Wednesday, August 1, 2012

សន្និ​បាត​​បូក​សរុប​ការ​​ងារ​ក្រុម​ប្រឹក្សា​គណៈ​គ្រូ​ពេទ្យ​ខេត្ត​ក្រចេះ​ ពង្រឹង​វិជ្ជា​ជីវៈ​ក្រម​សីល​ធម៌​គ្រូពេទ្យ​

ខេត្ត​ក្រចេះ ៖ ​ក្រុម​ប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្ត ​បើក​សន្និ​បាត​បូក​សរុប​ការ​​ងារ​​អាណត្តិ​​​២​ឆ្នាំ លើក​ទី​១ នៃ​អាណត្តិ​៦​ឆ្នាំ លើក​ទី​២ ​កាល​ពី​ព្រឹក​ថ្ងៃទី​៣១ កក្កដា ២០១២ ​នៅ​សាល​ប្រជុំ​មន្ទីរ​​​សុខា​ភិបាល​ខេត្ត​ក្រោម​អធិបតី​ភាព​លោក​សាស្ត្រា​​ចារ្យ​​វេជ្ជ​បណ្ឌិត​ ធា គ្រុយ ​រដ្ឋ​លេខា​ធិការ​​ក្រសួង​សុខា​ភិបាល​​ជា​ប្រធាន​ក្រុម​ប្រឹក្សា​​គណៈ​គ្រូ​ពេទ្យ​ជាតិ​កម្ពុជា​ និង​លោក​សរ ចំរុង ​អភិ​បាល​ខេត្ត​ក្រចេះ ។
​មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​អង្គ​សន្និ​បាត​បូក​សរុប​ការ​ងារ​ក្រុម​ប្រឹក្សា​​គណៈ​គ្រូ​​ពេទ្យ​​ខេត្ត​នា​ព្រឹក​​នោះ លោក​សាស្ត្រា​ចារ្យ​វេជ្ជ​​បណ្ឌិត ធា គ្រុយ ​ឱ្យ​ដឹង​ថា ​​ការ​បង្កើត​​ក្រុម​ប្រឹក្សា​គណៈ​គ្រូ​ពេទ្យ​​នេះ​ឡើង​​ក្នុងគោល​បំណង​ប្រមូល​ផ្តុំ​​គ្រូ​ពេទ្យ​ទាំង​អស់​ដែល​មាន​នីតិ​សម្បទា​គ្រប់​​គ្រាន់​​អាច​​ប្រកប​វិជ្ជា​ជីវៈ​វេជ្ជ​សាស្ត្រ​នៅ​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ជា​ពិសេស​ដើម្បី​ឃ្លាំ​មើល​​ការប្រព្រឹត្ត​​ទៅ​នៃ​បណ្តា​គោល​ការណ៍​​សីល​ធម៌​នានា ​​ក្នុង​ការប្រកប​​វិជ្ជា​ជីវៈ​វេជ្ជ​សាស្ត្រ​​ឱ្យ​មាន​ប្រសិទ្ធ​ភាព និង​និរន្តរ​ភាព​​ ។ ដោយ​លោក​បាន​លើក​​ឡើង​ទៀត​ថា ​គណៈ​​គ្រូ​ពេទ្យ​​ខេត្ត​នៅ​មាន​កម្រិត​មិន​​ទាន់​រឹង​មាំ​នៅ​ឡើយ​ទេ ​ទាំង​សមត្ថ​​ភាព​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ និង​សេវា​​កម្ម​ពិនិត្យ​ និង​ព្យា​បាល​​ជំងឺ​ជូន​ប្រជា​ពល​រដ្ឋ​​ ដូច្នេះ​​ត្រូវ​ខិត​ខំ​ពង្រឹង​សមត្ថ​ភាព​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​បំពេញ​​បេសក​កម្ម​ជូន​ជាតិ​លើ​វិស័យ​សុខា​ភិបាល ។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