Wednesday, August 22, 2012

លោក​ខៀវ​កា​ញា​រី​ទ្ធ​ចូលរួម​វេទិកា​តុមូល​ស្តី​ពី​ដំណើរ​ឆ្ពោះទៅ​កាន់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១៥

ដោយ​ ៖ សាគុណ
​ភ្នំពេញ ៖​ លោក​រដ្ឋមន្ត្រី​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​តុមូល​ ស្តី​ពី​ដំណើរ​ឆ្ពោះទៅ​កាន់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ឆ្នាំ​២០១៥​ ដែល​រៀបចំ​ឡើង​ដោយ​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​មូលនិធិ​ខុន​រ៉ា​ដ​អា​ដេ​ ណៅ​អ៊ែ​រ​ នា​ព្រឹក​ថ្ងៃ​ទី​២២​ សីហា​ ឆ្នាំ​២០១២​ នៅ​សណ្ឋាគារ​សាន់​វេ​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក​ សុក​ ស៊ី​ផា​ន់​ណា​ ទីប្រឹក្សា​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​ អន្តរជាតិ​ និង​ជា​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​ ។​
​លោក​ Denis​ Schrey​ តំណាង​មូលនិធិ​ខុន​រ៉ា​ដ​អា​ដេ​ណៅ​អ៊ែ​រ​ ប្រចាំ​កម្ពុជា​ បាន​ថ្លែង​ថា​ ទស្សនវិស័យ​របស់​សហភាព​អឺរ៉ុប​ ក្នុង​ការងារ​ផ្នែក​ពលកម្ម​ ការ​ធ្វើ​ចំណាកស្រុក​ពី​ប្រ​ទេស​មួយ​ទៅ​ប្រទេស​មួយ​ គឺ​ជួប​បញ្ហា​ដោយសារ​តែ​សហភាព​អឺរ៉ុប​មាន​ភាសា​ចំនួន​២៣​ ដែល​ទាមទារ​ឲ្យ​ពលករ​ចំណាកស្រុក​ត្រូវ​ចេះ​ភាសា​ទៅ​តាម​ប្រទេស​នីមួយៗ​ ។​ ទន្ទឹម​នោះ​ ដែល​សហភាព​អឺរ៉ុប​មិន​បាន​ទទួលស្គាល់​សញ្ញាបត្រ​ជាស​កល​នោះ​ទេ​ គឺ​ទទួលស្គាល់​តែ​ ក្នុង​ប្រទេស​របស់​ខ្លួន​នីមួយៗ​តែ​ប៉ុណ្ណោះ​ ហើយ​អ្នកនយោបាយ​មួយ​ចំនួន​នៅ​តែ​យក​ពល​ ករ​ធ្វើ​ជា​ប្រធានបទ​ក្នុង​ការ​ដោះស្រាយ​លើ​បញ្ហា​ទីផ្សារពលកម្ម​ ដើម្បី​ជា​ឧបករណ៍​ន​យោ​ បាយ​ធ្វើការ​វាយប្រហារ​ទៅ​លើ​គណបក្ស​ផ្សេងៗ​ ។​ លោក​ Denis​ Schrey​ បាន​បញ្ជាក់​ថា​ បណ្តា​ប្រទេស​អាស៊ាន​ ក៏​កំពុង​ឈាន​ទៅ​រក​ការ​ចរាចរ​ការងារ​ខ្ពស់​ទាំង​កម្លាំង​ពលកម្ម​ ដែល​ មាន​ជំនាញ​ និង​គ្មាន​ជំនាញ​ ដែល​ទាមទារ​ឲ្យ​បណ្តា​ប្រទេស​នីមួយៗ​ត្រូវ​គិត​គួរ​ខ្ពស់​អំពី​កិច្ច​ ការងារ​ទាំងឡាយ​នេះ​មុន​ឈាន​ចូល​ទៅ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆាំ្ន​២០១៥​ ។​
​លោក​ សុក​ ស៊ី​ផា​ន់​ណា​ ទីប្រឹក្សា​ក្រសួងការបរទេស​កម្ពុជា​ និង​ជា​អ្នកជំនាញ​ផ្នែក​ សេដ្ឋកិច្ច​ ក៏​បាន​លើក​ឡើង​នៅ​ក្នុង​វេទិកា​តុមូល​នោះ​ថា​ ឱកាស​និង​បញ្ហា​ប្រឈម​ សម្រាប់​ ពលករ​កម្ពុជា​ ដែល​មាន​ជំនាញ​ និង​គ្មាន​ជំនាញ​ ក្នុង​ពេល​ឈាន​ចូល​សហគមន៍​អាស៊ាន​ ឆ្នាំ​២០១៥​ នោះ​ ដោយ​លំហូរ​សេវាកម្ម​ទៅ​ក្នុង​តំបន់​អាស៊ាន​ដែល​ពី​មុន​កម្ពុជា​បាន​ជួល​អ្នក​ ជំនាញ​បច្ចេកទេស​ក្នុង​វិស័យ​ផ្សេងៗ​មក​ធ្វើ​ការងារ​ឲ្យ​ តែ​បច្ចុប្បន្ន​យើង​ពិនិត្យ​ឃើញ​ថា​ កម្ពុជា​មាន​អ្នកជំនាញ​ជា​ច្រើន​ បំពេញការងារ​ធំៗ​ដោយ​ខ្លួនឯង​ ដោយ​មិនបាច់​ជួល​មក​ពី​ប្រ​ ទេស​ផ្សេងៗ​ទៀត​ទេ​ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​កម្ពុជា​នៅ​តែ​ប្រឈម​ការ​ខ្វះខាត​បទ​ពិសោធ​ ន៍​ និង​មិន​ទាន់​មាន​ស្តង់ដារ​ ហើយ​ក៏​មិន​ទាន់​ស្ថាប័ន​ណាមួយ​ទទួលស្គាល់​ពី​គុណភាព​ជា​ អន្តរជាតិ​នៅឡើយ​ ដែល​ប្រការ​មួយ​ប្រឈម​ទៅ​នឹង​ការ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ដទៃ​ នៅ​ក្នុង​អាស៊ាន​ ។​
