Wednesday, August 1, 2012

ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​១៩​លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​ស្តារ​ឡើង​វិញ​និង​កាត់បន្ថយ​គ្រោះ​មហន្តរាយ​ដោយ​ទឹកជំនន់​



ភ្នំពេញ​ ៖ ​រាជរដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ​១.៥១០ ​លាន​យេន​ ស្មើ​នឹង​ ១៩​ លាន​ដុល្លារ​អាមេរិក​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ​សម្រាប់​គម្រោង​ស្តារ​ឡើង​វិញ ​និង​កាត់បន្ថយ​គ្រោះ​ មហន្តរាយ​ដោយសារ​ទឹកជំនន់ ​ដែល​កិច្ចព្រមព្រៀង​នេះ​បាន​ចុះ​ហត្ថលេខា ​កាលពី​ថ្ងៃ​ទី ​៣០ ​កក្កដា​ ២០១២ ​នៅ​ទីស្តី​ការ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​។​​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក SUZUKI Yasujiro ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​(JICA) ប្រចាំ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ បន្ទាប់ពី​រាជរដ្ឋាភិបាល​ជប៉ុន និង​រាជ​រដ្ឋា​ភិ​- បាល​កម្ពុជា បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​កាលពី​ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១២ នៅ​ទីក្រុង តូ​ក្យូ​នោះ ។​

​ ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន នៅក្នុង​ពិធី​ចុះហត្ថលេខា​នោះបាន​ឲ្យ​ដឹងថា គម្រោង ស្តារឡើងវិញ និង​កាត់បន្ថយ​គ្រោះមហន្តរាយ​ដោយសារ​ទឹកជំនន់​នេះ មាន​គោលបំណង​ស្តារ​ឡើង វិញ​នូវ​ស្ពាន​ចំនួន ៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ១១ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​ផ្លូវ និង​បណ្តាញ លូ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែល​បាន​ខូចខាត​ជា​ទម្ងន់ និង​កំពុង​ទ្រុឌទ្រោម បង្កឡើង ដោយ​ទឹកជំនន់ កាលពី​ឆ្នាំ ២០១១ កន្លងមកនេះ ។

​ ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី គាត ឈន់ ថ្លែងថា ដើម្បី​រួមសុខ​រួមទុក្ខ​ជាមួយ​រាជរដ្ឋាភិបាល និង ប្រជាជន​កម្ពុជា នៅពេល​ដែលមាន​ទឹកជំនន់​ឆ្នាំ ២០១១ កន្លងមក ប្រទេស​ជប៉ុន​បាន​ឆ្លើយ តប​ទៅនឹង​សេចក្តីត្រូវការ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ដោះស្រាយ​ផលប៉ះពាល់​ដោយ​គ្រោះ មហន្តរាយ​បាន​យ៉ាង​ទាន់ពេលវេលា ជាក់ស្តែង​រដ្ឋាភិបាល​ជ​ប៉ុន​បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ជា​គ្រឿងចក្រ និង​សម្ភារៈ សម្រាប់​ការ​ស្តារឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បាន​ខូចខាត​ដោយ សារ​ទឹកជំនន់​ឆ្នាំ ២០១១ ក្នុង​ទឹកប្រាក់​ចំនួន ៧,៥ លាន​ដុល្លារ​អាមេរិក និង​សម្ភា​រៈស​ង្ក្រោះ​បន្ទាន់ មានដូចជា តង់ ភួយ កំរាល​ប្លា​ស្ទិ​ក ដែល​គិត​ជា​ទឹកប្រាក់​ចំនួន ៣៣ ម៉ឺន​ដុល្លារ​អាមេរិក ។ ជាមួយ គ្នា​នោះដែរ ជប៉ុន​ក៏បាន​បញ្ជូន​អ្នកជំនាញ ដើម្បី​មក​ស្វែងយល់​ពី​ផលប៉ះពាល់​ដល់​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​នានា​ផងដែរ ។

​ ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ប្រទេស​ជប៉ុន​គឺជា​ដៃគូ​អភិវឌ្ឍ​ជាប់​ឯក​ត្ត​កម្ម​នាំ មុខ​គេ​ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា ហើយ​បាន​ក្លាយជា​ដៃគូ​ដ៏​ប្រពៃ​មួយ​ដែល បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា ។

​ ​សេចក្តីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​ហិរញ្ញប្បទាន​ខាងលើនេះ នៅពេល​ថ្មីៗ នេះ រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ទឹកប្រាក់​ប្រមាណ ២៨៣ លាន​យេន សម្រាប់​បន្ត​អនុវត្ត​គម្រោង​អាហារូបករណ៍​អភិវឌ្ឍ​ធនធានមនុស្ស ដែល​កិច្ចព្រមព្រៀង​នេះ​បាន ចុះហត្ថលេខា កាលពី​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១២ រវាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​JICA ប្រចាំ​កម្ពុជា ។ គម្រោង​នេះ​បាន​ចូលរួមចំណែក​ដ​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ដែលជា រៀងរាល់​ឆ្នាំមាន​យុវជន​កម្ពុជា​ចំនួន ២៤​នាក់ ត្រូវបាន​បញ្ជូនទៅ​សិក្សា​ស្រាវជ្រាវ​ថ្នាក់អនុបណ្ឌិត​នៅ តាម​បណ្តា​សាកលវិទ្យាល័យ​នានា​នៅ​ប្រទេស​ជប៉ុន​រយៈពេល ២ ឆ្នាំ ។

​ ​ឯកឧត្តម គាត ឈន់ មានប្រសាសន៍ថា សកម្មភាព​ទាំងអស់នេះ​បានបង្ហាញ​យ៉ាងច្បាស់​ថា រដ្ឋាភិបាល​ជប៉ុន​នៅតែ​បន្ត​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ឆ្លើយតប​ទៅនឹង តម្រូវការ​របស់​កម្ពុ​ជា ហើយ​បាន​តម្រង់ទិស​ហិរញ្ញប្បទាន​របស់ខ្លួន​ស្របតាម​របៀបវារៈ​អភិវឌ្ឍ សេដ្ឋកិច្ច និង​សង្គមកិច្ច​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសប់ និង​ប្រកបដោយ ចក្ខុវិស័យ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា ៕