Wednesday, August 22, 2012

កម្មវិធីសប្តាហ៍ទូរទស្សន៍ក្វាងស៊ី និងទូរទស្សន៍ជាតិកម្ពុជាត្រូវបានសម្ពោធ

ទូរទស្សន៍ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងទូរទស្សន៍ក្វាងស៊ីនៃសាធារណរដ្ឋ ប្រជាមានិត ចិន នាថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០១២ បានសហ​ការ​គ្នាបង្កើតកម្មវិធី ស ប្តាហ៍ទូរទស្សន៍ក្វាងស៊ី និងទូរទស្សន៍ ជាតិ​កម្ពុជា ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងជីវភាពរស់នៅរបស់ ប្រជាជន នៃប្រទេស ទាំងពីរ ឲ្យបានយល់ពីគ្នាទៅវិញទៅមក។
កម្មវិធី សប្តាហ៍ទូរទស្សន៍ក្វាងស៊ី និងទូរទស្សន៍ជាតិកម្ពុជានេះ ត្រូវបានសម្ពោធឲ្យដំណើរការ នៅ ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តម ស៊ិន ប៉ៃហៃ រដ្ឋមន្រ្តីព័ត៌ មាន តំបន់ស្វយ័ត ក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួម​ពីសំណាក់ តំណាងភាគីពាក់ព័ន្ធទាំងពីរព្រមទាំងភ្ញៀវ ជាតិ និងអន្តរជាតិ ជាច្រើនរូប ទៀតផង។
ឯកឧត្តម កឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីសប្តាហ៍ ទូរទស្សន៍ក្វាងស៊ី និងទូរ​ទស្សន៍ជាតិកម្ពុជា គឺជាស្ពានចម្លងដ៏រឹងមាំមួយនៅក្នុងការទាក់ទង ដ៏ស្អិត រមួត ក៏ជាការផ្លាស់ប្តូរនូវបទ​ពិសោធន៍យ៉ាង​ទូលំទូលាយ​ជាមួយនឹ​ងបង​ប្អូនប្រជាជន ខេត្តក្វាងស៊ី ចំនួន ៤៦លាន ៦សែននាក់កំពុងរស់នៅលើផ្ទៃដីទំហំ ២៣៦,៧០០គ.មក្រឡា ដែលមាននៅក្នុង ប្រទេសចិន។ ទន្ទឹមនឹង នេះ ខេត្តក្វាងស៊ីត្រូវបានចាត់ទុកថា ជាទីកន្លែងនាំមុខ នៃការផលិត និង ការនាំចេញនូវ ផលិតផល ដ៏ប្រណិតផងដែរ។
លោក ចូវ វិនលី អគ្គនាយកទូរទស្សន៍ក្វាងស៊ីបានរំឭកថា ក្រោយពេល ដែលពិព័រណ៍ ពាណិជ្ជកម្ម ចិន អាស៊ានបានប្រារព្ធធ្វើនៅខេត្ត ក្វាងស៊ី កាលពីឆ្នាំ២០០៤មក ទូរទស្សន៍ក្វាងស៊ី និង ទូរទស្សន៍ជាតិកម្ពុជា បានចាប់​ផ្តើមទំនាក់ទំនងគ្នា និងមានការចាប់ផ្តើមផ្លាស់ប្តូរ ទស្សនកិច្ចគ្នា ទៅវិញទៅមក ហើយក៏មាន​កិច្ចសហ​ការផ្លាស់ប្តូរកម្មវិធីគ្នាជាញឹកញាប់ និងបានក្លាយទៅជាមិត្ត ចាស់ ដែលមាន រយៈ ពេល៨ឆ្នាំមកហើយដែរ។ ក្នុងរយៈពេល៨ឆ្នាំកន្លងមកនេះ ទូរទស្សន៍ក្វាងស៊ី និងទូរទស្សន៍ជាតិកម្ពុជា បានសហការគ្នាបង្កើតកម្មវិធី ស្វែងរកបុប្ឆាមាស និងកម្មវិធីសប្តាហ៍រវាង ទូរទស្សន៍ក្វាងស៊ី និងទូរទស្សន៍ជាតិកម្ពុជាម្តងរួមមកហើយ ប្រកប​ដោយជោគជ័យ ហើយនៅពេលនេះ យើងបានសហការគ្នា​បង្កើតនូវកម្មវិធីសប្តាហ៍នេះម្តងទៀត ដោយ​នាំមក​នូវឯកសារថ្មីៗចំនួន៦ រួមមាន វីដេអូឯកសារស្តី ពីដំណើរ ទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅខេត្ត ក្វាងស៊ីទាំង៦លើក ស្តីពីទេសភាពដ៏ប្រណិត និងទំនៀមទម្លាប់ ការរស់នៅរបស់ជនក្វាងស៊ី ។ តាមរយៈកម្មវិធីសប្តាហ៍នេះ លោកអគ្គនាយកទូរទស្សន៍ក្វាងស៊ីសង្ឃឹមថា នឹងបង្កើនជំរុញឲ្យមានកិច្ចស ហប្រតិបត្តិការរវាងស្ថានីយ៍ទូរទស្សន៍ទាំងពីរ កាន់តែជិត​ស្និត​ថែមមួយកម្រិតទៀត។
