Wednesday, August 22, 2012

រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បដិសេធថា មិនបាន​ធ្វើ​អត្ថាធិប្បាយ ប៉ះពាល់​ដល់​ស្ត្រី​បឹងកក់​ទេ​

ភ្នំពេញ: លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បាន​បដិសេធថា លោកស្រី មិនបាន​ធ្វើ​អត្ថាធិប្បាយ​ណាមួយ ពាក់ព័ន្ធ​នឹង​អំពើហិង្សា ដែល​ប៉ូលិស​បាន​វាយ​បង្ក្រាប​លើ​ក្រុម​ស្ត្រី​បឹងកក់ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ស្ត្រី​ទាំងនោះ​ទេ​។ លោកស្រី​រដ្ឋមន្ត្រី បញ្ជាក់ថា លោក​ស្រី​នឹង​រង់ចាំ​នូវ​លទ្ធផល​នៃ​ការអង្កេត​លើ​ករណី​ជម្លោះ​ប៉ះទង្គិច​នោះ មុននឹង​ធ្វើ​អត្ថាធិប្បាយ​។​

​ក្នុងពេល​ផ្តល់​បទសម្ភាសន៍​ដល់​ក្រុមអ្នកកាសែត ក្រោយពី​ជួប​អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ នៅ​ហាង​សូត្រ សិន​តូ​ហ្សា ក្នុង​ទីក្រុង​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១២ លោកស្រី អ៊ឹង កន្ថាផាវី បាន​លើកឡើង​ថា "​ខ្ញុំ​និយាយ​នោះ មុន​ព្រឹត្តិការណ៍ ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១២ ហើយពីរ​ថ្ងៃមុន​នេះ ( ថ្ងៃទី​២០​សីហា ឆ្នាំ​២០១២ ) គេ​មក​ធ្វើបាតុកម្ម នៅ​មុខ​ក្រសួង​របស់​ខ្ញុំ សុំ​ឲ្យ​ខ្ញុំ​ដក​ពាក្យ​។ តែ​ខ្ញុំ​អត់​បាន​និយាយ​អ្វី ទៅលើ​ស្ត្រី​ទាំងអស់ ( បឹងកក់ ) ដែល​គាត់​ជួបប្រទះ​អំពើហិង្សា កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១២​។ រីឯ​វិទ្យុ​អាស៊ីសេរី បាន​យក​សម្តី​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​សម្ភាសន៍​ជាមួយ​គាត់ តាំងពី​ខែ​ប្រាំ ( ឧសភា ) មកចាក់ គឺ​នៅ​មុន​ព្រឹត្តិការណ៍​នោះ​កើតឡើង​។ អា​ហ្នឹង ដូច​ដាក់​ប្រេង លើ​ភ្លើង​។ ភ្លើង​កំពុង​ឆេះ គាត់​ដាក់​បន្ថែមទៀត​"​។​

​ចំពោះ​ករណី​តវ៉ា​របស់​ស្ត្រី​បឹងកក់ ហើយ​មាន​ការបង្ក្រាប​ដោយ​ហិង្សា​លើ​ស្ត្រី​ទាំងនោះ មិន​ត្រូវបាន​លោកស្រី​រដ្ឋមន្ត្រី អត្ថាធិប្បាយ​បែបណា​ទេ ដោយ​លោកស្រី អ៊ឹង កន្ថាផាវី​អះអាង​ប្រាប់​អ្នកកាសែត នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១២ ថា លោកស្រី​រង់ចាំ​ការស៊ើបអង្កេត​សិន ដោយ​លោកស្រី មិន​អាច​សន្និដ្ឋាន​អ្វី​បានទេ នៅពេលនេះ​។ ការស៊ើបអង្កេត​លើ​ករណី​ហិង្សា​លើ​ស្ត្រី និង​កុមារ ដែល​ក្រសួង​កិច្ចការនារី ជួបប្រទះ​នោះ គឺ​អាច​ចំណាយ​ពេល​ពី ៦ ខែ ទៅ​មួយ​ឆ្នាំ​ដែរ​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១២ មាន​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​ប្រជាពលរដ្ឋ​បឹងកក់ និង​កម្លាំង​បង្ក្រាប​បាតុកម្ម ដោយ​មាន​ការ​វាយ​ទាត់​ធាក់​លើ​ក្រុមអ្នកតវ៉ា និង​ក្មេងៗ ដែល​បាន​ស្រែកយំ ទាមទារ​ឲ្យ​ដោះលែង​ស្ត្រី​អ្នកភូមិ​បឹងកក់​ជាប់​ឃុំឃាំង​ចំនួន ១៣​នាក់​។ ក្នុង​ព្រឹត្តិការណ៍​នោះ នាំ​ឲ្យ​ស្ត្រី​ម្នាក់ រលូត​កូន​។​

​ការតវ៉ា​នោះ បាន​ធ្វើឡើង ខណៈ​ដែល​តុលាការ​សាលាឧទ្ធរណ៍ បាន​លើកយក​ករណី​ប្រជាពលរដ្ឋ​បឹងកក់ ១៣ នាក់ មក​ជំនុំជម្រះ ហើយ​បាន​សម្រេច​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ហើយ តាមរយៈ​អំណាច សាលដីកា របស់​សាលាឧទ្ធរណ៍ កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១២​។​

​ព្រឹត្តិការណ៍​បង្ក្រាប​របស់​ប៉ូលិស​យ៉ាង​ហិង្សា​នោះ ហើយ​ដែល​នាំ​ឲ្យ​កាសែត ស្រង់​ប្រសាសន៍​របស់​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចកា​រី ហើយ​កាលពី​ថ្ងៃ​ទី​២០​សីហា ឆ្នាំ​២០១២ ក្រុម​ស្ត្រី​បឹងកក់ ក៏​បាន​លើកគ្នា ទៅ​កាន់​ក្រសួង​កិច្ចការនារី ដើម្បី​ឲ្យ​លោកស្រី រដ្ឋមន្ត្រី​កែតម្រូវ​អត្ថាធិប្បាយ ដែល​ស្ត្រី​បឹងកក់ ចាត់ទុកថា បាន​ប៉ះពាល់​ដល់​ពួកគេ​។​

​គួររំលឹកថា ប្រជាពលរដ្ឋ​បឹងកក់ ១៣​នាក់ ត្រូវ​បាន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​ការចោទប្រកាន់​ពី​បទ​កាន់កាប់ ដោយ​ខុសច្បាប់ លើ​អចលនវត្ថុ របស់​នីតិបុគ្គល សាធារណៈ និង​បទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ ដោយ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម សម្រេច​ឱ្យ ៧​នាក់ ជាប់ពន្ធនាគារ ២​ឆ្នាំ ៦​ខែ​, ៥​នាក់ ជាប់ពន្ធនាគារ​រយៈពេល ២ ឆ្នាំ ៦​ខែ តែ​អនុវត្ត​ក្នុង​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ និង​ម្នាក់​ទៀត​ដែល​ជា​ស្ត្រី​វ័យ ៧២​ឆ្នាំ ត្រូវ​ជាប់​ពន្ធនាគា​រ​រយៈពេល ២ ឆ្នាំ ៦​ខែ តែ​អនុវត្ត​ក្នុង​ពន្ធនាគារ រយៈពេល ១​ឆ្នាំ​។ ស្ត្រី​ទាំងនោះ ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១២ ក្នុង​ជម្លោះ​ដី​នៅ​បឹងកក់​៕​