Wednesday, August 1, 2012

ក្រសួង​ធន​ធាន​ទឹក​ឆ្លើយតប​និង​ក្រសួង​កសិកម្ម​អំពី​បញ្ហា​ជីក​ប្រឡាយ​២​គីឡូ​ម៉ែត្រ​

ភ្នំពេញ​ ៖ ​ក្រសួង​ធន​ធាន​ទឹក​និង​ក្រសួង​កសិកម្ម​បាន​ធ្វើ​លិខិត​ឆ្លើយតប​ទៅ​វិញ​ទៅ​មក​ដាក់គ្នា​ចំពោះ​ការ​អនុវត្តន៍​លើ​សកម្មភាព​ដាក់​គ្រឿងចក្រ​ជីក​ប្រឡាយ​ប្រវែង​២​គីឡូម៉ែត្រ​នៅ​ភូមិ​កាច់​រទេះ​ឃុំ​កំពង់​ព្រៀង​ ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង ​ដោយ​ក្រសួងកសិកម្ម​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ស្ដីពី​សកម្មភាព​នៃ​ការ​ផ្អាក​ដំណើរ​ការ​ជីក​ប្រឡាយ​ ប៉ុន្តែ​ក្រសួង​ធន​ធាន​ទឹក​ក៏បាន​ធ្វើ​លិ​ខិត​ឆ្លើយតប​ភ្លាម​ៗ​ផង​ដែរ​អំពី​មូលហេតុ​ការ​ជីក​ប្រឡាយ​ដើម្បី​បំរើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​។​
លោក ​លឹម គានហោ ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ផ្ញើលិខិត​មួយច្បាប់​ចុះ​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១២​ទៅ​លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ដើម្បី​បញ្ជាក់​ពី​សកម្មភាព​នៃ​ការជីក​ប្រឡាយ​នោះ​ថា ១-​ការផ្អាក​សកម្មភាព​គ្រឿងចក្រ​ទាំងនេះ​បានធ្វើ​ឡើង​តាំងពី​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១២​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​មកម្ល៉េះ​។
២-​រឿងនេះ​មិនមែនជា​រឿង​អី្វ​ដែលមាន​លក្ខណៈ​ធំដុំ​ទាល់តែសោះ​។ ឯកឧត្ដម​រដ្ឋមន្ត្រី​អាច​ទូរស័ព្ទ​សួរនាំ​បាន បើ​ឯកឧត្ដម​មាន​ស្មារតី​សហការ​រួម​ក្នុងនាម​សមាជិក​រាជរដ្ឋាភិបាល​ដូចគ្នា ហើយ​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែមួយ​នោះ​។
៣-​អ្វីដែល​ជាការ​អនុវត្ត​ន៍​របស់​មន្ទីរ​ក្រោម​ឱវាទ គឺ​យោង​លើ​សំណើរ​របស់​ប្រជាពលរដ្ឋ ដោយមាន​ការឯកភាព​ពី​គ្រប់លំដាប់​ថ្នាក់ នៃ​មូលដ្ឋាន​ទើប​ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម ​សំរេច​ធ្វើការ​ស្ដារ​ប្រឡាយ​ដើម្បី​បំរើ​ផលប្រយោជន៍​ប្រជាជន​នៅ​ទីនោះ​។ ប្រឡាយ​ដែល​ស្នើសុំ​និង​បានធ្វើ​កន្លងមកនេះ គឺ​ស្ថិតនៅក្នុង​គំរោង​អភិវឌ្ឍ​ន៍ក​ង្ហ​ត ជំហាន​២ របស់​រាជរដ្ឋាភិបាល​ដែល​បានសំរេច​កន្លងមក ហើយ​ជំហាន​២​នៃ​គំរោង​នេះ​នឹង​ឈានទៅដល់​ចំណុច​គោលដៅ​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​។ តែដោយសារ​គណៈ​ពង្រឹង​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ទទូច​ចង់បាន​ដោយ​សុខចិត្ត​ម្ចាស់ការ​ដោះស្រាយ​ប្រេង​ទើប​មន្ទីរ​បាន​បញ្ជូន​គ្រឿងចក្រ​យកទៅជួយ​ព្រោះ​ការងារ​នេះ​វា​ធ្វើអោយ​ចំណេញ​ដល់​ផែនការ​អនុត្តរភាព​ធារាសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ថែមទៀត​។​
ការប្រែប្រួល​យ៉ាងណា​នោះ​គឺ​អាស្រ័យ​លើ​បច្ចេកទេស​ជាក់ស្ដែង ឬមួយ​លោក​រដ្ឋមន្ត្រី​យល់ឃើញថា​អោយតែ​ប្រឡាយ​ចាស់​ដែល​ធ្វើ​កន្លងមក​សុទ្ធតែ​ត្រឹមត្រូវ​ទាំងអស់​។​
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ថ្លែង​ទៀតថា​អ្វីដែល​មន្ត្រីក្រោមឱវាទរ​បស់​ឯកឧត្ដម​បានធ្វើ​សកម្មភាព​កន្លង​មកវា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​មិនអាច​អធ្យាស្រ័យ​បាន​ព្រោះថា បើ​ពិនិត្យ​លើ​លិខិត​បេសកកម្ម​ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី​គឺ​ចុះ​ពិនិត្យ​បទល្មើស​ជលផល តែ​ធាតុពិត​បែរ​ទៅជា​ធ្វើ​ការខុស​ទិសដៅ​ទៅវិញ​។​ត្រង់នេះ​ស​បញ្ជាក់​អោយឃើញថា​ពួកគេ​ឥត​បាន​គោរព​នូវ​បទបញ្ជា​របស់​ឯកឧត្ដម​នោះទេ នោះ​មិនចាំបាច់​និយាយ​ដល់​រូបខ្ញុំ​ដែលជា​ប្រធាន​ស្ថាប័ន​ផ្សេង​ទៀតផង ឬមួយ​លិខិត​បេសកកម្ម​នេះ​ប្រើប្រាស់​បាន​គ្រប់​រឿង និង​គ្រប់​ទីកន្លែង​ទាំងអស់​? បើ​ពិនិត្យ​លើ​ច្បាប់​តាម​ក្រមព្រហ្មទណ្ឌ​មាត្រា៦០៩​នោះ​គឺជា​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅក្នុង​ការបំពេញ​មុខងា​រ​សាធារណៈ​។
លិខិតឆ្លើយ​ឆ្លងគ្នារវាងរដ្ឋមន្ត្រី​នៃក្រសួងទាំង​២អំពីបញ្ហាការ​ជីកប្រឡាយ​ទឹកបំរើដល់ផល​ប្រយោជន៍​ប្រជាពលរដ្ឋដែល​ទង្វើនេះទោះ​ជាក្នុងលក្ខខ័ណ្ឌ​បែបណាក៏​ក្រសួងទាំង​២(ក្រសួងធនធានទឹក​ និង​ក្រសួងកសិកម្ម)​បានរួមគ្នាក្នុង​ការជួយ​ប្រជាពលរដ្ឋដោយ​ពិតប្រាកដ៕​