​លោក​រដ្ឋមន្ត្រី​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​ថ្លែង​ថា​ វេទិកា​តុមូល​ស្តី​ពី​ ដំណើរ​ឆ្ពោះទៅ​កាន់​ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ឆ្នាំ​២០១៥​ ដែល​ចាប់ពី​អ្នក​សារព័ត៌មាន​  គឺជា​គំនិត​ដ៏​ល្អ​បំផុត​ ព្រោះថា​អ្នក​សារព័ត៌មាន​ ត្រូវការ​ចាំបាច់​ផ្សព្វផ្សាយ​អំពី​ការ​យល់​ដឹង​ និង​បញ្ហា​ផ្សេងៗ​ ដល់​ប្រជាពលរដ្ឋ​ និង​មហាជន​ទូទៅ​ឲ្យ​បាន​យល់​ជ្រួល​ជ្រាប​ ។​
​លោក​រដ្ឋមន្ត្រី​បាន​លើក​ ឡើង​ថា​ តាំងពី​មុន​មក​លោក​បាន​ស្នើ​សុំ​ឲ្យ​មូលនិធិ​ខុន​រ៉ា​ដ​អា​ដេ​ណៅ​អ៊ែ​រ​ ឧស្សា​រៀបចំ​នូវ​ កម្មវិធី​ ដែល​ទាក់ទង​ទៅ​នឹង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ​ ឲ្យ​បាន​ច្រើន​ ដើម្បី​ឲ្យ​ប្រជា​ ជន​ និង​មន្ត្រីរាជការ​យើង​បាន​យល់​ថា​អ្វី​ទៅ​ដែល​ហៅ​ថា​សហ​ គម​ន៍​សេដ្ឋកិច្ច​អាស៊ាន​ និង​ ឲ្យ​បានដឹង​ពី​ការ​លំបាក​ និង​ការ​ងាយស្រួល​ ព្រមទាំង​កាលា​នុ​ វត្ត​ភាព​របស់​អាស៊ាន​នេះ​ ។​ ឥឡូវនេះ​មូលនិធិ​ខុន​រ៉ា​ដ​អា​ដេ​ណៅ​អ៊ែ​រ​ បាន​ធ្វើ​មែន​ ហើយ​ធ្វើ​ បាន​ចំ​គោលដៅ​ល្អ​ណាស់​ ដោយ​បាន​ចាប់ផ្តើម​ពី​អ្នក​សារព័ត៌មាន​ ព្រោះថា​នៅ​ឆ្នាំ​២០១៥​ យើង​នឹង​ក្លាយជា​សហគមន៍​ អាស៊ាន​តែ​មួយ​ និង​មាន​ទីផ្សារ​ការងារ​គ្មាន​ព្រំដែន​ ដែល​តម្រូវ​ ឲ្យ​យើង​ខិតខំ​ពង្រឹង​សមត្ថ​ ភាព​ និង​ចំណេះដឹង​ ដើម្បី​ប្រកួតប្រជែង​ជា​ប្រទេស​សមាជិក​អា​ ស៊ា​ន​ទាំងអស់​ ។​ លោក​ រដ្ឋមន្ត្រី​បាន​បន្ត​ថា​ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​តែ​មានការ​ព្រួយបារម្ភ​កម្លាំង​ពលកម្ម​នៅ​ តាម​ចំការ​កៅស៊ូ​ ព្រោះថា​នៅ​ពេល​ខាង​មុខ​នេះ​ចំការ​កៅស៊ូ​នៅ​កម្ពុជា​ ត្រូវការ​កម្មករ​ជា​ ច្រើន​សែន​នាក់​ដើម្បី​ធ្វើការ​នៅ​ក្នុង​ការ​ជៀ​ជ័រ​ និង​សេវាកម្ម​ផ្សេងៗ​។​
​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ នៅ​ពេល​សហគមន៍​អាស៊ាន​ត្រូវ​បាន​បង្កើត​ឡើង​នោះ​ យើង​ជៀស​មិន​ផុត​ពី​បញ្ហា​ជាតិនិយម​ និង​ការ​ចង្អៀតចង្អល់​ជា​មិន​ខាន​ ដូច្នេះ​យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដើម្បី​សម្របសម្រួល​ និង​បកស្រាយ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​របស់​អ្នក​សារព័ត៌​ មាន​ឲ្យ​គេ​បាន​យល់​ដឹង​ ។​ នា​ឱកាស​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ដល់​សមាគម​អ្នក​ សារព័ត៌មាន​កម្ពុជា​ រួម​គ្នា​ជា​សម្លេង​តែ​មួយ​ ដើម្បី​ធ្វើការ​សហការ​ជាមួយ​សមាគម​សារព័ត៌​ មាន​អាស៊ាន​  និង​ធ្វើការ​សិក្សា​ស្វែង​យល់​ពី​កិច្ច​ការងារ​ទូទៅ​របស់​អាស៊ាន​ ដើម្បី​យក​មក​ ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​បានដឹង​ និង​ធ្វើ​ឲ្យ​យុវជន​ជា​សិស្ស​ និង​និស្សិត​ត្រៀមខ្លួន​ចំពោះ​ អ្វី​ដែល​កើត​មាន​ពេល​ចូល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ៕