Wednesday, August 1, 2012

ស្រះ​ទឹក អំណោយ​សម្ដេច​តេ​ជោ និង​លោកជំទាវ តាមរយៈ​ក្រុមយុវជន ជូន​ដល់​ប្រជាជន​ភូមិ​គោក​តា​មោក​

ឧត្ដរ​មាន​ជ័​យ: ស្រះ​ទឹក​មួយកន្លែង ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​លោកជំទាវ​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្ដល់​ជូន​ប្រជាពលរដ្ឋ​ភូមិ​គោក​តា​មោក ឃុំ​លំ​ទង ស្រុក​ត្រញំង​ប្រាសាទ ខេត្ដ​ឧត្ដរមានជ័យ តាមរយៈ​ក្រុមយុវជន​ស្ម័គ្រចិត្ដ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​កសាង​រួចរាល់​ជា​ស្ថាពរ​ហើយ​។ នេះ​គឺ​តាម​ការបញ្ជាក់​ឱ្យដឹងពី​លោក ខេង សុមេធ អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​របស់​ក្រុម​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ខេត្ដ​ឧត្ដរមានជ័យ កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១២​។ 
​    ​
​លោក ខេង សុមេធ តំណាងឱ្យ​លោក គន់ គីម សមាជិក​អចិន្ដ្រៃយ៍​គណកម្មាធិការ​កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ខេត្ដ​ឧត្ដរមានជ័យ នា​ថ្ងៃទី​៣១​កក្កដា បាន​ចុះទៅពិនិត្យ​ដល់ទី​តាំង​ស្រះ​ខាងលើ ដោយ​លោក​គូសបញ្ជាក់ថា ស្រះ​នេះ បាន​កសាង​រួចរាល់​ជា​ស្ថាពរ កាលពី​ថ្ងៃទី​៣០ ខែកក្កដា​កន្លងទៅនេះ​។ 
​    ​
​លោក ខេង សុមេធ បាន​មានប្រសាសន៍​ឱ្យដឹងថា ស្រះ​ទឹក​ខាងលើ ត្រូវបាន​កសាងឡើង​ដោយ​កងវិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១២ កន្លងទៅ ដោយមាន​ទំហំ ៤០ ម៉ែត្រ គុណ ៥០ ម៉ែត្រ និង​មាន​ជំរៅ ៤ ម៉ែត្រ​។ ស្រះ​ទឹក​ខាងលើ បាន​ជីក​យ៉ាង​ស្អាត និង​មាន​មាត់​ស្រះ លើកកម្ពស់​យ៉ាង​មាន​របៀបរៀបរយ​ថែម​ទៀតផង​។ 
​    ​
​លោក ខេង សុមេធ រំលឹកថា ស្រះ​ទឹក​នេះ​ត្រូវបាន​សម្ដេច​តេ​ជោ ហ៊ុន សែន ផ្ដល់ជូន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​គោក​តា​មោក ឃុំ​លំ​ទង ស្រុក​អន្លង់វែង តាមរយៈ​ក្រុមយុវជន​ស្ម័គ្រចិត្ដ​សម្ដេច​តេ​ជោ ដែល​កំពុង​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ នៅ​ចំណុច​ខាងលើ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ រួមទាំង​មាន​ផ្លូវ ២៥ គីឡូម៉ែត្រ និង​អាគារ​សិក្សា​ចំនួន ៤​ខ្នង​ថែមទៀត​។ 
​    ​
​លោក​បាន​និយាយថា ស្រះ​ទឹក​ដែល​ជីក​រួច​នោះ នឹងត្រូវ​បង្ហូរ​ទឹកភ្លៀង ចូល​ចាប់ពីពេលនេះ​តទៅ ដើម្បីឱ្យ​ប្រជាពលរដ្ឋ បាន​ប្រើប្រាស់​ទឹក​នៅ​រដូវវស្សា​នេះ​តទៅ ព្រោះថា​នៅ​ភូមិ​របស់គាត់​មុននេះ មិនមាន​ស្រះ​ទឹក​សំរាប់​ប្រើប្រាស់​ឡើយ​។ ការប្រើប្រាស់​ទឹក​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ នាពេល​កន្លងមក គឺ​អាស្រ័យ​ដោយ​ការដើរ​ដងរែក ពី​តាម​ជ្រលង​ដងអូរ​តែប៉ុណ្ណោះ​។ 
​    ​
​លោក សុមេធ បាន​និយាយថា ចាប់ពីពេលនេះ​តទៅ ប្រជាពលរដ្ឋនៅក្នុង​ភូមិ នឹង​លែង​ចោទ​ជា​បញ្ហា​ខ្វះខាត​ទឹក ប្រើប្រាស់​តទៅទៀត​ហើយ​។ ស្រះ​ទឹក​ដ៏​ធំ​មួយ​នេះ ប្រជាជន​ក្នុងភូមិ​គោក​តា​មោក មិនអាច​ប្រើប្រាស់​អស់​ឡើយ ព្រោះថា​ស្រះ​ទឹក​នេះ វា​ផ្ដល់ឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល និង​លែង​ពិបាកទៅ​ដើរ​រែកពន់​ទឹក​នៅ​តំបន់​ផ្សេងៗ មកប្រើប្រាស់​ទៀតឡើយ​។ 
​    ​
​លោក​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល ចុះជួយ​ខេត្ដ​ឧត្ដរមានជ័យ បាន​និយាយ​ឱ្យដឹងទៀតថា ទំនប់​ព័ទ្ធជុំវិញ ស្រះ​ដែល​លើកកម្ពស់​យ៉ាង​ល្អ​នោះ លោក​ក៏​ស្នើឱ្យ​ប្រជាជន​រៀបចំ​ដាំ​ស្មៅ និង​ដាំ​ដើមឈើ នៅ​ជុំវិញ​ស្រះ ដើម្បី​ធ្វើឱ្យ​សោភណភាព​ពណ៌​បៃតង និង​ទទួលបាន​នូវ​បរិស្ថាន​ល្អ​តទៅ​ថ្ងៃ​អនាគត​៕