Wednesday, August 22, 2012

កម្ពុជា​សម្លឹង​ឃើញ​ឱកាស នៅក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ឆ្នាំ​២០១៥

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់់​រដ្ឋាភិបាល​បាន​សម្លឹង​ឃើញ​ការបង្កើត​សហគមន៍​អាស៊ាន ជា​ឱកាស​មួយ​សម្រាប់​កម្ពុជា ទាំង​លើ​ទិដ្ឋភាព​ធនធានមនុស្ស និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច បើទោះបីជា​វា​នឹង​អាច​នាំមក​នូវ​បញ្ហា​ប្រឈម​ខ្លះ​ក្តី​។​

​នៅក្នុង​កិច្ចប្រជុំ​មួយ​ដែល​រៀប​រំ​ដោយ​ក្លឹប​អ្នកកាសែត​កម្ពុជា សហការ​ជាមួយ​មូលនិធិ​ខុនរ៉ាដ​អាដេ​ណៅអ៊ែរ អាល្លឺម៉ង់ លោក សុខ ស៊ីផាន់ណា ទីប្រឹក្សា​ក្រសួងការបរទេស បាន​និយាយថា យើង​គួរតែមាន​សង្ឃឹម​អំពី​ការចូល​ទៅក្នុង​ទីផ្សារ​អាស៊ាន​រួមមួយ ដែល​នឹង​លេចឡើង​ក្រោយពី​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ឆ្នាំ​២០១៥​។ 

​លោក​បាន​ពន្យល់ថា កម្ពុជា​ដែលមាន​ត្រឹម​ទីផ្សារ​មនុស្ស​ជាង ១៤​លាន​នាក់ នឹងត្រូវ​សម្លឹង​ឃើញ​ក្នុង​រូបភាព​មួយ​ដែល​ទូលំទូលាយ​ជាង​នេះ ពោលគឺ​ជាទី​ផ្សារ​អាស៊ាន​មួយ​ដែលមាន​មនុស្ស​ជាង ៦០០​លាន​នាក់​។ លោក​គិតថា ខណៈដែល​កម្ពុជា​មា​នក​ម្លាំ​ង​ពលកម្ម​ថោក ការវិនិយោគ​អាច​នឹងមាន​លំហូរ​ចូលមក​កម្ពុជា ហើយ​ការផលិត​ទំនិញ​នឹង​អាច​សម្រាប់​ទីផ្សារ​អាស៊ាន​ទាំងមូល ជាជាង​ការ​សម្លឹង​ឃើញ​ទីផ្សារ​ត្រឹម​ប្រទេស​កម្ពុជា​។​

​លោក​ពន្យល់​ទៀតថា ចំណែក​ជំនាញ ក៏​នឹង​ហូរ​ចូល​ផងដែរ​ជាមួយនឹង​ទីផ្សារ​បើកទូលាយ​នេះ ដោយ​តម្រូវ​ឲ្យ​មានការ​ប្រឹងប្រែង​ពី​សំណាក់​ប្រជាជន​កម្ពុជា នៅក្នុង​ជំនាញ​ផ្សេងៗ ដែល​នឹង​ហូរ​ចូល​កម្ពុជា​។ នេះ​ជា​ឱកាស​មួយ​សម្រាប់​ការផ្លាស់ប្តូរ​ចំណេះដឹង ហើយ​វា​នឹង​តម្រូវ​ឲ្យ​មានការ​ប្រឹងប្រែង​។​

​លោក​បានលើកឡើង​ពី​ភាពចាំបាច់​ដែល​ត្រូវ​ពង្រឹង​ស្តង់ដារ​មួយ​នៅ​កម្ពុជា ដើម្បី​ឲ្យ​ក្លាយទៅជា​ស្តង់ដារ​តំបន់​លើ នៃ​វិស័យ​ផ្សេងៗ​ដូចជា​សំណង់ គណនេយ្យ និង​ពេទ្យ​ជាដើម​៕​