Wednesday, August 22, 2012

លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អណ្ដូងទឹក ៣០ ដល់ពលរដ្ឋខេត្ដកំពង់ឆ្នាំង

កំពង់ឆ្នាំង: ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅតាម​ជនបទ មាន​ទឹកស្អាត​ប្រើប្រាស់ លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ឧបត្ថម្ភ​ថវិកា​សម្រាប់​ការសាងសង់​អណ្ដូង​ទឹកស្អាត ចំនួន ៣០ អណ្ដូង ជូន​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ចំនួន ៥ របស់​ខេត្ដ​កំពង់ឆ្នាំង​។ ក្នុងនោះ​ស្រុក​ទឹកផុស​ចំនួន ៧ អណ្ដូង ស្រក​រលាប្អៀរ ៩ អណ្ដូង ស្រុក​កំពង់ត្រឡាច ៦ អណ្ដូង ស្រុក​បរិបូរណ៍ ៥ អណ្ដូង និង​ស្រុក​សាមគ្គី​មានជ័យ​ចំនួន ៣ អណ្ដូង​។​
​    ​
​ក្រោយពី​បានធ្វើ​ការសាងសង់​រួចរាល់​ជា​ស្ថាពរ​ហើយ​នោះ កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១២ លោក អ៊ុន សំអុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ​កំពង់ឆ្នាំង រួម​និង​មន្ដ្រី​មួយចំនួនទៀត បាន​ចុះ​ប្រគល់​អណ្ដូង​ទឹកស្អាត​ចំនួន ៣ អណ្ដូង នៅក្នុង​ភូមិ​អូ​លាជ ភូមិ​ត្រពាំង​ផ្គាំ និង​ភូមិ​ឫស្សី​ឌួ​ច ក្នុង​ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ជា​និ​មិ​ត្ដ​រូប​ដល់​អណ្ដូង​ទាំង ៣០ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​ផ្លូវការ​។ 
​    ​
​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ទាំងបី​នោះ លោក អ៊ុន សំអុល បាន​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ និង​សេចក្ដី​នឹង​រលឹក ពី​សំណាក់​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជា​និច្ចកាល​តែងតែបាន​យក​ចិ​ត្ដ​ទុកដាក់ និង​គិតគូរ​ជានិច្ច ចំពោះ​ជីវភាព​រស់នៅ និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​។ 
​    ​
​លោក អ៊ុន សំអុល បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ផងដែរ ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ “​ឲ្យ​បង្កើន​ការយក​ចិ​ត្ដ​ទុកដាក់ ក្នុង​ការដាំ​ដំណាំ​រួមផ្សំ បន្លែបង្ការ​ផ្សេងៗ និង​ចិញ្ចឹមសត្វ​ឲ្យ​បាន​ច្រើន ដើម្បី​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ ផ្គត់ផ្គង់​ជីវភាព​ឲ្យ​កាន់តែ​ប្រសើរឡើង​។ ចំពោះ​ការរស់នៅ ត្រូវមាន​អនាម័យ​ល្អ គឺ​ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត​ជានិច្ច និង​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​ប្រភេទ​ថ្មី គឺ EV-71 ដែល​កំពុង​ប្រឈម​លើ​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ​៕