Wednesday, August 1, 2012

កូន​ត្រី​៣​ម៉ឺន​កូន​និង​កូន​បង្កង​២​ម៉ឺន​កូន​ត្រូវ​បាន​ព្រលែង​ក្នុង​ទិវា​មច្ឆា​ជាតិ​អាងទឹក​ត្រពាំងថ្ម ខេត្ត​បន្ទាយ​មាន​ជ័យ​​​

កូន​ត្រី​៣​ម៉ឺន​កូន​និង​កូន​បង្កង​២​ម៉ឺន​កូន​ត្រូវ​បាន​ព្រលែង​ក្នុង​ទិវា​មច្ឆា​ជាតិ​អាងទឹក​ត្រពាំងថ្ម ខេត្ត​បន្ទាយ​មាន​ជ័យ​​​
ក្នុង​ឱកាស​ទិវា​មច្ឆា​ជាតិ​ ក្នុង​អាង​ទឹក​ត្រពាំង​ថ្ម​នៅ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រារព្ធ​ទិវា​មច្ឆា​ ជាតិ ​បាន​នាំ​យក​កូន​ត្រី​ចំនួន​៣​ម៉ឺន​កូន​ កូន​បង្កង​២​ម៉ឺន​កូន ​ដើម្បី​ព្រលែង​នៅ​ក្នុង​អាងទឹក​ត្រពាំងថ្ម ​បង្កើន​ធនធាន​ជលផល​និង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​
  
ក្នុង ​ឱកាស​ទិវា​នេះដែរ​ មានការ​ចូលរួម​ពី​ ​ឯកឧត្តម អ៊ុង អឿន​ អភិបាលខេត្ត​បន្ទាយមានជ័យ ​លោក​ សុក សុភ័ក្ត្រ ​នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល ​ព្រមទាំង​អង្គការ​គាំទ្រ​ និង អាជ្ញាធរ​ស្រុក​ សមត្ថកិច្ច​ជុំវិញ​ខេត្ត​។
 
​លោក ​សុក សុភ័ក្ត្រ​ នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​បាន​លើកឡើងថា​  ការប្រារឰ​ទិវា​មច្ឆា​ជាតិ​គឺ​បង្ហាញអោយឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​ រាជរដ្ឋាភិបាល​ស្ដីពី​វិស័យ​ជលផល​ដើម្បី​បង្កើន​ធនធាន​មច្ឆា​ជាតិ បន្ទាប់ពី​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេ​ជោ​ហ៊ុនសែន បាន​លុប​ឡូ​តិ៍​នេសាទ​និង​បង្កើត​តំបន់​អភិរក្ស​ពូជ​ត្រី ដើម្បី​អោយមាន​កំនើន​ត្រី​នៅ​កម្ពុជា​សំរាប់​អោយ​ប្រជា​នេសាទ​ប្រកប​របរ​តាម ​លក្ខណៈ​គ្រួសារ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​។ ក្នុងនោះ​យើង​ឃើញថា ចាប់តាំងពី​ការ​កាត់​ឡូ​តិ៍​នេសាទ​កំនើន​ត្រី​មានការ​កើនឡើង​។ ជាមួយនិង​ការប្រារឰ​ទិវា​សរ​បញ្ជាក់​អោយ​ពលរដ្ឋ​យល់ដឹង​ក៏​ដូច​អង្គការ​ សង្គម​ស៊ីវិល​ផងដែរ ។​
 
​ឯកឧត្តម ​  ឧបនាយករដ្ឋមន្ត្រី ​យឹម ឆៃលី​ ទទួលបន្ទុក​អភិវឌ្ឍន៍ជនបទ​បាន​អោយដឹង ថាៈ​ការបង្កើត​បរិមាណ​ត្រី​ធម្មជាតិ​តាមរយៈ​ការការពារ​ថែរក្សា​និង​ ការទប់ស្កាត់​បង្ក្រាប់​បទ​ល្មើស​នេសាទ​និង​ការ​ជម្រុញ​ពលរដ្ឋ​យល់ដឹង​ពី​ សារៈសំខាន់​ការចិញ្ចឹម​ត្រី​សហគមន៍​ជា​លក្ខណៈ​គ្រួសារ​និង​អាជីវកម្ម​នៅតាម​ គេហដ្ឋាន​នា​ភូមិ​ឃុំ​និង​តាម​កន្លែងធ្វើការ​ងា​ររ​បស់​អង្គភាព​ស្ថាប័ន​ ស៊ីវិល​និង​កងកម្លាំងប្រដាប់អាវុធ​របស់​រដ្ឋ​គឺ​ពលរដ្ឋ​ចូលរួមចំណែក​ គ្រប់គ្រង​ធនធាន​ជលផល​ភាពសំបូរ​ឡើងវិញ​។​សហគមន៍​នេសាទ​និង​អភិរក្ស​នេសាទ​ យលដឹង​ច្បាស់​ជីវភាព​ធូរធារ​បាន​ផល​ពី​នេសាទ​នេះ ។​
 
​គួរ ​បញ្ជាក់ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​ខេត្តបន្ទាយមានជ័យ​បានប្រារឰ​ទិវា​មច្ឆា​ជាតិ​នៅ​អាងទឹក​ត្រពាំងថ្ម​ ដែលជា​តំបន់​ប្រវត្តិសាស្ត្រ​សម័យ ប៉ុលពត ដែល​ប្រើ​ពលរដ្ឋ​ខ្មែរ​អោយ​ជីក​អាង​នេះ ដែល​បច្ចុប្បន្ន​អាង​នេះ​បាន​ប្រែក្លាយជា​កន្លែង​មច្ឆា​ជាតិ​និង​ជា​ ប្រភពទឹក​ស្រោចស្រព​វិស័យ​កសិកម្ម ។ ឯកឧត្តម​សំនូមពរ​អោយ​ពលរដ្ឋ​កុំ​នេសាទ​ខុសច្បាប់ ៕