Wednesday, August 1, 2012

មន្ត្រីជាន់ខ្ពស់​គណបក្ស​សមរង្ស៊ី អះអាងថា ទូត​អាមេរិក​ឈឺឆ្អាល​ក្នុង​រឿង​លោក សមរង្ស៊ី​

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ចំនួន ៥ នាក់ បាន​ជួបពិភាក្សា​ការងារ​ដោយផ្ទាល់​ជាមួយ​លោក Willaim E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា នៅផ្ទះ​របស់លោក​ឯកអគ្គ​រដ្ឋទូត ខាងជើង​វិមានឯករាជ្យ កាលពី​វេលា​ម៉ោង​ប្រមាណ​ជា ១២ ថ្ងៃត្រង់ ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១២ ដោយបាន​ផ្តោតទៅលើ​ស្ថានការណ៍​នយោបាយ នៅក្នុង​ប្រទេស​កម្ពុជា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ ជាពិសេស​បញ្ហា​លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី ដែល​កំពុងតែ​និរទេស​ខ្លួន នៅក្រៅ​ប្រទេស ដើម្បី​ធ្វើយ៉ាងណា បាន​វិល​មក​កម្ពុជា​វិញ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ម រង្ស៊ី កាលពី​រសៀល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១២​។ 

​ជំនួប​រវាង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ជាមួយនឹង​ឯកអគ្គរដ្ឋទូត​អាមេរិក គឺមាន​រយៈពេល​ប្រមាណ​ជា ២ ម៉ោង ចាប់ពី​ម៉ោងជាង ១២ ថ្ងៃត្រង់​។​

​មន្ត្រីជាន់ខ្ពស់​បាន​ឲ្យ​ដឹងថា មន្ត្រីជាន់ខ្ពស់​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស សរុប​ចំនួន ៥​នាក់ ដែល​បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា មានដូចជា ១-​លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​, ២-​លោកស្រី មូរ សុខ​ហួរ អគ្គលេខាធិការរង និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត​, ៣-​លោក គឹម សួរ​ភិ​រិ​ទ្ធ អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម (​ខាង​គណបក្ស​សម រង្ស៊ី​), ៤-​លោក អ៊ូ ច័ន្ទ​ឫទ្ធិ អ្នកតំណាងរាស្ត្រ​មណ្ឌលកណ្តាល​, ៥-​លោក ប៉ុល ហំ​ម អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស (​ខាង​គណបក្ស​សិទ្ធិមនុស្ស​)​។​

​អ្នកនាំពាក្យ​គណបក្ស​សម រង្ស៊ី លោក យឹម សុវណ្ណ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នោះ ខាង​គណបក្ស សម រង្ស៊ី បាន​ជម្រាបជូន​លោក Willaim E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា អំពី​ដំណោះស្រាយ ដែល​អាច​ឈានទៅរក​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​។ នៅក្នុង​នោះ លោក​ក៏បាន​ជម្រាបជូន​អំពី​លក្ខខណ្ឌ ដែល​នាំ​ឲ្យ​សេរីភាព និង​យុត្តិធម៌ គឺមាន​វត្តមាន​លោក​ប្រធាន សម រង្ស៊ី នៅក្នុង​ការបោះឆ្នោត ហើយ​និង​ការកែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​។​

​ចំពោះ​បញ្ហា​ដែល​គណបក្ស​សម រង្ស៊ី ស្វែងរក​អន្តរាគមន៍​ពី​អន្តរជាតិ ដើម្បី​ឲ្យ​លោក​សមរង្ស៊ី ប្រធាន​គណបក្សប្រឆាំង បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ត្រូវបាន​អ្នកនាំពាក្យ​គណបក្ស សម រង្ស៊ី លើកឡើងថា បញ្ហា​នេះ ក៏បាន​ជម្រាប​ប្រាប់​អស់ហើយ ទៅ​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា ដែលជា​ឯកអគ្គរដ្ឋទូត នៃ​ប្រទេស​មហាអំណាច និង​ជា​និម្មិត​រូប​នៃ​លទ្ធិប្រជាធិបតេយ្យ​។​

​ជាការ​ឆ្លើយតប​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ត្រូវបាន​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សម រង្ស៊ី បាន​បញ្ជាក់ថា “​គាត់​ថា គាត់​មក​ទីនេះ ធ្វើការ គឺ​ជំរុញ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​។ ជាពិសេស​កាតព្វកិច្ចរ​បស់​អន្តរជាតិ ត្រូវតែមាន​ដំណោះស្រាយ​ចំពោះ​លោក​សមរង្ស៊ី​”​។​

