Wednesday, August 22, 2012

ការ​ផ្តល់​ភាព​អង់អាច ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី ត្រូវបាន​លើក​មក​ពិភាក្សា​

ភ្នំពេញ: ការ​ផ្តល់​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី ស្ថានភាព​របស់​ស្ត្រី និង​បញ្ហា​ប្រឈម​ចំពោះ​​សមភាព​យេនឌ័រ នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស នៅក្នុង​វិស័យ​សេដ្ឋកិច្ច គឺ​ជា​ប្រធានបទ​សម្រាប់​កិច្ចពិភាក្សា រវាង​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី លោកស្រី អ៊ឹង កន្ថា​ផាវី និង​លោកស្រី Heyzer អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ និង​ជា​លេខា​​ប្រតិបត្តិ នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក ( ESCAP ) របស់​អង្គការសហប្រជាជាតិ​។​

​កិច្ចពិភាក្សា​នោះ ធ្វើឡើង នា​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១២ នៅ​ហាង​សូត្រ សេ​តូ​ហ្សា ខាងជើង​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​សហគ្រិន​ស្ត្រី​នាំមុខ​របស់ប្រទេសកម្ពុជា ចូលរួម​ផង​ដែរ​។​

​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បាន​លើកឡើង​ថា ចាំបាច់​ត្រូវ​មាន​ការកសាង​សមត្ថភាព​ផ្នែក​ជំនាញ​សហគ្រិនភាព និង​ជំនាញ​ធុរកិច្ច​ដល់​ស្ត្រី ដើម្បី​គាំ​ទ្រ​​ឲ្យ​ស្ត្រីអាច​ចូលរួម​ឲ្យបាន​ពេញលេញ នៅក្នុង​វិស័យ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ដែល​នឹង​ផ្តល់នូវ​ការការពារ​ដល់​សិទ្ធិ​សេដ្ឋកិច្ច​របស់​ពួកគេ ក៏​ដូច​បង្កើន​កម្រិត​ចំណូល​របស់​ពួក​គេ ឲ្យបាន​កាន់តែ​ខ្ពស់​ជាង​មុន​។ 

​លោកស្រី​រដ្ឋមន្ត្រី​បានប្រកាសថា នៅ​ពាក់កណ្តាល​ខែ​កញ្ញា​ខាងមុខ ក្រសួង​កិច្ចការ​នារី នឹង​ធ្វើ​ការងារ​ជាមួយនឹង​ក្រសួង និង​ដៃគូ​នានា ដើម្បី​ដាក់ចេញ​នូវ​វិធានការ​អនុវត្ត​ជាក់ស្តែង ដើម្បី​ជំរុញ​ឲ្យមាន​ការចូល​រួម​របស់​ស្ត្រី នៅក្នុង​សកម្មភាព​សេដ្ឋកិច្ច តាម​រយៈ​​ការអប់រំ ការផ្តល់​នូវ​សមត្ថភាព និង​ការបង្កើត​សម្ព័ន្ធភាព​ជាមួយនឹង​វិស័យ​ឯកជន​។​

​លោកស្រី អ៊ឹង កន្ថាផាវី បានប្រកាសថា "​គ្រប់​វឌ្ឍនភាព ផ្នែក​សេដ្ឋកិច្ច​ទាំងអស់​របស់​ប្រទេស​កម្ពុជា នឹង​ជួបប្រទះ​ភាព​រាំងស្ទះ នៅពេល​ដែល​សក្កា​នុព​ល​របស់​ស្ត្រី​រាប់ពាន់នាក់ មិន​ត្រូវបាន​គេ​ទាញ​យកមក​ប្រើប្រាស់​"​។​

​ចំណែក​លោក​ស្រី​អគ្គលេខាធិការរង Heyzer បាន​លើកឡើង​ថា "​ការវិនិយោគ​ក្នុង​ការពង្រឹង​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី គឺជា​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដ៏​ឈ្លាសវៃ​។ ប្រទេស​កម្ពុជា​កំពុង​ទទួល​ស្គាល់​នូវ​សារសំខាន់ ក្នុង​ការគាំទ្រ​ភាពជា​អ្នកគ្រប់គ្រង​ពាណិជ្ជកម្ម​របស់​ស្ត្រី ពីព្រោះ​ការដោះស្រាយ​គម្លាត​សមភាព​យេនឌ័រ និង​ការផ្តល់​ឱកាស​ទទួល​ភាព​ជា​សហគ្រិន ធ្វើឲ្យ​ប្រទេស​ជាតិ អាច​បន្ត​ដំណើរការ​ដ៏​មាន​តម្លៃ​របស់​ខ្លួន មិន​បិទ​បាំង​ទេពកោសល្យ និង​កម្លាំង​ថាមពល​របស់​ស្ត្រី​។ 

