Wednesday, August 1, 2012

សមត្ថកិច្ច​ចាប់ចោរ​ប្លន់​ប្រដាប់អាវុធ ៦​នាក់ ដែលជា​ក្រុម​អ្នក​សេព​គ្រឿងញៀន​

ភ្នំពេញ: សមត្ថកិច្ច​ខណ្ឌដង្កោ បាន​ចុះទៅ​ចាប់ខ្លួន​ជនសង្ស័យ​ប្រដាប់​ដោយ​អាវុធខ្លី​ម៉ាក​កា ៥៤ និង​អាកា ៤៧ ចំនួន ៥ នាក់ ព្រមទាំង​ស្ត្រី​ម្នាក់ បន្ទាប់ពី​ក្រុម​ជនសង្ស័យ​ទាំង ៦ នាក់​នោះ បាន​ជួល​ម៉ូតូឌុប​ម្នាក់ ពី​ស្រុក​អង្គស្នួល មក​ជើងឯក ហើយ​ល្បួង​យុវជន​ម្ចាស់​ម៉ូតូ ឲ្យ​ប្រើប្រាស់​ថ្នាំញៀន រួច​ភ្ជង់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​។ តែដោយសារ​ជនរងគ្រោះ ស្រែក​ឆោឡោឡើង ទើប​ផ្អើល​ដល់​អ្នកជិតខាង ហើយ​ប៉ូលិស​ចុះ ទៅ​ចាប់ខ្លួន​ក្រុមចោរប្លន់ បាន​ភ្លាមៗ​។​
     ​
​ហេតុការណ៍​ប្លន់​ខាងលើ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៥ និង ១០ នាទី រសៀល ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១២ នៅ​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ 

​ជនរងគ្រោះ មានឈ្មោះ វុន ថា​ន់​ណូ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BA-5306​។​

​ជនរងគ្រោះ បាន​និយាយថា រូបគេ​បាន​ដឹក​បក្ខ​ពួកចោរ ពី​ស្រុក​អង្គស្នួល​មក​ភូមិ​កើតហេតុ​ខាងលើ ពេល​ដល់​ក្រុមចោរ បាន​ចូល​ផ្ទះ​បក្ខ​ពួកគេ នៅ​ជើងឯក​នេះ ហើយ​បាន​ល្បួង​រូបគេ ឲ្យ​មក​ផឹកស៊ី​។ នៅពេល​កំពុង​ផឹកស៊ី ជនល្មើស​បង្ខំ​ឲ្យ​ប្រើប្រាស់​ថ្នាំញៀន និង​បាន​ភ្ជង់​គំរាម ក្នុង​បំណង​ប្លន់​ម៉ូតូ​ជនរងគ្រោះ តែដោយសារ​ជនរងគ្រោះ មិន​ព្រម​ធ្វើតាម ក៏​ស្រែក​ឆោឡោឡើង ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង ទើប​សមត្ថកិច្ច​ចុះទៅ​ឃាត់ខ្លួន​បាន​ក្រុមចោរ​ទាំងអស់​តែម្តង​។​

​ជនសង្ស័យ ដែល​ចាប់ខ្លួន​នោះ មាន​ទី​១. ឈ្មោះ យ៉ាន ដា​រាំង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ទី​២. ឈ្មោះ សុខ ដា​និ​ត ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​។ ទាំង ២​នាក់ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ ទី​៣. ឈ្មោះ ឡេង ចាន់ថន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ទី​៤. ឈ្មោះ ធា សុខ​ណាក់ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង ទី​៥ . ឈ្មោះ សុខ កុយ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ចំណែក​ស្ត្រី​ម្នាក់ទៀត នៅ​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​។ 

​ប៉ូលិស បាន​ដកហូត​កាំភ្លើង​អាកា ៤៧ មួយ​ដើម និង​កាំភ្លើង​ខ្លីម៉ាក​កា​៥៤ មួយ​ដើម​៕​