​ចំណែក​លោក ប៉ុល ហំ​ម អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស បាន​មានប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា នៅក្នុង​ជំនួប​នោះ ខាង​គណបក្ស​សិទ្ធិមនុស្ស ក៏បាន​លើកឡើង​អំពី​ការដែល​គណបក្ស​សមរ​ង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បង្កើត​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដើម្បី​បង្កើត​គណបក្សនយោបាយ​ថ្មី​មួយ​។ គណបក្ស​ថ្មី​នោះ នៅ​មិនទាន់​មានឈ្មោះ​នៅឡើយ​ទេ​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​មាន​ប្រស​សន៍​ថា លោក​សម រង្ស៊ី ត្រូវបាន​តុលាការ​ចេញ​ដីកាចាប់ខ្លួន យកមក​ផ្តន្ទាទោស តាម​សាលក្រម​របស់​តុលាការ​រួចទៅហើយ​។ 
​ចំពោះ​ការគាបសង្កត់​ពី​បរទេស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ជឿថា ប្រទេស​នីមួយៗ គេ​ដឹង​ណាស់​ថា កម្ពុជា​ជា​ប្រទេស​អធិបតេយ្យភាព ដូចជា​ប្រទេស​ដទៃទៀត​ដែរ​។ ដូច្នេះ​អ្វី​ជាការ​ខិតខំ​ប្រឹងប្រែង ឬ​ការគាបសង្កត់​នោះ មិនអាច​ទៅរួច​បានទេ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ខៀវ សុភ័គ បាន​បញ្ជាក់ថា “​យើង​អត់​មាន​ហាមឃាត់​លោក​សម រង្ស៊ី មិន​ឲ្យ​ចូលមក​នោះទេ​។ យើង​អត់​មាន​ហាមឃាត់​ទេ​។ ជា​សិទ្ធិសេរីភាព​របស់គាត់ គឺ​ខ្លួន​គាត់​ទេតើ ដែល​គាត់​រត់​ចេញពី​ប្រទេស ហើយ​ឲ្យ​គេ​គាបសង្កត់​ឲ្យ​គាត់​វិញ អាហ្នឹង​ជា​រឿង​គាត់ ចង់​មក មក​ទៅ​។ ប៉ុន្តែ​ច្បាប់ នៅតែ​ច្បាប់​អីចឹង​”​។​

​រីឯ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​លោក អ៊ឹម សួស្តី បាន​មានប្រសាសន៍ថា ការទាមទារ​ឲ្យ​មានការ​ទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ពី​សំណាក់​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស គឺជា​រឿង​ដដែលៗ លោក​មិនមាន​ការចាប់អារម្មណ៍​ទេ​។ 

​លោក អ៊ឹម​សួស្តី បាន​បន្ថែមថា "​យើង​បាន​ខិតខំ​ធ្វើ​ណាស់​ទៅតាម​ច្បាប់​។ សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ លោក​សម រង្ស៊ី ជា​ទណ្ឌិត គឺ​មិនអាច​ឈរឈ្មោះ​បានទេ​។ ចំពោះ​ការស្វែងរក​ការដាក់​គំនាប​ពី​អន្តរជាតិ ដើម្បី​ឲ្យ​មាន​ការកែ​សមាភាព​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នោះ វា​មិនមែនជា​លើក​ទី​១ ហើយ​ថ្មី​នោះទេ ដោយ​កន្លងមក គេ​រក​គំនាប​គ្រប់កន្លែង​ធ្វើយ៉ាងណា​ឲ្យ​ប្តូរ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​"​។​

​សូមជម្រាបថា ប្រធាន​គណបក្សប្រឆាំង គឺ​លោក​កឹម សុខា និង​លោក សមរង្ស៊ី បានធ្វើ​យុទ្ធនាការ​នៅក្រៅ​ប្រទេស ដូចជា ធ្វើដំណើរ​រួមគ្នា​ទៅកាន់​សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ សភាព​អឺរ៉ុប កាណាដា អូស្ត្រាលី ជប៉ុន និង​ប្រទេស ដែលមាន​ឥទ្ធិពល ដើម្បី​ស្វែងរក​អន្តរាគមន៍ ដាក់​ការគាបសង្កត់ មកលើ​រដ្ឋាភិបាល​កម្ពុ​ជា ឲ្យ​មានការ​ផ្លាស់ប្តូ​រស​សមា​ភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ការវិលត្រឡប់​របស់លោក​សម រង្ស៊ី មក​កម្ពុជា នៅមុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ នាពេលខាងមុខ​៕​