Wednesday, August 22, 2012

ស្រូវជាង២០០ហិចតានៅខណ្ឌដង្កោត្រូវបានសង្គ្រោះ


   ក្រោយពីទទួលបានដំណឹងពីលោកចៅសង្កាត់ប្រទះឡាងថា ស្រូវសន្ទូងនៅភូមិចំនួនបី ក្នុងសង្កាត់ ប្រទះឡាង ខណ្ឌដង្កោ ត្រូវរងគ្រោះដោយគ្មានទឹកនោះ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានចុះមកពិនិត្យដល់កន្លែង ភ្លាមៗនិងបានទំនាក់ទំនង ទៅមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ ដើម្បី ឲ្យជួយផ្តល់ ម៉ាស៊ីនសម្រាប់បូមទឹក។ ដោយទទួលបានការស្នើសុំពីលោក អភិបាលខណ្ឌរួចមក មន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ក៏បានផ្តល់ ម៉ាស៊ីនបូម ទឹកចំនួនពីរគ្រឿង យកទៅដាក់នៅ ចណុចសា្ថនីយ៍បូមទឹករបស់ សម្តេចហ៊ុន សែនទី ៣៩ ដើម្បីបូមទឹក បញ្ចូលស្រែរបស់ប្រជាពលរដ្ឋ។
លោកចៅសង្កាត់ប្រទះឡាង បានរៀបរាប់ថាវាលស្រែជាង២០០ហិចតា របស់បងប្អូន ប្រជា ពលរដ្ឋ ៩០០ គ្រួសារ នៅក្នុងភូមិ ភា ភូមិអង្គ ភូមិប្រទះឡាង ក្នុងសង្កាត់ប្រទះឡាងនេះ កំពុងតែជួបគ្រោះដោយ គ្មានទឹកភ្លៀងស្រោចស្រប់ ហើយស្រូវត្រូវស្វិត ស្ទើរខូចខាតអស់ទៅហើយ។
លោក នុត ពុធដារ៉ា បានបញ្ជាក់ផងដែរថាក្នុងមួយម៉ោងម៉ាស៊ីនបូមទឹកត្រូវការប្រេង១០លីត្រ ហើយការបូម សង្គ្រោះផលដំណាំស្រូវនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១២មកម៉្លេះ រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១២ នេះ ក៏នៅតែបន្តបូមទៀតដែរ ហើយប្រេងដែលជា តម្រូវក្នុងការបូមទឹកខាងលើ គឺបានមកពីការ ឧបម្ថត្ភរបស់សាលារាជធានីភ្នំពេញ។ ក្នុងពេលចុះពិនិត្យ មើលកន្លែងបូមទឹក គឺលោកអភិបាលខណ្ឌ បានសន្យា បូម ទឹកបង្ហូរដាក់ស្រែរបស់បងប្អូនប្រជាពលរដ្ឋ រហូតទាល់តែផលដំណាំស្រូវទទួលផលអស់ ហើយលែងត្រូវការទឹក។ ក្រោយពីមាន អន្តរា គមន៍របស់ អាជ្ញាធរខណ្ឌរួមនិងមន្ទីរធនធានទឹកមក បងប្អូនប្រជាពលរដ្ឋ៩០០គ្រួសារ ដែលជា ម្ចាស់វាលស្រែ ជាង២០០ហិចតានោះ ពេលនេះម្នាក់ៗមានទឹកមុខរីករាយនិងសប្បាយចិត្តយ៉ាងខ្លាំង ចំពោះការ យកចិត្ត ទុកដាក់របស់ លោកអភិបាលខណ្ឌ ក៏ដូចជាមន្ទីរធនធានទឹក ដែលបានផ្តល់ទឹក សម្រាប់ស្រោចស្រប់ ផលដំណាំស្រូវ របស់ពួកគាត់៕