ឯកឧត្តមរដ្ឋមន្ត្រីព័ត៌មាន ស៊ិន ប៉ៃហៃ បានថ្លែងថា ប្រទេសចិន និងប្រទេសកម្ពុជាមានប្រពៃណីទំ នាក់ទំនងមិត្តភាពនឹងគ្នា​ជាយូរលង់ណាស់មកហើយ ។ នៅខែមេសាឆ្នាំ១៩៥៥ សម្តេចព្រះនរោត្តម សីហនុ ប្រមុខរដ្ឋនៃកម្ពុជា និង ឯកឧត្តម ចូវ អ៊ិនឡាយ នាយករដ្ឋមន្រ្តីចិន បានស្គាល់រាប់អានគ្នានៅក្នុង កិច្ចប្រជុំអាស៊ី អាហ្រិក នាទីក្រុងបានឌុង ហើយនេះជាចំណុច ចាប់ផ្តើមនៃទំនាក់ទំនង មិត្តភាពរវាង ប្រទេសចិន និងកម្ពុជា ហើយនៅ ឆ្នាំ១៩៥៨ ប្រទេសចិន និងកម្ពុជាបាន បង្កើតទំនាក់ទំនងការទូត ជាផ្លូវការ។ ឆ្លងកាត់រយៈ​ពេលជាង​កន្លះសតវត្សរ៍ នៃព្យុះភ្លៀងធ្វើឲ្យប្រពៃណីទំនាក់ទំនង មិត្តភាពនៃប្រទេស ទាំងពីរកាន់តែរឹងមាំពីមួយ ថ្ងៃទៅមួយថ្ងៃ។ ឯកឧត្តមរដ្ឋមន្រ្តីបានរំឭកថា នៅឆ្នាំ២០០៤ ពិព័រពាណិជ្ជកម្មចិន អាស៊ាន បានប្រារព្ធធ្វើ​នៅខេត្តក្វាងស៊ី នៅពេលនោះ ទំនាក់ទំនងរវាងខេត្តក្វាងស៊ី និងកម្ពុជា កាន់តែជិត ស្និតដូចបងប្អូន ហើយបាន​ជំរុញឲ្យ បណ្តាក្រុងរបស់ខេត្តក្វាងស៊ី និងបណ្តាខេត្ត នៃ ប្រទេសកម្ពុជា ធ្វើការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ​លើវិស័យសេដ្ឋកិច្ច វប្បធម៌។ល។ ដោយទទួលបាននូវ សមិទ្ធផល ថ្មីៗជាច្រើន។
លោកស៊ិន ប៉ៃហៃ បានបញ្ជាក់ថា កម្មវិធីសប្តាហ៍ទូរទស្សន៍ក្វាងស៊ី និងទូរទស្សន៍ជាតិ កម្ពុជានា​ពេលនេះ គឺមានគោលបំណង ធ្វើឲ្យមិត្តភាពនៃប្រជាជនប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ និងពង្រឹងលើកិច្ច​សហប្រតិបត្តិការ​លើគ្រប់វិស័យថែមទៀត ហើយលោកសង្ឃឹមថា តាម រយៈការ ផ្សាយនេះនឹងនាំឲ្យទស្ស​និកជន​កម្ពុ​ជាគ្រប់មជ្ឈដ្ឋានបានស្គាល់ពីវប្បធម៌ដ៏សំបូរ បែបរបស់ជនជាតិ ក្វាងស៊ី និងស្មារតីត ថភាព នៃកំណែទម្រង់​នាពេលបច្ចុប្បន្ន ហើយក៏បាន រៀនសូត្រពីកម្ពុជា វិញផងដែរ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងពត៌មាន បានមានប្រសាសន៍ កោតសរសើរ​ចំពោះលោក​រដ្ឋមន្រ្តីព័ត៌មាន ស៊ិន ប៉ៃហៃ ដែលបានខិតខំប្រឹងប្រែង និងសហការជា មួយទូរទស្សន៍ជាតិកម្ពុជា ក្នុងការបង្កើត ឲ្យមានកម្មវិធី សប្តាហ៍នេះឡើង ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គី ភាពរវាងប្រជាជន របស់យើងទាំងពីរ ឲ្យកាន់តែជិតស្និតថែមទៀត។ នេះជាភាពជោគជ័យថ្មីមួយទៀត ស្របពេលដែល កម្ពុជាធ្វើជា ប្រធាន​សមាគមអា ស៊ាន ដែលទាំងអស់គ្នាកំពុងតែអនុវត្ត គោលការណ៍សមាហរណកម្ម ស៊ីជម្រៅ ក្រោមពាក្យស្លោក «One Community, One Destiny» ។ ជាមួយគ្នានេះដែរ ខេត្តក្វាងស៊ីជាខេត្ត មួយដ៏សំខាន់ដែល​បានធ្វើឲ្យ​សហគមន៍អាស៊ាន ចិនមានលទ្ធភាពផ្លាស់ប្តូរនូវវិស័យវប្បធម៌ សេដ្ឋកិច្ច ពិសេសវិស័យព័ត៌មាន ។