Wednesday, August 22, 2012

ផ្ទៃដី​លិច​ទឹក​ជិត​មួយរយ​ហិកតា​ទៀត ត្រូវបាន​រកឃើញ​នៅ​ស្រុក​ស្រី​សន្ធរ​

កំពង់ចាម: អាជ្ញាធរ និង​សមត្ថកិច្ច​ស្រុក​ស្រី​សន្ធរ បាន​រកឃើញ​ដីព្រៃ​លិច​ទឹក​ប្រមាណ ៨០ ហិកតា នៅក្នុង​ភូមិសាស្ត្រ​ឃុំ​បារាយណ៍ និង​ឃុំ​ផ្ទះ​កណ្តាល ស្រុក​ស្រី​សន្ធរ បាននិង​កំពុង​រង​ការកាប់​ទន្ទ្រាន​ពី​ជនខិលខូចវាស់​លក់​ឲ្យ​ឈ្មួញ ធ្វើការ​ឈូសឆាយ​កាន់កាប់ ជា​កម្មសិទ្ធិ​។​

​លោក លឹម លន់ មេឃុំ​បារាយណ៍ បាន​ឲ្យ CEN ដឹង​តាម​ទូរស័ព្ទ​ថា កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១២ នៅពេល​លោក​បាន​ត្រឡប់​ពី​ប្រជុំ​នៅឯ​ខេត្តកំពង់ចាម ខាង​ភូមិ​ស្យា​អម្ពិល និង​ខាង​សហគមន៍ បាន​រាយការណ៍​ថា មាន​អ្នក​ចូលទៅ​កាប់​ទន្ទ្រាន និង​ឈូសឆាយ​ដីព្រៃ​ក្នុង​ផ្ទះទឹក​ទំនប់​នួន​ស​។ ខណៈនោះ លោក​បាន​រាយការណ៍​ប​ន្ត​ជូនទៅ​លោក​អភិបាលស្រុក​ស្រី​សន្ធរ ដើម្បី​សុំ​អន្តរាគមន៍​ចាត់វិធានការ​ទប់ស្កាត់​។​

​លោក​វរសេនីយ៍ត្រី ស្រី ភិរម្យ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ ស្រុក​ស្រី​សន្ធរ បាន​ឲ្យ​ដឹងថា ក្រោយពី​បានទទួល​បញ្ជា​ឲ្យ​ទប់ស្កាត់ និង ព័ត៌មាន​ពី​លោក​អភិបាលស្រុក​ស្រី​សន្ធរ កាលពី​ថ្ងៃទី​១៨ ខែសីហា ថា មាន​សកម្មភាព​ឈូសឆាយ​ព្រៃ​លិច​ទឹក ដោយ​គ្រឿងចក្រជា​ត្រាក់ទ័រ​ច្រើន​គ្រឿងនៅ​ទំនប់​ផ្ទះទឹក​នួន​ស ស្ថិតក្នុង​ភូមិ​ស្យា​អម្ពិល ឃុំ​បារាយណ៍ និង​តំបន់​បឹង​ចាំ​ដោះ បឹង​លិច ទួល​ចេ​តិយ បឹង​ក្រពើ បឹងកក់ និង​បឹង​ឫស្សី ស្ថិតក្នុង​ឃុំ​ផ្ទះ​កណ្តាល គឺ​យើង​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ប៉ូលិស និង​អាជ្ញាធរ ទៅកាន់​តំបន់​ខាងលើ​។​

​លោក​មេបញ្ជាការ​បាន​ឲ្យ​ដឹង​ទៀតថា ទំនងជា​បែកការណ៍ គឺ​នៅពេល​សមត្ថកិច្ច​ចុះ មិនទាន់​ដល់​កន្លែង​ឈូសឆាយ​ព្រៃ​លិច​ទឹក​ផង ក៏បាន​ប្រទះ​ត្រាក់ទ័រ​ចំនួនពីរ​គ្រឿង​បាន​បើកចេញពី​ទំនប់​នួន​ស សំដៅ​ចូល​ភូមិ​។ យើង​បានសម្រេច​ឃាត់​គ្រឿងចក្រ​នោះ ប៉ុន្តែ​បាន​លេចបុរស​អះអាង​ជា​ម្ចាស់​ដី​ដែលជា​អ្នក​ជួល​គ្រឿងចក្រ​នោះ​ឈ្មោះ ហួ ពៅ អាយុ ៥០ ឆ្នាំ​ នៅ​ភូមិ​ព្រែក​ដំបូក​លើ ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​អ្នក​ជួល​ត្រាក់ទ័រ​ឲ្យ​ទៅ​ឈូសឆាយ​នៅ​តំបន់​ទំនប់​នួន​ស​ លើ​ផ្ទៃដី​ប្រហែលប្រាំ​ហិកតា​មែន​។ ចំណែកឯ​ប្រហែល ៣០ ហិកតា​ទៀត បាន​ឈូសឆាយ​ហើយ​នោះ​មិនមែនជា​របស់ខ្លួន​ទេ​។​

