Wednesday, August 22, 2012

លោក ស ខេង៖ កិច្ចការពារសន្ដិសុខមិនអាចជោគជ័យ បើគ្មានការចូលរួមពីប្រជាពលរដ្ឋ

កែប: ប្រមុខ​ដឹកនាំ​ក្រសួងមហាផ្ទៃ​មានប្រសាសន៍ថា ដើម្បី​ការពារ​សន្ដិសុខ​សុវត្ថិភាព​បាន​ជោគជ័យ លុះត្រាតែ​មានការ​ចូលរួម​សហការ​ពី​ប្រជាពលរដ្ឋ​។ បើ​មិន​ដូច្នេះ​ទេ ទោះ​កម្លាំង​ប៉េអឹម ប៉ូលិស ច្រើន​លើសលប់ ក៏​មិនបាន​សម្រេច​លទ្ធផល​ល្អ​ដែរ​។​    ​

​នៅ​ចំពោះមុខ​សមាជិក​ប្រមាណ​ជាង ៤០០ នាក់ ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​អភិបាល អភិបាលរង​ខេត្ដ​កែប កាលពី​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១២ នា​សាលប្រជុំ​សាលា​ខេត្ដ​កែប លោក​ឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា បញ្ហា​សន្ដិសុខ​សុវត្ថិភាព ជា​កត្ដា​ចាំបាច់​បំផុត ពិសេស​ក្នុង​ឆមាស​ទី​ពីរ នៃ​ឆ្នាំ​២០១១២ រហូតដល់​ឆ្នាំ​២០១៣ ដែលមាន​ការបោះឆ្នោត​សកល​នោះ ការការពារ​សន្ដិសុខ​ត្រូវតែមាន​ភាព​តឹងរ៉ឹង​។ 

​លោក​បាន​បន្តថា ជាធម្មតា​នា​ដំណាក់កាល​រៀបចំ​បោះឆ្នោត​ថ្នាក់ជាតិ ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ​ប្រទេស បញ្ហា​អសន្ដិសុខ​ងាយ​នឹង​កើតឡើង​ណាស់ ព្រោះ​វា​ជា​ល្បិចកល​របស់​ក្រុម​ជនខិលខូច ក្នុងការ​អុកឡុក ដែលមាន​ច​រឹត​ធ្វើឃាត​ផ្នែក​នយោបាយ​។ ការពង្រឹង​សន្ដិសុខ​ក្នុងដំណាក់កាល​នេះ មិនមែន​បម្រើ​ឱ្យតែ​ដំណើរការ​បោះឆ្នោត​ប៉ុណ្ណោះ​ទេ តែ​ក៏​ជាការ​បម្រើ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ​។ 

​លោក​ឧបនាយករដ្ឋមន្ដ្រី​បាន​បន្ថែមថា បញ្ហា​ការពារ និង​រក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់​នេះ ទោះបីជា​ប្រើ​កម្លាំង​ប៉ូលិស ប៉េអឹម​ច្រើន​លើសលប់ ក៏​មិនអាច​ទទួលជោគជ័យ​ដែរ បើសិន​ប្រជាពលរដ្ឋ​មិន​ចូលរួម​សហការ​។ ដូច្នេះ​សមត្ថកិច្ច​ត្រូវ​អប់រំ ណែនាំ ផ្សព្វផ្សាយ ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ស្មារតី​សហការ ពិសេស​ពេល​មាន​ហេតុការណ៍​មិនល្អ​ណាមួយ​អាច​នឹង​កើតឡើង​នៅ​មូលដ្ឋាន ត្រូវ​ជូនដំណឹង​ដល់​សមត្ថកិច្ច​ជាបន្ទាន់​។ 
​    ​
​គួរ​បញ្ជាក់ថា ការប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​អភិបាល អភិបាលរង​ខេត្ដ​កែប​នេះ លោក កែន ស​ត្ថា អតីត​អភិបាលរង​ខេត្ដ​កែប ត្រូវ​ទទួល​តំណែង​ជា​អភិបាលខេត្ដ​កែប ជំនួស​លោក ហាស់ សារ៉េត ដែល​ទទួល​តំណែង​ជា​អភិបាលខេត្ដ​ព្រៃវែង​។ ដោយឡែក លោក សោម ពិសិដ្ឋ មន្ដ្រី​មកពី​ក្រសួងកសិកម្ម ត្រូវបានតែងតាំង​ជា​អភិបាលរង​ខេត្ដ​កែប​។​
​    ​
​ពាក់ព័ន្ធ​នឹង​ការទទួល​ភារកិច្ច និង​តំណែង​ជា​អភិបាល អភិបាលរង​ខេត្ដ​នេះ លោក​ឧបនាយករដ្ឋមន្ដ្រី ស ខេង បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ថា បន្ទាប់ពី​លោក ហាស់ សារ៉េត ចាក​ចេញទៅ កិច្ច​ការដែល​ត្រូវ​បន្ដ​ក្នុង​កិច្ចអភិវឌ្ឍន៍​ខេត្ដ​កែប នៅមាន​ច្រើន​ទៀត​។ ទោះជា​យ៉ាងនេះ​ក្ដី សង្ឃឹមថា លោក កែន ស​ត្ថា នឹង​ដឹកនាំ​មន្ដ្រីរាជការ​គ្រប់​មន្ទីរ​អង្គភាព កសាង​សមិទ្ធផល​ធំៗ ឆ្ពោះទៅកាន់​ភាពជោគជ័យ តាមរយៈ​បទពិសោធន៍​ធ្លាប់មាន​កន្លងមក ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ម្នាក់ ដែល​បាន​ប្រឡូក​ការងារ​យូរអង្វែង​៕