Wednesday, August 1, 2012

លោក​កឹម​សុខា និង​លោកស្រី​មួរ​សុខ​ហួរ ចេញទៅ​អាមេរិក ដើម្បី​ជួយ​លោក​សមរង្ស៊ី​វិល​ចូល​ស្រុក​វិញ​

ភ្នំពេញ: ​ក្រុមមន្ត្រី​នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ បានចេញ​ដំណើរ​ទៅកាន់​ប្រទេស​អាមេរិក​ហើយ កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១២ បំណង​ស្វែងរក​ការជួយ​អន្តរាគមន៍​ពី​អាមេរិក និង​ពី​បណ្តា​ប្រទេស​មួយចំនួនទៀត ដើម្បី​ឲ្យ​លោក សម រង្ស៊ី ដែល​ជាប់​ឈ្មោះ​ជា​ទណ្ឌិត បាន​ឱកាស​វិល​ចូល​ស្រុក​វិញ សម្រាប់​ការចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០១៣​។​

​លោក សម រង្ស៊ី ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ បាន​ថ្លៃ​ង​តាមរយៈ​វីដេអូ​ខន​ហ្វឺ​រិ​ន ពី​កន្លែង​លាក់ខ្លួន​នៅក្រៅ​ប្រទេស កាលពី​ថ្ងៃទី​៣០ ខែកក្កដា មក​ថា គណៈប្រតិភូ​នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដែល​លោក​ដឹកនាំ​នោះ នឹង​ទៅ​ជួប​មន្ត្រី​នៃ​រដ្ឋាភិបាល​អាមេរិក ទៅ​ជួប​បណ្តា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​មួយចំនួនទៀត ព្រមទាំង​ជួប​សហគមន៍​ខ្មែរ​នៅក្រៅ​ប្រទេស​ផងដែរ ដើម្បី​ឲ្យ​មានការ​ដាក់​គំនាប​មកលើ​រដ្ឋាភិបាល​ក្រុងភ្នំពេញ អនុញ្ញាត​ឲ្យ​រូបលោក​មានលទ្ធភាព​វិល​ចូល​ស្រុក​ខ្មែរ​វិញ ដោយ​មិន​ប្រឈម​នឹង​ការចាប់ខ្លួន​ដាក់ពន្ធនាគារ​ព្រៃ​ស​។​

​លោក ទិ​ត សុធា អនុប្រធាន និង​ជា​អ្នកនាំពាក្យ​នៃ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​បញ្ជាក់ថា “​អ្វីដែល​លោក សម រង្ស៊ី អះអាងថា នៅក្នុង​ការដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការកៀងគរ​ពី​បណ្តា​ប្រទេស​ផ្សេងៗ ខ្ញុំ​យល់ថា បណ្តា​ប្រទេស​ទាំងនោះ គ្មាន​ឥទ្ធិពល​ណាមួយ​នៅក្នុង​ការដាក់​ការគាបសង្កត់​មកលើរ​ដ្ឋា​ភិ​បាល ដែល​បាន​គោរព​ត្រឹមត្រូវ​លើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពហុបក្ស និង​បាន​កំពុង​លើកស្ទួយ​នីតិរដ្ឋ តាមរយៈ​ការពង្រឹង និង​អនុវត្ត​ច្បាប់​”​។ 

​លោក​បន្តថា អ្វីដែល​ជាការ​ទាមទារ​របស់​គណបក្សប្រឆាំង ជាពិសេស​បុគ្គល សម រង្ស៊ី នេះ គឺ​ហាក់បីដូចជា​មិនបាន​ដើរ​ស្របទៅតាម​ឆន្ទៈ​ប្រជាពលរដ្ឋ​ទេ ពីព្រោះ​ការធ្វើ​ច្បាប់ ការអនុម័ត​ច្បាប់​ផ្សេងៗ មិនមែន​ធ្វើឡើង​តម្រូវ​ចិត្ត​បុគ្គល​ទេ​។​

​ចំណែកឯ​លោក ជាម យៀប សមាជិកសភា​មណ្ឌល​ព្រៃវែង នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍​បញ្ជាក់ថា “​ខ្ញុំ​សូមជម្រាបថា រឿង​លោក សម រង្ស៊ី ចូល​ស្រុក​វិញ ជា​សិទ្ធិ​របស់គាត់ ហើយ​បើ សម រង្ស៊ី ចិត្តសឿង ស្នេហា​ជាតិ​ពិត ចូលមក អត់​មាន​អ្នកណា​ឃាត់ឃាំង​គាត់​ទេ​ឥឡូវនេះ ប៉ុន្តែ​ចូលមក សម រង្ស៊ី ត្រូវគោរព​អនុវត្តតាម​សាលដីកា​”​។​

​សូមបញ្ជាក់ថា ក្រុមមន្ត្រី​នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដែល​ចេញដំណើរ​ពី​ប្រទេស​កម្ពុជា ទៅ​ស្វែងរក​ការជួយ​អន្តរាគមន៍​ពី​បរទេស ឲ្យ​លោក សម រង្ស៊ី បាន​ចូល​ស្រុក​វិញ​នោះ មាន​លោក កឹម សុខា អនុប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ លោកស្រី មួរ សុខ​ហួរ ប្រធាន​លេខាធិការដ្ឋាន នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ រួមទាំង​មន្ត្រី​មួយចំនួនទៀត​។ ក្រុម​នេះ​ទៅ​ជួប​ជាមួយ លោក សម រង្ស៊ី នៅ​ប្រទេស​អាមេរិក បន្ទាប់មក​នឹង​បន្តដំណើរ​ទៅកាន់​ប​ណា្ត​ប្រទេស​មួយចំនួនទៀត​តាម​គម្រោង​៕ K​