​លោក ស្រី ភិរម្យ បាន​ឲ្យ​ដឹង​បន្ថែមថា នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១២ យើង​បាន​ទៅកាន់​តំបន់​បឹង​ជាច្រើន ដូច​បានបញ្ជាក់​ខាងលើ នៅក្នុង​ឃុំ​ផ្ទះ​កណ្តាល ក៏​ប្រទះឃើញ​ត្រាក់ទ័រ​ចំនួន​ពីរ​គ្រឿង​ទៀត កំពុងបើក​ចេញពី​ធ្វើ​សកម្មភាព​ឈូសឆាយ​ព្រៃ​លិច​ទឹក​ទាំងនោះ​។ ប៉ុន្តែ​អត់​មាន​ម្ចាស់​ដី​ចេញមុខមកជួប​ទេ គឺ​មានតែ​បុរស​ជា​ម្ចាស់​ត្រាក់ទ័រ​ជា​អ្នកស៊ីឈ្នួល​ឈូសឆាយ ឈ្មោះ ចង លីម​សុង អាយុ​៥១ ឆ្នាំមាន​ទីលំនៅ​ភូមិ​ផ្ទះ​កណ្តាល​ក្រោម ឃុំ​ផ្ទះ​កណ្តាល ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម គឺ​ខ្លួន​បាន​ចេញពី​ឈូស​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ចាំ​ដោះ និង បឹង​លិច និងទួល​ចេ​តិ​យ​ឈូស​ដីឲ្យ​គេ​បានប្រហែលប្រាំហិកតា​។ ប៉ុន្តែ​ប្រហែល​ជាង ៥០ ហិកតា​ទៀត​នៅជាប់​តំបន់​នោះដែរ​ខ្លួន​មិន​ស្គាល់​ម្ចាស់​ទេ ប្រហែលជា​នៅ​ទីក្រុង ភ្នំពេញ​។​

​លោក​មេបញ្ជាការ ស្រី ភិរម្យ បាន​បន្តថា ក្រុមការងារ​ជា​អាជ្ញាធរ និង​សមត្ថកិច្ច​បានសម្រេច​ឲ្យឈ្មោះ ហួ ពៅ ធ្វើ​កិច្ចសន្យា និង​អប់រំឲ្យ​ឈប់បន្ត​ការកាប់​រាន និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​បន្ត​ទៀតហើយ​។ ចំណែក​ម្ចាស់​ត្រាក់ទ័រ ក៏​ធ្វើ​កិច្ចសន្យា​ដែរ ឲ្យ​បញ្ឈប់​ការ​ស៊ីឈ្នួល​ឆាយដី​ព្រៃ​លិច​ទឹកឲ្យ​គេ​បន្ត ព្រោះ​ដីព្រៃ​ទាំងអស់ជា​របស់​រដ្ឋ គឺ​មានទោស​នៅក្នុង​ច្បាប់​ស្តីពី​ជលផល ​ហើយបើ​ដីព្រៃ​នោះ​មិន​ស្ថិតក្នុង​ដែន​នេសាទ​ទេ ក៏​មានទោស​ដូចគ្នា គឺ​ចូលទៅ​កាន់​កាប់ដី​ដោយ​គ្មាន​ការអនុញ្ញាត​។​

​លោក​មេឃុំ លឹម លន់ នៅបាន​ឲ្យ​ដឹងថា ទំនប់​នួន​ស ជា​អាង​ស្តុក​ទឹក​មួយ​មាន​ទំហំ​បួន​ពាន់​ម៉ែត្រត្រីគុណ សម្រាប់​ស្រោចស្រពលើ​ផ្ទៃដី​ស្រែប្រាំងចំនួន​ជិត ៣០០ ហិកតា​។ ទំនប់​នេះស្ថិតក្រោម​ការគ្រប់គ្រង​របស់​សហគមន៍ និង​ភូមិ ដែល​ទទួលផល​ប្រយោជន៍​។ ដោយហេតុថា កន្លងមក​ឃុំ​បានធ្វើ​ប្រតិភូកម្មទៅគ្រប់​ភូមិ​ដែលមាន​ផ្ទៃដី​ពីមុន​ជា​អាករ​ឃុំ​ ដើម្បី​ឲ្យ​ជួយ​ការពារ​ដី​សាធារណៈ​របស់​រដ្ឋ​។​

​លោក លឹម លន់ បាន​បន្តថា ជា​លទ្ធផល​យើង​បាន​រកឃើញ​អ្នក​ចូលទៅ​កាប់​ឈូស ឆាយដី​លិច​ទឹក មិនមែនជា​ដែន​នេសាទ​នៅ​តំបន់​ទំនប់​នួន​ស ប្រហែល ប្រាំហិកតា និង​នៅ​តំបន់​ស្យា​បឹង​វែង ចំនួន​ប្រហែលប្រាំហិកតា​ទៀត​។ ឥឡូវ​បាន​កោះហៅ​អ្នក​ចូលទៅ​ចាប់យក​ដី និង​អ្នកមាន​គ្រឿងចក្រ​ស៊ីឈ្នួល​ឈូសឆាយ​មក​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់ ហើយ​ការចូលទៅ​កាន់កាប់​បែបនេះ គឺ​ខុសច្បាប់ ធ្វើ​ឲ្យ​បាត់​ជម្រក​ត្រី ទឹក​ឆាប់​រីង​ពី​ក្នុង​ទំនប់ និង​ឈានទៅ​អត់​ទឹក​ស្រោចស្រព​ស្រូវប្រាំង​ទាំងស្រុង ពិសេស​នឹង​បាត់បង់​ដី​របស់​រដ្ឋ​តែម្តង​។​

​គួររំលឹកថា កាលពី​សប្តាហ៍​កន្លងទៅ សមត្ថកិច្ច​ជលផល​បាន​សហការ​ជាមួយ​អាជ្ញាធរ ស្រុក​ស្រី​សន្ធរ បាន​ចុះទៅ​ស៊ើបអង្កេត​រកឃើញ​ផ្ទៃដី​លិច​ទឹក​ប្រមាណ ៦០ ហិកតា នៅ​តំបន់​ត្បូង​ដំរី ព្រែក​យួន និង តំបន់​តម្រុយ តាម​បណ្តោយ​មាត់​ទន្លេតូច ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ប្រាំ​យ៉ា​ម ស្រុក​ស្រី​សន្ធរ​៕