Wednesday, August 22, 2012

ព្រះសង្ឃ​ធ្វើ​ធម្ម​យាត្រា ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​នៃ​ជំងឺគ្រុនចាញ់ ជា​លើក​ទី​១ នៅ​ប៉ៃលិន​

ភ្នំពេញ: ព្រះសង្ឃ​ជា​ច្រើន​អង្គ​នៅ​ប៉ៃលិន នឹង​ធ្វើ​ធម្ម​យាត្រា​រយៈពេល​ប្រាំ​ថ្ងៃ ដើម្បី​អប់រំ​ប្រជាជន​​ចំណាកស្រុក ទាក់ទង​នឹង​គ្រោះថ្នាក់​នៃ​ជំងឺគ្រុនចាញ់ ក្នុង​គោលបំណង​កាត់បន្ថយ​អត្រា​ស៊ាំ​ថ្នាំ​នៅ​ខេត្ត​ប៉ៃលិន​។ ធម្ម​យាត្រា​ដ៏​ធំ​ជា​លើកដំបូង​នោះ នឹង​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១២ ដោយ​មាន​ព្រះសង្ឃ ចំនួន ៦០​អង្គ យាយជី ១០​នាក់ តាអាចារ្យ ១០ នាក់ និង​អ្នកស្ម័គ្រចិត្ត​អប់រំ​ជំងឺគ្រុនចាញ់ តាម​​ភូមិ​ចំនួន ១៣៨ នាក់ ព្រមទាំង​មន្ត្រី​រដ្ឋាភិបាល​ជាច្រើនរូប​ទៀត ចូលរួម​ហែ​ធម្ម​យាត្រា​នោះ​។ 

​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១២ បង្ហាញថា ធម្ម​យាត្រា​ដ៏​ធំ​នោះ ធ្វើឡើង បន្ទាប់​ពី​អង្គការ​សុខភាព​ពិភពលោក បាន​ព្រមាន​កាលពី​ឆ្នាំ​មុន​ថា អត្រា​​ស៊ាំ​ថ្នាំ​ជំងឺគ្រុនចាញ់ នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ នឹង​មាន​ការកើនឡើង​គួរអោយ​ព្រួយបារម្ភ​។ មូលហេតុ ដែល​បណ្តាល​អោយ​មាន​ភាពស៊ាំ​ថ្នាំ​នេះ ជារឿយៗ​បណ្តាល​មក​ពី​ការព្យាបាល មិន​បាន​ត្រឹមត្រូវ និង​ការរីក​រាលដាល​នៃ​ថ្នាំ​ព្យាបាល​ជំងឺ​គ្រុនចាញ់​ក្លែងក្លាយ​នៅ​តំបន់​ទាំងនោះ​។ 

​សេចក្តីប្រកាស​លើក​ឡើង​ថា ការព្រមាន​របស់​អង្គការ​សុខភាព​ពិភពលោក គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ការរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង (AFP) ដែល​បាន​រាយការណ៍ កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១២ ថា ថ្នាំ​ព្យាបាល ជំងឺគ្រុនចាញ់ ដែល​នាំចូល​តំបន់​អាស៊ីអាគ្នេយ៍​ជាង​មួយ​ភាគបី គឺជា​ថ្នាំ​ក្លែងក្លាយ ហើយ​ថ្នាំ​ក្លែងក្លាយ​នេះ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០០៦ ហើយ​បន្ទាប់មក​ថ្នាំ​ក្លែងក្លាយ​នេះ បាន​ទៅ​ដល់​តំបន់​ខា​លិច​ព្រំដែន​ថៃ និង​ភូមា​។ 

​សេចក្តីប្រកាស លើកឡើងថា ប្រជាជន​ប្រហែល​ជា​ពាក់កណ្តាល នៅលើ​ពិភពលោក បាន​កើត​ជំងឺ​គ្រុនចាញ់​នេះ ហើយ​ជំងឺ​នេះ បាន​ឆក់យក​ជីវិត​មនុស្ស​អស់​ចំនួន ៨៦០.០០០ នាក់ ជា​រៀងរាល់ឆ្នាំ​។ នេះ​បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក​។ ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក​ដដែល បានអោយដឹងថា ការព្យាបាល​
​ដោយ​ថ្នាំ មិន​ត្រូវ​តាម​ស្តង់ដា គឺជា​បញ្ហា​ដ៏​ចំបង​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​។ 

