Wednesday, August 22, 2012

ព្រមាន​ដាក់ទោស ដល់​មន្ត្រី​ចេញ​លិខិតបញ្ជាក់​ដីធ្លី​ខុសច្បាប់​

ភ្នំពេញ: ​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​ជំនាញ​បាន​ព្រមាន​ខ្លាំងៗ​ដល់​មន្ត្រី​អាជ្ញាធរ​ដែនដី​មូលដ្ឋាន​ណា ដែល​ព្រហើន បន្ត​ហ៊ាន​ចុះហត្ថលេខា ឬ​វាស់វែង​ដី​គម្រប​ព្រៃឈើ ដី​តំបន់​ការពារ​បរិស្ថាន លក់​-​ទិញ ធ្វើ​អំណោយ ឬ​ផ្ទេរសិទ្ធិ​កាន់កាប់​គ្រប់គ្រង​ការ​ទន្ទ្រាន​ដី​ព្រៃឈើ នៃ​ផែនទី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ និង​ដី​ព្រៃ​តំបន់​ការពារ​បរិស្ថាន​។​
​    ​
​ការព្រមាន​នេះ បាន​ធ្វើឡើង ចំពោះមុខ​មន្ត្រី និង​ពលរដ្ឋ​ជាង ៦០០​នាក់ នៅក្នុង​ពិធី​ប្រកាស​តំបន់​វិនិច្ឆ័យ​លើ​ការចុះបញ្ជី​ដីធ្លី ដើម្បី​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​បឋម និង​ប័ណ្ណកម្ម​សិទ្ធិ​​ស្ថាពរ​ដល់​ពលរដ្ឋ​ឃុំ​គោក​កឋិន ថ្មពួក និង​ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក នៅក្នុង​វត្ត​ភូមិ​ថ្មី​ឃុំ​ភូមិ​ថ្មី កាលពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១២​។​
​    ​
​លោក ទ្រី ណារិន អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ក្នុង​បទបញ្ជា និង​ការណែនាំ​ដ៏​ម៉ឺង​ម៉ាត់​នោះ បាន​ព្រមាន​ថា "​ខ្ញុំ​ក្នុង​នាម​ខេត្ត និង​ជំនាញ​ដាច់ខាត មិន​អនុញ្ញាត​អោយ​មេភូមិ មេឃុំ ចៅហ្វាយស្រុក​/​រង​ស្រុក ចុះហត្ថលេខា ឬ​ចុះ​វាស់វែង​ដី​គម្រប​ព្រៃឈើ ដី​តំបន់​ការពារ​បរិស្ថាន ដល់​ភាគី​លក់​-​ទិញ ផ្ទេរ ឬ​ជូនអំណោយ​។ បើ​ព្រហើន នឹង​មាន​ទោសទណ្ឌ​"​។ 

