពី​ពង​បែក ឬ​លាមក របស់​អ្នកជំងឺ ហើយ​ឆ្លង​ខ្លាំង​បំផុត​ក្នុង​សប្តាហ៍​ទី​១​។

លោក​វេជ្ជ​បណ្ឌិត​សុខ​ ទូច​ បាន​អំពាវនាវ​ឲ្យ​ឪពុក​ម្ដាយ  តាម​ដាន​អាការៈ​កូន​ៗ​របស់​ពួក​គាត់ ​ពេល​មាន​អាការៈ​ក្ដៅ​ខ្លួន​ ក្អួត​ និង​ទន់​ដៃ​ទន់​ជើង ​ដោយ​អោយ​អ្នក​ជំងឺ​ផឹក​ទឹក ​ឬ​វត្ថុ​រាវ​ឲ្យបាន​ច្រើន​និង​ត្រូវ​ជៀស​វាង​ការ​ប្រើ​ថ្នាំ​ស្ដេ​រ៉យ​ ( Steroids )

លទ្ធ​ផល​មន្ទីរ​ពិសោធន៍​ចុង​ក្រោយ​បំផុត​ បាន​រក​ឃើញ​ថា ​មួយ​ភាគ​ធំ​នៃ​សំណាក​ដែល​បាន​ធ្វើ​តេស្ត​មាន​វីរុស​ EV-71 ដែល​បាន​បង្ក​ជា​រោគ​សញ្ញា​ពង​បែក​នៅ​ដៃ ជើង ​និង​នៅ​ក្នុង​មាត់​។ វីរុស EV-71 ត្រូវ​បាន​គេ​ដឹង​ថា ​អាច​បង្ក​ផល​លំបាក​ធ្ងន់​ធ្ងរ​ដល់​អ្នក​ជំងឺ​។
 
ជំងឺ​ពង​បែក​ដៃ​ជើង ​និង​ក្នុង​មាត់​ជា​ញឹក​ញាប់​បង្ក​ឡើង​ដោយ​ វីរុសម្យ៉ាងឈ្មោះ កុក​សាគី  A16 ដែល​បង្ក​អោយ​មាន​ជំងឺ​ស្រាល ​ដោយ​ពុំ​ចាំ​បាច់​ទទួល​ការ​ព្យា​បាល​ ដោយ​បុគ្គលិក​សុខា​ភិបាល​ទេ។​ ប៉ុន្តែ​ជំងឺ​ពង​បែក​ដៃ ​ជើង​ និង​មាត់​អាច​បង្ក​ផង​ដែរ​ ដោយ​វីរុស​ EnteroVirus ក្នុង​នោះ​ក៏​មាន​ វីរុស​ EV-71 ដែល​បង្ក​អោយ​មាន​ផល​លំបាល​ធ្ងន់​ធ្ងរ​ និង​អាច​បង្ក​អោយ​ស្លាប់​៕