​លោក​វេជ្ជបណ្ឌិត ច ម៉េង​ជួរ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជម្ងឺគ្រុនចាញ់ បាន​មាន​ប្រសា​ស​ន៏​ថា បញ្ហា​ស៊ាំ​ថ្នាំ​ជំងឺគ្រុនចាញ់ គឺ​មិនមែន​ជា​បញ្ហា​សម្រាប់​ប្រទេស​កម្ពុជា​តែ​មួយ​នោះ​ទេ ប៉ុន្តែ​វា​ជា​បញ្ហា​របស់​សកលលោក​ទាំងមូល​។​

​សេចក្តីប្រកាស​ក៏​លើកឡើងថា ការធ្វើ​ធម្ម​យាត្រា​របស់​ព្រះសង្ឃ យាយជី តាអាចារ្យ​រាប់សិប​នាក់​នេះ បាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការចូលរួម​ចំណែក កាត់បន្ថយ​ភាពគ្រោះថ្នាក់​នៃ​ការ​ស៊ាំ​ថ្នាំ​ក្នុង​សហគមន៍​។ ព្រះសង្ឃ​មាន​បំណង​រួមចំណែក​លើក​កំពស់​ការយល់ដឹង ពី​គ្រោះថ្នាក់ នៃ​ជំងឺ​គ្រុនចាញ់ ដល់​ប្រជាជន​ចំណាកស្រុក និង​ជំរុញ​ពួកគេ​អោយ​ទៅ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ទទួល​ការព្យាបាល​អោយបាន​ទាន់ពេល និង​បង្ហាញ​ប្រជាពលរដ្ឋ​អោយ​យល់ដឹង​ពី​សារៈសំខាន់ នៃ​ការ​ដេក​ក្នុង​មុង​ជ្រលក់​ថ្នាំ​។ 

​សេចក្តីប្រកាស បាន​លើកឡើង​ថា នៅក្នុង​ប្រទេស​កម្ពុជា មាន​ប្រជាជន​ជាង ២ លាន​នាក់ រស់នៅ​តាម​តំបន់​ព្រៃភ្នំ ដែល​ជា​តំបន់​ប្រឈម មុខ​ខ្ពស់​ទៅ​នឹង​ការឆ្លង​ជំងឺ​គ្រុនចាញ់​។ ​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​។ ខេត្ត​ប៉ៃលិន ត្រូវបាន​គេ​ចាត់ទុកជា ខេត្ត​ដែល​មាន​ការ​ប្រឈម​ខ្ពស់ ទៅ​នឹង​ជំងឺគ្រុន​ចាញ់ ហើយ​ខេត្ត​នេះ​មាន​ប្រជាជន​ចំណាកស្រុក​ច្រើន មក​ស្វែងរក​ការងារ​ធ្វើ​នៅ​តំបន់​នេះ​។ ភាពខ្វះ​ចំណេះដឹង​ទាក់ទង​នឹង​គ្រោះថ្នាក់​នៃ​ជំងឺគ្រុនចាញ់ និង​ភាព​ខ្សោយ​នៃ​ប្រព័ន្ធ​ការពារ បាន​ធ្វើអោយ​ពួកគេ​ងាយ​កើត​ជំងឺគ្រុនចាញ់​កំរិតធ្ងន់​។ 

​សេចក្តីប្រកាស បាន​លើកឡើង​ថា យុទ្ធនាការ​ធម្ម​យាត្រា​បែប​សាសនា​ជា​លើក​ទី​មួយ​នេះ ធ្វើឡើង​ដើម្បី​លើកកម្ពស់​ការយល់ដឹង ក្នុងចំណោម​ប្រជាជន​ចំណាកស្រុក និង​ប្រជាជន​ចល័ត អោយ​យល់ដឹង​ពី​ការ​ប្រឈម​របស់​ពួកគេ​ទៅ​នឹង​ជំងឺគ្រុនចាញ់​។ 

​លោក សំ ឧសភា អ្នកសម្របសម្រួល​កម្ម​វិធី​គ្រុនចាញ់ ខេត្ត​ប៉ៃលិន នៅ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ បានឲ្យដឹងថា "​ព្រះសង្ឃ នឹង​ដើរតួ​ជា​អ្នក​អប់រំ​ពី​ជំងឺគ្រុនចាញ់ ពីព្រោះ​ព្រះសង្ឃ ត្រូវបាន​ប្រជាជន​កម្ពុជា​ភាគច្រើន​ជឿជាក់ និង​គោរព​។ ដូច្នេះ​សារ​អប់រំ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ព្រះសង្ឃ និង​មាន​ឥទ្ធិពល​ខ្លាំង​មកលើ​សហគមន៍ ហើយ​ពួកគេ​នឹង​នាំ​គ្នា​សំរាន្ត ក្នុង​មុង​ជ្រលក់​ថ្នាំ ដើម្បី​ការពារ​មូស​ដែកគោល​ញី​ខាំ​"​។ 

