Wednesday, August 22, 2012

មន្ដ្រី​ក្រុមប្រឹក្សា​ឃុំ​បក្ស​សមរ​ង្ស៊ី​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បន្ទាប់​ពី​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​ដទៃ​ដោយ​ចេតនា​

​ខេត្ដកំពង់ចាម​ ៖​ មន្ដ្រី​ក្រុមប្រឹក្សា​ឃុំ​របស់​គណបក្ស​សម​ រ​ង្ស៊ី​ ម្នាក់​ក្នុង​ឃុំ​ជាំក្រ​វៀន​ ស្រុក​មេមត់​ ខេត្ដកំពង់ចាម​ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​២១​ ​ខែសីហា​ ឆ្នាំ​២០១២​ នៅ​ក្នុងភូមិ​ជ្រៃ​ឡើង​ ឃុំជាំ​ក្រវៀន​ ស្រុក​មេមត់​ បន្ទាប់​ពី​ប្រើ​អំពើ​ហិង្សា​វាយដំ​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ ដោយសារ​តែ​មាន​ជម្លោះ​បន្ដិចបន្ដួច​ក្នុង​ពេល​លេង​បាល់ទះ​ជាមួយ​គ្នា​ ។​
​លោក​ ចាន់​ ហោ​ នាយ​រង​ការិយាល័យ​កណ្ដាល​យុត្ដិធម៌​នៃ​ស្នងការដ្ឋាន​នគរបាល​ ខេត្ដកំពង់ចាម​ បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ក្នុង​ហេតុការណ៍​ខាងលើ​មានឈ្មោះ​ ប៊ុ​ន​ ម៉ៅ​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ រស់​ក្នុងភូមិ​ -​ឃុំ​កើតហេតុ​ខាងលើ​ ចំណែក​ជន​ដៃដល់​  ១-​ឈ្មោះ​ម៉ក់​ សំ​អាន​ ភេទ​ប្រុស​ អាយុ​៣៣​ ឆ្នាំ​ ជាម​ន្ដ្រី​ក្រុមប្រឹក្សា​ឃុំ​ជាំក្រ​វៀន​ មក​ពី​ គណបក្ស​សម​ រ​ង្ស៊ី​ និង​២-​ឈ្មោះ​គូ​ សាយ​ ហៅ​ គល់​ស្វាយ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ អ្នក​ទាំង​២​ជា​បងប្អូន​នឹង​គ្នា​ រស់នៅ​ក្នុង​ ភូមិ​-​ឃុំ​កើតហេតុ​ជាមួយ​ជន​រង​គ្រោះ​ ។​
​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ ក្រុម​ជន​ ល្មើ​សមាន​គំនុំ​ជាមួយ​ជន​រង​គ្រោះ​ ពីព្រោះ​ តែ​ជន​រង​គ្រោះ​បាន​យកប្រពន្ធ​ជនល្មើស​ ដែល​ទើបតែ​លែងលះ​គ្នា​ ហេតុនេះ​ហើយ​ រវាង​ជនល្មើស​និង​ជន​រង​គ្រោះ​តែងតែ​ ផ្លែផ្កា​ឌឺដង​ដាក់​គ្នា​ជា​រឿយៗ​ ។​ ប្រភព​ ដដែល​ឱ្យ​ដឹង​ទៀត​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​ដៃដល់​និង​ជន​រង​គ្រោះ​នៅ​ នឹង​កន្លែង​លេង​បាល់ទះ​ជាមួយ​គ្នា​ លុះ​បន្ដិច​ក្រោយមក​ ពួក​គេ​ក៏​បាន​ទាស់​ពាក្យ​សំដី​ ផ្លែផ្កា​ដាក់​គ្នា​រហូត​ឈាន​ទៅ​ដល់​ការ​ ឈ្លោះប្រកែក​យ៉ាង​ខ្លាំង​ ។​
​ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​ឈ្លោះប្រកែក​ ជនសង្ស័យ​ដែល​មាន​គ្នា​២​នាក់​ បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ជន​ រង​គ្រោះ​ ដោយ​ម្នាក់​ជា​អ្នក​ចាប់​ និង​ម្នាក់​ យក​ឈើ​ជ្រុង​វាយ​បណ្ដាល​ឱ្យ​រង​របួស​ក្បាល​ ខាងក្រោយ​ផ្នែក​ខាងស្ដាំ​ជា​ទម្ងន់​ ។​ បន្ទាប់​ ពី​ធ្វើ​សកម្មភាព​វាយដំ​ទៅ​លើ​ជន​រង​គ្រោះ​ ជន​ដៃដល់​ឈ្មោះ​ គល់​ ស្វាយ​ បាន​រត់គេច​ ខ្លួន​បាត់​ ចំណែក​ជន​ដៃដល់​ម្នាក់​ទៀត​ឈ្មោះ​ ម៉ក់​ សំ​អាន​ ជាម​ន្ដ្រី​ក្រុមប្រឹក្សា​ឃុំជាំក្រ​វៀន​ មិន​បានរ​ត់ទៅ​ណា​នោះ​ទេ​ ហើយ​ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន​ស្រុក​មេមត់​ និង​បញ្ជូន​បន្ដ​មក​កាន់​ស្នងការ​ ដ្ឋា​ន​នគរបាល​ខេត្ដ​នៅ​ល្ងាច​ថ្ងៃ​ទី​២២​ខែ​ សីហា​ឆ្នាំ​២០១២​នេះ​ ។​
​លោក​ ចាន់​ ហោ​ នាយ​រង​ការិយាល័យ​ កណ្ដាល​យុត្ដិធម៌​នៃ​ស្នងការដ្ឋាន​នគរបាល​ ខេត្ដ​បញ្ជាក់​ឱ្យ​ដឹង​ថា​ ចំពោះ​ករណី​នេះ​ ជន​ដៃដល់​ឈ្មោះ​ គល់​ ស្វាយ​ សមត្ថកិច្ច​ ជំនាញ​កំពុង​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន​ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ ដំបូង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