​លោក​បន្តថា "​ពលរដ្ឋ​ដាំ​ដុះ​បង្កបង្កើនផល​ លើដី​ដែល​បាន​ធ្វើ​ចាស់ តែ​រានហែក​ព្រៃ​ថ្មី ទៀត​ នៅក្រោយបទបញ្ជា​លេខ ០១ និង​អនុសាសន៍​សម្ដេច​តេជោ​ ហ៊ុន សែន ខែមិថុនា ឆ្នាំ​២០១២ នឹង​មាន​ទោស​ ពុំ​អាច​លើកលែង​បាន​"​។​
​    ​
​លោក ទ្រី ណារិន និយាយ​បន្តថា "​បើ​ពលរដ្ឋ​ណា ក្រីក្រ និង​គ្មាន​ដីធ្លី​សង់​លំនៅ ដី​បង្កបង្កើនផល​ពិតប្រាកដ អាជ្ញាធរ និង​ជំនាញ នឹង​រក​ដី​ប្រគល់ជូន​ជា​សម្បទាន​ដី​សង្គម​កិច្ច ដោយ​ត្រូវ​ធ្វើ​សំណើ​ឡើង​តាម​ភូមិ​-​ឃុំ​មក​។ មាន​ដី​ត្រៀម​រាប់ពាន់​ម៉ឺន​ហិច​តា​"​។​
​    ​
​លោក ប្លែក វ៉ា​រី អភិបាល​ស្រុក​ថ្មពួក និយាយថា "​ក្នុងនាម​ពលរដ្ឋ​នៅ​ឃុំ​ទាំង​៣ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​បំផុត ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​បាន​អនុវត្ត​វាស់វែង និង​ធ្វើ​ប័ណ្ណ​ដី ជូន​ពលរដ្ឋ ដែល​ដី​ប៉ះពាល់​តំបន់​ដី​គម្រប​ព្រៃឈើ និង​ដី​សម្បទាន​សង្គមកិច្ច​នេះ​"​។​
​    ​
​លោក លី សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​បន្ទាយមានជ័យ នាយក​ចាត់ការ​អនុវិស័យ​រដ្ឋបាល​ដីធ្លី​ខេត្ត និយាយថា ក្រុម​ការងារ​ចម្រុះ ចុះ​វាស់វែង​ដីធ្លី ជូន​ពលរដ្ឋ​តាម​នយោបាយ​ចាស់​សកម្មភាព​ថ្មី របស់​រាជរដ្ឋាភិបាល គោលដៅ​បន្ទាយមានជ័យ បាន​ធ្វើ​នៅ​ឃុំ​បន្ទាយឆ្មារ គំរូ និង​គោក​រមៀត ដែល​ផ្ដើម​ពី​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១២ លើ​ដី​ពលរដ្ឋ ដែល​ប៉ះពាល់​នឹង​ដី​ព្រៃ​តំបន់ការពារទេសភាព​បន្ទាយឆ្មារ ដី​សម្បទាន​សេដ្ឋកិច្ច ដី​ក្នុង​ដីកា​ដកហូត​ឆ្នាំ​២០០៥ ឬ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២​។​
​    ​
​លោក លី សារី និយាយ​បន្តថា កន្លងមក មន្ទីរ​បាន​ចុះបញ្ជី​អត្តសញ្ញាណ​កម្ម​ដី និង​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ក្បាលដី សម្រាប់​ធ្វើ​សម្បទាន​សង្គមកិច្ច ជូន​អតីត​កងកម្លាំងប្រដាប់អាវុធ និង​គ្រួសារ នៅ​ឃុំ ៣ គឺ​ឃុំ​គោក​កឋិន ថ្មពួក និង​ភូមិ​ថ្មី ដែល​មាន​ទំហំ ៦.៧៦២ ហិច​តា​។​
​    ​
​លោក​បន្តថា ឥឡូវ​ក្រុមការងារ នឹង​អនុវត្ត​ជំហាន និង​នីតិវិធី ២ ជំហាន ដើម្បី​វាស់វែង និង​ចុះបញ្ជី​ដីធ្លី​ពលរដ្ឋ ដែល​ប៉ះពាល់​នឹង​ដី​គម្រប​ព្រៃឈើ និង​សម្បទាន​ដី​សង្គមកិច្ច​។ ហេតុនេះ ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​មេត្តា​សហការ និង​ភាពងាយស្រួល​ដល់​ក្រុម​​ការងារ​ចុះបញ្ជី​ដីធ្លី និង​ក្រុម​យុវជន​ស្ម័គ្រចិត្ត ដើម្បី​អោយ​ការចុះបញ្ជី​។ អាជ្ញាធរ​ស្រុក ឃុំ និង​មេភូមិ ចាត់វិធានការ​ទប់ស្កាត់ ឬ​បញ្ឈប់​រាល់​ការកាប់​រុករាន​ដីព្រៃ ឬ​បញ្ឈប់​​​ការ​ចេញ​លិខិតបញ្ជាក់​ផ្សេងៗ ដូចជា លិខិត​លក់​-​ទិញ ផ្ទេរ​ឬ​ធ្វើ​អំណោយ ពាក់​ព័ន្ធ​ដីព្រៃ​។ អា​ជ្ញធរ និង​ពលរដ្ឋ កំណត់​អោយ​ច្បាស់លាស់​ត្រឹមត្រូវ និង​បោះ​បង្គោល​​រឹងមាំ នូវ​ព្រំប្រទល់ ក្បាលដី ព្រំប្រទល់​រដ្ឋបាល​។​ល​។​
​    ​
​សូមបញ្ជាក់​ថា ភូមិសាស្ត្រ​ឃុំ​ថ្មពួក ភូមិ​ថ្មី និង​ឃុំ​គោក​កឋិន ស្រុក​ថ្មពួក មាន​ចលនា​រាន​ទន្ទ្រាន​ដី​ព្រៃឈើ​សេសសល់ ពី​ឈ្មួញ មាន​ប្រាក់ យ៉ាង​ខ្លាំងក្លា រហូត​ពេលនេះ​។ ពលរដ្ឋ គ្មាន​ដី​ពិតប្រាកដ ពុំ​ទទួលបាន​លាភ ដូច​ជន​ទាំងនោះ​ទេ​៕​