Wednesday, August 1, 2012

ថ្នាំ​ព្យាបាល​ការពារ​ជំងឺ EV71 ចំនួន ៨០០ ប្រអប់​តូច ត្រូវបាន​ប្រគល់ជូន​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​

ស្វាយរៀង: អំណោយ​ជា​ថ្នាំពេទ្យ​ប្រភេទ​ប្រឆាំងនឹង​ជំងឺ EV71 ចំនួន ៨០០ ប្រអប់​តូច ដែលជា​អំណោយ​របស់​រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ​អង្គការ​ជា​ដៃគូ ត្រូវបានធ្វើ​ពិធី​ប្រគល់ និង​ទទួល នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង កាលពី​រសៀល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១២  ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហូ វុទ្ធី អគ្គលេខាធិការរង អាជ្ញាធរ​ជាតិ​អាវុធ​គីមី ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​លោកស្នងការ ស្នងការរង​នគរបាល​ខេត្ត លោកនាយ​ករង​មន្ទីរ​សុខាភិបាល​ខេត្ត ព្រមទាំង​លោកគ្រូ​អ្នកគ្រូ​ពេទ្យ​ចំណុះ​ឲ្យ​មន្ទីរ​សុខាភិបាល​ខេត្ត​ជាច្រើនរូប​ទៀត​។​

​លោក​វេជ្ជបណ្ឌិត វន វិ​ន​ណា​រ៉ា នាយរង​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ឱសថ​ដែល​ទទួល​នាពេលនេះ សំរាប់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ទទួលបាន​ឱសថ​ចំនួន ៨០០ ប្រអប់​តូច រួមមាន​៖ ថ្នាំ​បាញ់​ការពារ​មូស​ខាំ (​ទប់ស្កាត់​ការពារ​ជំងឺគ្រុនចាញ់​) និង​ទឹក​ថ្នាំ​លាងដៃ​សំរាប់​មេរោគ​ការពារ​រោគ​ឆ្លង​ជំងឺ​EV71​។ 

​ដោយឡែក​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៣០០​គ្រួសារ​នៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ក៏​នឹង​បើក​ចែកជូន​ផងដែរ គឺ​ប្រភេទ​ថ្នាំ​បាញ់​ការពារ​មូស​ខាំ ទឹក​ថ្នាំ​លាងដៃ សំរាប់​មេរោគ​ការពារ​រោគ​ឆ្លង​ជំងឺ​EV71 និង​ថ្នាំ​រាគ គ្រុនក្តៅ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហូ វុទ្ធី អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​អាវុធ​គីមី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ​អង្គា​ការ​ជា​ដៃគូ ដែល​តែងតែ​យកចិត្តទុកដាក់​ក្នុងការ​ផ្តល់ជំនួយ​សង្គ្រោះ​លើ​គ្រប់​វិស័យ ចំពោះ​ប្រទេស​កម្ពុជា​។​

​លោក​បន្តថា នៅថ្ងៃនេះ យើង​បានទទួល​នូវ​អំណោយ​ជា​ឱសថ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដើម្បី​យកមក​ប្រគល់ជូន​ដល់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​ទុក​សំរាប់​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក​ជាពិសេស​ជំងឺឆ្លង​ប្រភេទ​ថ្មី EV71​។​

​ជំងឺ​ពងបែក​ដៃជើង និង​មាត់ ប្រភេទ​ថ្មី EV71 កើត​ឡើងលើ​កុមារ ដោយ​មកដល់ពេលនេះ នៅ​កម្ពុជា កើតមាន ៧០ ករណី​ហើយ​។ ជំងឺ​ពងបែក​ដៃជើង និង​មាត់ EV71 ជា​ប្រភេទ​ជំងឺឆ្លង​ដ៏​កាច​សាហាវ ហើយ​អាច​សម្លាប់​អ្នកជំងឺ​ក្នុង​រយៈពេល តែមួយ​សប្តាហ៍​ប៉ុណ្ណោះ​៕​