​លោក សំ ឧសភា បាន​បន្ថែមទៀតថា ព្រះសង្ឃ​នឹងធ្វើ​ធម្ម​យាត្រា​ចំនួន​ប្រាំ​ថ្ងៃ ដោយ​និមន្ត​ទៅ​តាម​ភូមិ និង​ចំការ ដែល​ត្រូវបាន​ជ្រើសរើស ហើយ​ព្រះសង្ឃ​នឹង​ធ្វើ​ការអប់រំ​ជំងឺគ្រុនចាញ់ ដល់​ប្រជាជន​ចំណាកស្រុក អ្នក​ចំការ និង​ម្ចាស់​ចំការ​អោយ​យល់ដឹង​ពី​គ្រោះថ្នាក់ នៃ​ជំងឺ​គ្រុនចាញ់ រីឯ​អ្នកស្ម័គ្រចិត្ត​ភូមិ​អប់រំ​ជំងឺគ្រុនចាញ់ និង​អ្នកស្ម័គ្រចិត្ត​អប់រំ​ជម្ងឺគ្រុនចាញ់​ចល័ត និង​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​ដល់​អ្នក​ដែល​សង្ស័យ​កើត​ជំងឺគ្រុនចាញ់​។ 

​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺគ្រុនចាញ់ ឆ្នាំ​២០១១ បានអោយ​ដឹងថា តាម​ការប៉ាន់ប្រមាណ មាន​ករណី​ជំងឺ​គ្រុនចាញ់ ចំនួន ៦២.៦៩០ ករណី ហើយ​ជំងឺ​នេះ បានសំលាប់​ប្រជាជន​កម្ពុជា​អស់ ៩៤ នាក់​។ តួលេខ​នេះ នៅ​ខ្ពស់​ជាង​ប្រទេស​ជិតខាង ដូចជា ប្រទេស​ឡាវ ថៃ និង​វៀតណាម​។ 

​តាម​របាយការណ៍ ជំងឺគ្រុនចាញ់​ទូទាំង​ពិភពលោក ក្នុង​ឆ្នាំ​២០១១ មាន​ប្រមាណ ២១៦ លាន​ករណី ហើយ​ជំងឺ​នេះ បាន​សំលាប់​មនុស្ស​អស់ ៦៥៥.០០០ នាក់ ក្នុង​ឆ្នាំ​២០១០ ដែល​ភាគច្រើន​នៃ​អ្នកស្លាប់​ជា​កុមារ​អាយុ​ក្រោម​ប្រាំ​ឆ្នាំ រស់​នៅក្នុង​ទ្វីប​អា​ហ្រិ​ច​។​

​ជា​ការកត់សម្គាល់ អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ ( FHI ) បានធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩៧ ម្ល៉េះ ហើយ​បច្ចុប្បន្ន​នេះ អង្គការ​នេះ មាន​បុគ្គលិក​ទាំងអស់​ចំនួន ៧៥ នាក់ ដែល​បម្រើ​ការងារ​នៅ​ការិយាល័យ​ចំនួន​បួន គឺ​ភ្នំពេញ កំពង់ចាម បាត់ដំបង និង​ប៉ៃលិន​។ 

​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ ព្យាយាម​ធ្វើ​អោយ​សុខភាព​ប្រជាជន​កម្ពុជា​ប្រសើរឡើង តាមរយៈ​កម្មវិធី​ជា​ច្រើន​នៅក្នុង​វិស័យ​ស្រាវជ្រាវ និង​សុខភាព តាមរយៈ​ដៃគូ​ជាមួយ​រដ្ឋាភិបាល និង​អង្គការក្រៅរដ្ឋាភិបាល ព្រម​ទាំង​សហគមន៍​ទូទាំង​ប្រទេស​។ 

​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ ក៏​មាន​ការិយាល័យ​ទូទាំង​ពិភពលោក​ចំនួន ៦០ និង​បុគ្គលិក​សរុប ៤.៤០០ នាក់ នៅ​សហរដ្ឋអាមេរិក​៕​