Wednesday, August 22, 2012

គណៈកម្មាធិការ​អាហារូបករណ៍ អាស៊ាន ផ្តល់​ប្រាំ​ពាន់​កន្លែង ដល់​និស្សិត​ក្រីក្រ​កម្ពុជា​

កំពង់ចាម: គណៈកម្មាធិការ​អាហារូបករណ៍​អាស៊ាន ដែលមាន​លោក​បណ្ឌិត ឡី សុភាព ជា​ប្រធាន បានផ្តល់​អាហារូបករណ៍​ចំនួន ៥.០០០ នាក់ ដល់​និស្សិត​ក្រីក្រ​របស់​ប្រទេស​កម្ពុជា​។ ក្នុងនោះមាន​ចំនួន ១.០០០ នាក់ បានផ្តល់​ឲ្យ​និស្សិត​ខេត្តកំពង់ចាម ​តាម​ការស្នើសុំ​ពី​លោក ហ៊ុន ណេង ជា​អភិបាល​ខេត្តកំពង់ចាម សម្រាប់​ឆ្នាំ​សិក្សា ២០១២-២០១៣​។​

​លោក​បណ្ឌិត ឡី សុភាព បានប្រកាស​បែបនេះ នៅក្នុង​ពិធី​ជួបជុំ​មួយ កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១២ នា​សណ្ឋាគារ ភ្នំ​ប្រុស ក្រុង​កំពង់ចាម ដែលមាន​ការចូលរួម​ពី​លោក​បណ្ឌិត ជា ចំរើន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល និង​ជា​សកលវិទ្យា​ធិ​ការ នៃ​សកល​វិទ្យាល័យចំរើន​ពហុ​បច្ចេកវិទ្យា មន្ត្រី​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តកំពង់ចាម និង​សិស្សានុសិស្ស ក្នុង​ក្រុង​កំពង់ចាម​ប្រមាណ​ជាង ៤០០ នាក់ ដើម្បី​ប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១.០០០ នាក់ ឲ្យ​ដល់​និស្សិត​ក្រីក្រ​ក្នុង​ខេត្តកំពង់ចាម​។​

​លោក​បណ្ឌិត​ប្រធាន​គណៈកម្មាធិការ​អាហារូបករណ៍​អាស៊ាន បាន​ថ្លែងថា ក្នុង​ឆ្នាំ​សិក្សា ២០១២-២០១៣ គណៈកម្មាធិការ​អាហារូបករណ៍អាស៊ាន បានសម្រេច​ផ្តល់​ឲ្យ​និស្សិត​ក្រីក្រ​កម្ពុជា​ចំនួន ៥.០០០ នាក់ បានទទួល​បានការ​សិក្សា​រយៈពេល​បួន​ឆ្នាំ នូវ​អាហារូបករណ៍​មួយរយ​ភាគរយ​។ ក្នុងនោះផ្តល់​ដល់​និស្សិត​ខេត្តកំពង់ចាម ចំនួន ១.០០០ នាក់ តាម​ការស្នើសុំ​របស់លោក ហ៊ុន ណេង​។ នេះ​គឺជា​ការចូលរួមចំណែក ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជ​រដ្ឋ​ភិ​បាល ពិសេស​ជាការ​បង្ហាញ​មុខមាត់​ថ្មី​មួយក្នុងនាម​ប្រទេស​កម្ពុជាជា​ប្រធាន​អាស៊ាន​៕