Wednesday, August 22, 2012

អគ្គនាយកដ្ឋាន​ពន្ធដារ​ផ្សព្វផ្សាយ​ប្រព័ន្ធ​សារពើ​ពន្ធនៃ​ព្រះរាជាណាចក្រ​កម្ពុជា

ភ្នំពេញ ៖ ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ធ្វើការ​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី ២២ ខែ​សីហា​ ឆ្នាំ​២០១២ នូវ​ប្រព័ន្ធ​សារពើពន្ធ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង ដើម្បី​ពង្រីក​នូវ​ការ​យល់ដឹង​ឲ្យ​បាន​​ទូលំទូលាយ​នូវ​រាល់​បទប្បញ្ញត្តិ​ស្តីពី​សារពើពន្ធ និង​ពង្រឹង​នូវ​ការគោរព​ប្រតិបត្តិ​ច្បាប់​ទាំងនេះ ដែល​ជា​កាតព្វកិច្ច​ខាន​មិន បាន​របស់​អ្នក​ជាប់ពន្ធ​ក៏ដូចជា​រដ្ឋបាល​សារពើពន្ធ។
សិក្ខាកាម​ចំនួន ៣០០ នាក់​តំណាង​ឲ្យ​សហគ្រាស​ជាប់ពន្ធ​ធំ​ប្រមាណ ២០០ សហគ្រាស  ដែល​មកពី​វិស័យ​នីហរ័ណ អាហរ័ណ សណ្ឋាគារ និង​ភោជនីយដ្ឋាន​បាន​មក​ចូលរួម​ក្នុង សិក្ខាសាលា​នេះ ដែល​ប្រព្រឹត្តទៅ​នៅ​សាលា​ពន្ធ​ដារ​ជាតិ​ដោយ​ផ្តោត​ជា​សំខាន់​លើ​ការអនុវត្ត​ប្រភេទ​ពន្ធ​សំខាន់ៗ​មួយ​ចំនួន ដែល​មាន​សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​ជាប់ពន្ធ ព្រមទាំង​នីតិវិធី​នៃ​បណ្តឹង​តវ៉ា​ដែល​អ្នក​ជាប់ពន្ធ គ្រប់រូប​ត្រូវ​យល់ដឹង។
នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ ជា​នាយកដ្ឋាន​សំខាន់​មួយ​ក្នុងចំណោម​នាយកដ្ឋាន​ទាំង ៧ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​បាន​និង​កំពុងធ្វើការ​គ្រប់គ្រង និង​ប្រមូល​ពន្ធ​លើ​អ្នក​ជាប់ពន្ធ​ធំ​ចំនួន ប្រមាណ ២០០០ សហគ្រាស ដែល​មាន​សមាមាត្រ​ចំណូល​ប្រមាណ ៨៥%នៃ​ចំណូល​សរុប​របស់​អគ្គ នាយកដ្ឋាន​ពន្ធដារ។
លោក វ៉ាន់ ពុទ្ធិ​ពល ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ​ថ្លែង​ថា ក្នុង​រយៈពេល ៥ ឆ្នាំ​ជាប់ គ្នា​កន្លងមក នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ ប្រមូល​ចំណូល​ពន្ធដារ​ផ្ទៃក្នុង​គ្រប់​ប្រភេទ​កើន ឡើងជា លំដាប់ ក្នុងនោះ​​ឆ្នាំ ២០០៧ សម្រេច​បាន ៩១៥ ពាន់​លាន​រៀល ឆ្នាំ ២០០៨ សម្រេច​បាន ១ ៣០៤ ពាន់​លាន​រៀល ឆ្នាំ ២០០៩ សម្រេច​បាន ១ ៤៨៣ ពាន់​លាន​រៀល ឆ្នាំ ២០១០ សម្រេច​បាន ១ ៧២៨ ពាន់​លាន​រៀល ឆ្នាំ ២០១១ សម្រេច​បាន ១ ៨១៩ ពាន់​លាន​រៀល និង ក្នុង​រយៈពេល ៧ ខែ​ដើម ឆ្នាំ ២០១២ នេះ​សម្រេចបាន ១ ៥១៣ ពាន់​លាន​រៀល។លោក​ប្រធាន​នាយកដ្ឋាន​មានប្រសាសន៍ថា គិត ជា​កំណើន​ឃើញថា ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លងមកនេះ នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ​បានធ្វើ​ឲ្យ ចំណូល​ថវិកាជាតិ​កើង​ឡើង​ទ្វេដង។
យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ឲ្យ​ដឹងថា ជោគជ័យ​នៃ​ការ​ប្រមូល​ពន្ធដារ នេះ គឺជា​ផ្លែផ្កា​នៃ​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​កម្មវិធី​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​នៅ​ដើមខែ​ធ្នូ ឆ្នាំ ២០០៤ ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ក្នុងនោះ​អគ្គនាយកដ្ឋាន​ពន្ធដារ​បានដាក់​ចេញ នូវ​ផែនការ​សកម្មភាព​រប​ស់​ខ្លួន ក្នុងការ​កែលំអ​គោលនយោបាយ​សារពើពន្ធ និង​ការពង្រឹង​រដ្ឋបាល សារពើពន្ធ រួមមាន​ការផ្តល់សេវា​ដល់​អ្នក​ជាប់ពន្ធ​កាន់តែ​បានល្អ​ឆាប់រហ័ស អនុវត្ត​កម្មវិធី​ចាប់បង្ខំ​ចំ ពោះ​អ្នក​ជាប់ពន្ធ​ដែល​មិន​គោរព​ច្បាប់ និង​បានធ្វើការ​បណ្តុះបណ្តាល​ជាប់​ជាប្រចាំ​ចំពោះ​មន្ត្រី​ពន្ធដារ ព្រមទាំង​អប់រំ​អ្នក​ជាប់ពន្ធ​ឲ្យ​បាន​យល់ច្បាស់​អំពី​បទ​ប្បញ្ញត្តិ​ទាំងឡាយ​នៃ​ច្បាប់​ស្តីពី​សារពើពន្ធ សិទ្ធិ និង​អំណាច​របស់​រដ្ឋបាល​សារពើពន្ធ សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​ជាប់ពន្ធ​ជាដើម ដែល​ធ្វើ​ឲ្យ​ការ​គ្រប់ គ្រង​ប្រមូល​ពន្ធ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​នោះ៕
ស្នាយ​ពល