Wednesday, August 1, 2012

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ទទូច​ឲ្យ​កាសែត បញ្ឈប់​ការផ្សាយ​ជាបន្ទាន់​នូវ​រូប​ភាពកាចសាហាវ និង​រន្ធត់​

ភ្នំពេញ: រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ក្រើនរំលឹក​ដល់​ចាងហ្វាង​ការផ្សាយ​កាសែត ព្រឹ​ត្ត​ប​ត្រ និង​ទស្សនា​វ​ដ្តី​ទាំងអស់ ឲ្យ​បញ្ឈប់​ការផ្សាយ​ជាបន្ទាន់​នូវ​រូបភាព ដែល​បង្ហាញ​នូវ​អំពើហិង្សា​កាច​សាហាវ រូបភាព​គ្រោះថ្នាក់​ចរាច​រណ៍ ដែល​គួរ​ឲ្យ​រន្ធត់ និង​រូបភាព​ឧក្រិដ្ឋ ដោយ​មិនបាន​បិទបាំង នូវ​អត្តសញ្ញាណ និង​មុខមាត់​ជនរងគ្រោះ​។​

​លិខិត​ក្រើនរំលឹក​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បានធ្វើ​ឡើង កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១២ និង​ត្រូវបាន​ផ្សព្វផ្សាយ​ដល់​អ្នកកាសែត កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១២​។ 

​ក្នុង​លិខិត លោក ខៀវ កាញារីទ្ធ បាន​លើកឡើងថា ក្រសួង​ព័ត៌មាន ឃើញ​មាន​អង្គភាព​សារព័ត៌មាន​មួយចំនួនធំ បាន​ខិតខំ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​សេចក្តីណែនាំ​របស់​ក្រសួង ប៉ុន្តែ​នៅមាន​អង្គភាព​សារព័ត៌មាន​មួយចំនួន​តូច មិនបាន​យកចិត្តទុកដាក់​ទទួល​ខុសត្រូវ ឲ្យ​បាន​ខ្ពស់​នៅតែ​ធ្វើការ​ផ្សព្វផ្សាយ ឬ​បង្ហោះ​តាម​គេហទំព័រ​នូវ​រូបភាព​ទាំងនោះ ដែល​មើលទៅ​គួរ​ឲ្យ​រន្ធត់​ភ័យខ្លាច​ប្រទេស​ខ្មែរ ហើយ​ដែល​ទង្វើ​បែបនេះ វា​ប្រាសចាក​ក្រមសីលធម៌ វិជ្ជាជីវៈ និង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន មិន​តែ​ប៉​ណ្ណោះ​បានធ្វើ​ឲ្យ​ប៉ះទង្គិច​ផ្លូវចិត្ត​គ្រួសារ​ជនរងគ្រោះ ដែល​នាំ​ឲ្យ​មាន​ការតវ៉ា​មក​ក្រសួង​ព័ត៌មាន​អំពី​បញ្ហា​នេះ​។​

​ក្រសួង​ព័ត៌មាន សូម​ធ្វើការ​ក្រើនរំលឹក​ជាថ្មី​ម្តងទៀត ដល់​គ្រប់​អង្គភាព​សារព័ត៌មាន​បោះពុម្ពផ្សាយ និង​គេហទំព័រ​ទាំងអស់​ថា ចាប់ពីពេលនេះ​តទៅ​រាល់​ការផ្សព្វផ្សាយ​អំពី​រូបភាព បង្ហាញ​នូវ​អំពើហិង្សា​កាច​សាហាវ រូបភាព​គ្រោះថ្នាក់​ចរាច​រណ៍ ដែល​គួរ​ឲ្យ​រន្ធត់ និង​រូបភាព​ឧក្រិដ្ឋ ដោយ​មិនបាន​បិទបាំង​នូវ​អត្តសញ្ញាណ​មុខមាត់​ជនរងគ្រោះ ត្រូវតែ​បញ្ឈប់​នូវ​ការដាក់​រូបភាព​ទាំងនោះ នៅលើ​ទំព័រសារព័ត៌មាន និង​គេហទំព័រ​របស់ខ្លួន​។​

​លោក ខៀវ កាញារីទ្ធ បាន​គូសបញ្ជាក់ថា លោក​មានការ​សោកស្តាយ ដែល​អ្នកកាសែត​របស់​យើង​ចំពោះ​ការផ្សាយ​រូប​ភាពកាចសាហាវ​រន្ធ​ត់ ដោយ​មិនមាន​ការបិទបាំង​។ អ្នកកាសែត​បានដឹង​ហើយ អំពី​វិជ្ជាជីវៈ និង​ក្រមសីលធម៌​អ្នកសារព័ត៌មាន​។ ប៉ុន្តែ​លោក​គិតថា អ្នក​ដែល​ចុះផ្សាយ​រូបភាព​បែបនេះ ប្រហែលជា គាត់​មិនដែល​បាន​រៀន ឬក៏​ធ្វើជា​មិនដឹង មិនឮ​ចំពោះ​បញ្ហា​នេះ​។ នេះ​ក៏​ជា​កំហុស​មួយ ដែល​នគរបាល​របស់​យើង បាន​បញ្ជូន​រូបភាព​ទៅ​ឲ្យ​អ្នកកាសែត ដើម្បី​ចុះផ្សាយ​។ សំខាន់ គឺ​មិនត្រូវ​បញ្ជូន​រូប​ឲ្យ​ទេ​។ 

​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​កត់សម្គាល់ថា "​នេះ​ក៏​ជា​បញ្ហា​មួយ ដែល​ទាក់ទង​ទៅនឹង​ក្រមសីលធម៌​ធំ​ណាស់ វា​ហាក់បីដូចជា​អ្នកកាសែត​ខ្មែរ​យើង មិនបាន​ស្គាល់​តម្លៃ​អំពី​មនុស្សធម៌ មិនបាន​ស្គាល់​អ្វី​ជា​ភាពថ្លៃថ្នូរ និង​មិនបាន​ស្គាល់​ពី​វី​ជ្ជា​ជីវៈ​របស់ខ្លួន​។ ដូច្នេះ​សូម​ឲ្យ​សមាគម​អ្នកសារព័ត៌មាន​ទាំងអស់ ពិចារណា​ឡើងវិញ ហើយ​ក្រុមប្រឹក្សាវិន័យ ត្រូវ​គិត​អំពី​បញ្ហា​នេះ​"​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១២ ក្រសួង​ព័ត៌មាន បានចេញ​លិខិត​ណែនាំ​ម្តង​រួចហើយ ទៅដល់​បណ្តា​អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ឲ្យ​បញ្ឈប់​ការផ្សព្វផ្សាយ​រូបភាព​គ្រោះថ្នាក់​ច​រា​រណ៍ ដែល​គួរ​ឲ្យ​រន្ធត់ និង​រូបភាព​ឧក្រិដ្ឋ នៃ​អំពើហិង្សា​ល​លើ​ស្ត្រី និង​កុមារ ដោយ​មិនបាន​ប​បិទបាំង​នូវ​អត្តសញ្ញាណ​មុខមាត់​របស់​ជនរងគ្រោះ​។ ប៉ុន្តែ​មកដល់ពេលនេះ នៅតែមាន​អង្គភាព​សារព័ត៌មាន​មួយចំនួន នៅ​បន្ត​ការបោះពុម្ពផ្សាយ​ដដែល​។ នេះ​បើតាម​ការកត់សម្គាល់រ​បស់​ក្រសួង​ព័ត៌មាន​៕​