​លោកស្រី​អគ្គលេខាធិការរង បាន​បន្ថែមថា ការវិនិយោគ​ក្នុង​ការអប់រំ និង​សុខភាព​របស់​ស្ត្រី និង​ក្មេង​ស្រី គឺជា​ចំណុច​មួយ ក្នុង​ចំណោម​ចំណុច​ដ៏​សំខាន់​ជាច្រើន ក្នុង​ការពង្រឹង​ការងារ និង​និរន្តរភាព​ការងារ ព្រមទាំង​ការដោះស្រាយ​ផលប៉ះពាល់​ជា​ច្រើន​នៃ​ភាពក្រីក្រ​។ ខ្ញុំ​សូម​សម្តែង​នូវ​សេចក្តី​សរសើរ​ចំពោះ​ប្រទេស​កម្ពុជា ទៅលើ​ដំណើរការ​ជាច្រើន ដែល​បាន​ធ្វើ​រួចជាស្រេច​។ បើទោះជា​ការធ្វើដំណើ​របា​ន​ចាប់ផ្តើម​ដូច្នេះ​ក៏ដោយ ក៏​នៅតែ​មាន​កិច្ចដំណើរការ​ជាច្រើន ដែល​នឹង​ត្រូវ​ធ្វើ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​កិច្ចការនារី បាន​លើកឡើង​ថា ក្នុងប្រទេស​កម្ពុជា បើទោះបីជា​មាន​ស្ត្រី​អាយុ​លើសពី ១៥ ឆ្នាំ ៤ នាក់ ក្នុងចំណោម ៥ នាក់ កំពុង​ធ្វើ​ការងារ​ក៏ដោយ នៅក្នុង​វិស័យ​ក្នុង​ប្រព័ន្ធ មាន​កម្មករ​និយោជិត​ត្រឹមតែ​មួយ​ភាគ​បី​តែប៉ុណ្ណោះ ជា​ស្ត្រី​។ ម្យ៉ាងវិញទៀត ស្ត្រី​មាន​ចំនួន​ជាង ៨០ ភាគរយ នៃ​កម្មករ​និយោជិត នៅក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​រួមមាន ការងារ​ធ្វើ​ដោយ​ខ្លួនឯង និង​ការងារ​ដែល​មិន​បាន​ប្រាក់​កម្រៃ ដែល​មាន​ភាព​ងាយ​រងគ្រោះ​ខ្ពស់​។​

​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សហ​ប្រជាជាតិ ដឹកនាំ​ដោយ​លោកស្រី Heyzer មកកាន់​ប្រទេស​កម្ពុជា​ពេលនេះ រួមមាន កិច្ច​ពិគ្រោះ​យោបល់ ជាមួយ​នឹង​ស្ត្រី ដែល​ជា​សហគ្រិន​នាំមុខគេ មក​ពី​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា និង​ដំណើរ​ទស្សនកិច្ច ទៅកាន់​ហាង​លក់​ផលិតផល ធ្វើ​ពី​សូត្រ ក្នុងស្រុក​មួយ ដែល​ជា​ហាង​របស់​ស្ត្រី​កម្ពុជា​ម្នាក់ គឺ​លោកស្រី សេង តក្ត​នារី ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​។​

​ក្នុង​កិច្ចពិភាក្សា​នោះ លោកស្រី សេង តក្ត​នារី បាន​លើកឡើង​ថា ការបង្កើត​បណ្ថាញ​រវាង​ស្ត្រី ដែល​ជា​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម មាន​សារៈសំខាន់​យ៉ាងខ្លាំង ដើម្បី​បង្កើត​នូវ​បរិយាកាស​អនុគ្រោះ​មួយ សំដៅ​ដោះស្រាយ​បញ្ហា​កង្វះ​ព័ត៌មាន និង​តួនាទី​ជា​ប្រពៃណី ដែល​ធ្វើឲ្យ​ស្ត្រី​នៅតែ​ផ្ទះ និង​មិន​អាច​ប្រកប​អាជីវកម្ម​អ្វី​បាន​។​

​ទោះជា​យ៉ាងណា​ក៏ដោយ ក្រសួង​កិច្ចការនារី ក៏​បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​របស់​ស្ត្រី​កម្ពុជា នាពេល​បច្ចុប្បន្ន ពាក់ព័ន្ធ​នឹង​ការចូលរួម​ផ្នែក​សេដ្ឋកិច្ច រួមមាន​៖ អក្ខ​រកម្ម កម្រិត​វប្បធម៌​ទាប​របស់​មនុស្ស​ពេញវ័យ​ជា​ស្ត្រី ផ្នត់គំនិត​យេនឌ័រ និង​ការ​មានលទ្ធភាព​តិចតួច ក្នុង​ការទទួលបាន និង​គ្រប់គ្រង​ធនធាន​នានា ធ្វើឲ្យ​ស្ត្រី​មាន​ជម្រើស​ប្រកបមុខរប​រ​តិចតួច​។ កត្តា​ទាំង​នេះ គឺជា​ឧបសគ្គ​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​រារាំង​មិន​ឲ្យ​ស្ត្រី អាច​ជំនះ​ភាពក្រីក្រ​របស់​ពួកគេ​បាន​។​

​មួយវិញទៀត ក្រសួង​កិច្ចការនារី ក៏​បាន​ផ្សព្វផ្សាយ​ថា មាន​ស្ត្រី​អាយុ​លើសពី ១៥ ឆ្នាំ រហូតដល់​ទៅ ៣៣ ភាគរយ ដែល​មិន​ចេះអក្សរ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សមត្ថភាព របស់​ពួកគេ ក្នុង​ការរក​ការងារ ដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់​ធ្វើ ហើយ​ធ្វើឲ្យ​ពួកគេ​កាន់តែ​ងាយ​រងគ្រោះ ដោយសារ​តែ​ការកេងប្រវ័ញ្ច និង​ការ​បោក​បញ្ឆោត នៅក្នុង​សកម្មភាព​ប្រចាំថ្ងៃ​របស់​ពួកគេ ជាដើម​៕