Wednesday, August 22, 2012

នាយរងប៉ុស្តិ៍ ជិះម៉ូតូមិនគោរពច្បាប់ បុកមនុស្សឲ្យរងរបួសធ្ងន់

សៀមរាប: លោក​នាយរង​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​ចុង​ព្រិច បាន​ជិះ​ម៉ូតូ​បុក​បុរស​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ខណៈដែល​ជនរងគ្រោះ​កំពុង​ដើរ​តាម​ចិញ្ចើមថ្នល់​ខាងស្តាំ​ដៃ​។​
​    ​
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង ១៩ ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១២ នៅ​ចំណុច​ភូមិ​អូរ​អង្រែ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ 

​បុរស​ដែល​រងរបួស​មានឈ្មោះ ណាំង នឿន អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ រងរបួស​ក្បាល​ខាងឆ្វេង ក្បាល​ខាងស្តាំ ត្រគាក និង​ជើង​។ រីឯ​នាយរង​ប៉ុស្តិ៍​ការពារ​ព្រំដែន ឈ្មោះ យ៉ង់ ថុល ឋានៈ​អនុសេនីយ៍ត្រី របួស​បាក់​ឆ្អឹងជំនីរ និង​បែកក្បាល កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ដូចគ្នា​។ ចំណែក​ម៉ូតូ​ដែល​បង្ក​គ្រោះថ្នាក់ ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ត្រពាំង​តាវ​។ 
​    ​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​និយាយថា មុនពេល​កើតហេតុ គេ​ឃើញ​បុរសរងគ្រោះ​ដើរចេញ​ពី​តារាង​បាល់ទះ​មួយកន្លែង ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ លុះ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់តែ​ឃើញ​លោក​នាយរង​ប៉ុស្តិ៍​ជិះ​ម៉ូតូ​យ៉ាង​លឿន តាម​ចិញ្ចើមថ្នល់ ខាងឆ្វេង​ដៃ​របស់ខ្លួន ទៅបុក​បុរសរងគ្រោះ​ទាំង​កំរោល​តែម្តង​។ ក្រោយពេល​បុក ទាំង​អ្នកដើរ​ទាំង​អ្នកជិះ​ម៉ូតូ សុទ្ធតែ​សន្លប់​ទាំងអស់គ្នា ប៉ុន្តែ​មុនពេល​បុក លោកនាយ​ប៉ុស្តិ៍​ហាក់ដូច​ជាមាន​សភាព​ស្រវឹង​ផង ទើប​ជិះ​ម៉ូតូ​មិនដឹង​ឆ្វេង​ស្តាំ​របស់ខ្លួន​យ៉ាងនេះ​។​
​    ​
​នៅក្នុង​មន្ទីរពេទ្យ ស្ត្រី​ជា​ប្រពន្ធ​របស់​ជនរងគ្រោះ បាន​អះអាងថា ប្តី​របស់គាត់​បាន​ដើរ​នៅ​ខាងស្តាំ តែ​លោក​ប៉ូលិស​បាន​ជិះ​ម៉ូតូ​បញ្ច្រាសទិស ទៅបុក​ប្តី​គាត់ មិនដឹងថា​ជា​មូលហេតុ​អ្វី​។ ពេលនេះ​ប្តី​របស់គាត់​នៅ​មិនទាន់​ដឹងខ្លួន​នៅឡើយ​ទេ ហេតុដូច្នេះ​ការទាមទារ​សំណង​យ៉ាងណា​នោះ គឺ​ត្រូវ​រង់ចាំ​ពេល​ប្តី​ដឹងខ្លួន​សិន​។ ប៉ុន្តែ​ប្រសិនបើ​ធ្លាក់ខ្លួន​ពិការ​ក្នុង​កម្រិត​ធ្ងន់ធ្ងរ គាត់​នឹង​ប្តឹង ដើម្បី​ឲ្យ​ច្បាប់​ជួយផ្តល់​យុត្តិធម៌​៕