Wednesday, August 22, 2012

ចាប់ផ្តើម​ការដ្ឋាន​ស្ថាបនា​សួនច្បារ ចំ​កណ្តាល​ទ្រូង​ផ្លូវជាតិ​លេខ​៦ ចំណុច​ជ្រោយចង្វារ​

ភ្នំពេញ: ​សាលា​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្តើម​ការដ្ឋាន​ស្ថាបនា​សួនច្បារ ចំ​កណ្តាល​ទ្រូង​ផ្លូវជាតិ​លេខ​៦ ចំណុច​ជ្រោយចង្វារ មាន​ទទឹង​ប្រវែង ២,៥០ ម៉ែត្រ ដោយមាន​ដាំ​ស្នៅ ផ្កា ដើម​ជ្រៃ បំពាក់​បង្គោល​ភ្លើង​ព្រែក​ជា​ពីរ ចំ​កណ្តាល​សួនច្បារ លាប​គំនូសចរាចរ និង​ដាក់​សញ្ញា​ចរាចរ​។ ការងារ​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត ចាប់ពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១២ នេះ​តទៅ​។​

​សេចក្តីជូនដំណឹង របស់​សាលា​រាជធានី​ភ្នំពេញ ចេញផ្សាយ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១២ បាន​លើកឡើងថា សាលា​រាជធានី​ភ្នំពេញ មាន​កិត្តិយស​ជម្រាប​ជូនដំណឹង ដល់​សាធារណជន​ទាំងអស់ ឲ្យ​បាន​ជ្រាបថា កំណាត់​ផ្លូវជាតិ​លេខ​៦ ចាប់ពី​គល់ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ជ្រោយចង្វារ ដល់​មុខ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺអេដស៍ សើ​ស្បែក និង​កាមរោគ នៃ​ក្រសួងសុខាភិបាល ដែលមាន​ប្រវែង ៤.០០០ ម៉ែត្រ ទទឹង​ប្រវែង ២៣,៥០ ម៉ែត្រ ត្រូវបាន​អ៊ុត​កៅស៊ូ​រួចរាល់ កាលពី​ខែមេសា ឆ្នាំ​២០១២​។ ក្នុង​រយៈពេល​កន្លងទៅ​នេះ សាលា​រាជធានី​ភ្នំពេញ​សង្កេតឃើញថា បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ បានធ្វើ​ដំណើរ​ឆ្លងកាត់ ដោយ​ប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ ក្នុង​ល្បឿន​លឿន​ហួសកំណត់ ហើយ​ខ្លះទៀត​ក៏​បើកបរ​ល្មើស​ហួស​ខ្សែ​ព្រំដែន ចូលក្នុង​តំបន់​ដែល​ត្រូវ​ស្ថាបនា​ជា​សួនច្បារ បែងចែក​ផ្លូវ​រត់​ទៀតផង​។​

​ចំពោះមុខ សាលា​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្តើម​ការដ្ឋាន​ស្ថាបនា​សួនច្បារ ចំ​កណ្តាល​ទ្រូងផ្លូវ មាន​ទទឹង​ប្រវែង ២,៥០ ម៉ែត្រ ដោយមាន​ដាំ​ស្នៅ ផ្កា ដើម​ជ្រៃ បំពាក់​បង្គោល​ភ្លើង​ព្រែក​ជា​ពីរ ចំ​កណ្តាល​សួនច្បារ លាប​គំនូសចរាចរ និង​ដាក់​សញ្ញា​ចរាចរ​។ ការងារ​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត ចាប់ពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១២ នេះ​តទៅ​។​

​អាស្រ័យហេតុនេះ សូម​សាធារណជន​ទាំងអស់​ជ្រាប និង​ចូលរួម​សហការ​ឲ្យ​បានល្អ និង​សូមមេត្តា​មានការ​ប្រុងប្រយ័ត្ន​លើ​បញ្ហា​សុវត្ថិភាព​ចរាចរ ចំពោះ​ការបើកបរ​ឆ្លងកាត់​ទី​តាំង​ការដ្ឋាន ដោយ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​ចរាចរ​ផ្លូវគោក នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ទន្ទឹមនឹងនេះ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ទីរ​ពាក់ព័ន្ធ ត្រូវអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ចាប់ពី​ថ្ងៃ​ចេញ​សេចក្តីជូនដំណឹង​នេះ​តទៅ​៕