Wednesday, August 22, 2012

លោកជំទាវ Noeleen Heyzev អគ្គលេខាធិការរង អង្គការសហប្រជាជាតិនិងជាប្រធានលេខាធិការប្រតិបត្តិ អញ្ជើញជួបសំដែងងការគួរសម សម្តេចតេជោនាយករដ្ឋមន្រ្តី

ក្នុងជំនួបសំដែងការគួរសម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលធ្វើឡើងនៅវិមានសន្តិភាព ល្ងាចថ្ងៃ ទី២១ សីហា លោកជំទាវ Noeleen Heyzev និងជាប្រធាន លេខាធិការ ប្រតិបត្តិ អង្គការយូអិនអេសស្កាប់ និងជាអគ្គលេខាធិការរងអង្គការសហប្រជាជាតិ មានប្រសាសន៍ថា ដំណើរទស្សនកិច្ច របស់លោកជំទាវ មកកាន់ ប្រទេសកម្ពុជា នៅពេលនេះលោកជំទាវ មានការរំភើប រីករាយយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍន៍ រីកចំរើនយ៉ាងឆាប់រហ័ស របស់ប្រទេសកម្ពុជា។លោកជំទាវបន្តថា លោកជំទាវបានជួប សម្តេចតេជោ នាយករដ្ឋមន្រ្តី កាលពីឆ្នាំ២០០៥ មកដល់ពេលនេះកម្ពុជាមានការផ្លាស់ប្តូរយ៉ាងខ្លាំង បើទោះបីជាមានវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យ៉ាងណាក៏ ដោយ ក៏កម្ពុជា នៅតែទទួលបានកំណើន សេដ្ឋកិច្ចខ្ពស់ និងមានការអភិវឌ្ឍន៍ ប្រកបដោយ ក្នុងរយៈពេលមួយដ៏ខ្លីបំផុត។ ជាមួយគ្នានេះ លោកជំទាវ ក៏បានវាយតំលៃខ្ពស់ ចំពោះតួនាទីដឹកនាំ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០១២ រួមទាំងការជំរុញគាំទ្រ លើវិស័យសមភាពយេនឌ័រ ការយក ចិត្តទុកដាក់ទៅលើវិស័យអប់រំ សុខុមាលភាព និងការ កាត់បន្ថយគម្លាត នៃភាពក្រីក្រ ដែលទាំងនោះសុទ្ធសឹង តែជាកត្តាសំខាន់ក្នុងការជំរុញ កិច្ចអភិវឌ្ឍន៍នៅកម្ពុជា។
សម្តេចតេជោ នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ទីណាមានវិបត្តិទៅនោះតែ បង្កប់នូវកាលានុវត្តភាព ហើយចាប់វិបត្តិសេដ្ឋកិច្ច និង ហិរញ្ញវត្ថុឆ្នាំ២០០៨ ពំុបានមានផលប៉ះពាលអ្វីខ្លាំងដល់កម្ពុជាឡើយ។ កម្ពុជានៅតែមានកំណើនសេដ្ឋកិច្ច បើទោះបីជាវា នៅមានកំរិតទាប ក៏ដោយ។ ហើយអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើនៅពេល នោះគឺយកបទពិសោធន៍ដែលទទួល បានពីវិបត្តិអាស៊ាន កាលពីឆ្នាំ២០០៧ យកមកអនុវត្តទី១ លើការរក្សាស្ថេរភាពនយោបាយនៅកម្ពុជា ទី២រក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទី៣ ចាត់វិធានការណ៍បំរុងទុកជាមុន ចំពោះ បណ្តា ធនាគារនិងនៅពេលជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ បណ្តុះបណ្តាល ដល់បណ្តាកម្មករកម្មការនី នៅតាម រោងចក្រ សហគ្រាស ដែលពុំមានការងារធ្វើ ដើម្បីផ្តល់លទ្ធភាពដល់ពួកគេ ទទួលបានបទពិសោធន៍ និងមុខរបរថ្មីក្នុងការចិញ្ចឹមជីវិត។  ពាក់ព័ន្ធទៅនិងការអភិវឌ្ឍន៍ ប្រកបដោយចិរភាពនោះដែរ សម្តេច តេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍អំពីកំណែទំរង់ ដែលមានចរិកជា ប្រវត្តិសាស្រ្ត នោះគឺការលុបបំបាត់ទាំងស្រុង នូវឡូនេសាទ និងកំណែទំរង់ដីធ្លីនៅកម្ពុជា ដែលមានយុវជនស្ម័គ្រចិត្តរាប់ពាន់នាក់ កំពុង ចុះវាស់វែង ដីធ្លី ចែកជូនប្រជាពលរដ្ឋ។ ពាក់ព័ន្ធទៅនិងវិស័យអប់រំនិងការកាត់បន្ថយគម្លាតនៃភាពក្រីក្រ សម្តេចតេជោនាយករដ្ឋ មន្រ្តីមាន ប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែអនុវត្តន៍បញ្ហានោះ តាមរយៈសកម្មភាពជាច្រើនដែល រូប សម្តេចផ្ទាល់តែងតែ ចុះទៅតាម មូលដ្ឋានក្នុងការជំរុញការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័រូបវ័ន្ត ការងារប្រពន្ធ័ធារាសាស្រ្ត អគ្គិសនី ការកសាងអគារសិក្សា ដើម្បីធ្វើយ៉ាង ណាឲ្យតំបន់ជនបទ មានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើង។