Wednesday, August 22, 2012

អ្នកកាសែត​ពីរ​នាក់ ត្រូវ​តុលាការ​ផ្តន្ទាទោស ឲ្យ​ជាប់ពន្ធនាគារ ក្នុង​ម្នាក់ៗ ពីរ​ឆ្នាំ​

សៀមរាប: អ្នកយកព័ត៌មាន​ឲ្យ​កាសែត ការពិត ពីរ​នាក់​ដែល​រំខាន​ការដឹកឈើ​ខុសច្បាប់​របស់​ស្ត្រី ជា​មេ​ឈ្មួញ​ដឹកឈើ ដុះ​ស្លែ ប្រចាំខេត្ត សៀមរាប​ម្នាក់ ត្រូវ​ចៅក្រម​សាលាដំបូង​ខេត្ត​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ រយៈពេល​២​ឆ្នាំ​ក្នុង​ម្នាក់ៗ ប៉ុន្តែ​អនុវត្ត ៤​ខែ ពីបទ​កំហែង​យក​។​

​ការសម្រេច​បែបនេះ របស់លោក​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តសៀមរាប​បានធ្វើ​ឡើង​នៅក្នុង​ការប្រកាស សាលក្រម ជា​សាធារណៈ​មួយ កាលពី​ព្រឹក ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១២ និង​បន្ទាប់ពី​បាន​បើកសវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១២​រួចមក​។​

​អ្នកកាសែត​ទាំងពីរ​នាក់​ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស ឲ្យ​ជាប់ពន្ធនាគារ​ពីរ​ឆ្នាំនេះ ទី​១ ឈ្មោះ ប្រាក់ ស៊ុន​ឡេង អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។ ទី​២ ឈ្មោះ​ប្រ៉​ន ស៊ាន អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ដក់​ពោធិ សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​។ 

​ដើមចម​ដែល​នាំ​ឲ្យ​មានការ​ផ្តន្ទាទោស​អ្នក​ទាំងពីរ​បែបនេះ គឺ​កាលពី​វេលា​រសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១២ នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ត្រង់ចំណុច​ខាងលិច​ផ្សារ​ស្វាយ​ធំ អ្នក​ទាំងពីរ បាន​ឃាត់​រថយន្ត​ដឹកឈើ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ផាត់​តា​ណា ដើម្បី​ថតរូប​ភាព និង​សួរនាំ​ពី​ការដឹកជញ្ជូន​ឈើ​។ តែ​ត្រូវ​ស្ត្រី​នោះ​ប្តឹងទៅ​នគរបាល​ស្រុក​ប្រាសាទបាគង ហើយ​នគរបាល​បាន​ឃាត់ខ្លួន​អ្នក​ទាំងពីរ​បញ្ជូនទៅ​តុលាការ តំណាង​អយ្យការ​បាន​ចោទប្រកាន់​ពីបទ កំហែង​យក​។​

​នៅ​កន្លែងកើតហេតុ​នា​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១២ ព័ត៌មាន​បាន​ទម្លាយ​ថា មុនពេល​ស្ត្រី​មេ​ឈ្មួញ​ប្តឹង​អ្នកកាសែត ស្ត្រី​រូបនោះ បាន​សុំ​ចរចា​គ្នា ដោយ​ឲ្យ​លុយ ទៅ​អ្នកកាសែត ទាំងពីរ​នាក់​នោះ ហើយ​ដោះលែង​ឡាន​ដឹកឈើ​របស់គេ​។ តែ​ដោយ​អ្នក​ទាំងពីរ​មិន​ព្រម ក៏​ស្ត្រី​ឈ្មួញ​ឈើ ក៏​ប្រែក្លាយ​ទៅ ជាដើម​បណ្តឹង ហើយ​អ្នកកាសែត​ទាំង​ពីររូប ក្លាយជា​អ្នកទោស​ទៅវិញ​។ ប្រភព​បន្តថា នៅ​ដំណាក់កាល​ប៉ូលិស​អ្នក​ទាំងពីរ សុទ្ធតែ​ឆ្លើយ​បដិសេធថា ពួកគេ​មិនបាន​ទទួលយក​លុយ​ពី​ស្ត្រី​ឈ្មួញ​ឈើ​នោះទេ​។​

​ប៉ុន្តែ​បើទោះជា​មានការ​ឆ្លើយ​យ៉ាង​ដូច្នេះ​ក្តី តំណាង​អយ្យការ​នៅតែ​រក្សា​ការចោទប្រកាន់​អ្នកកាសែត​ទាំងពីរ​នាក់​ពីបទ​កំហែង​យក​ហើយ​ចៅក្រម ជំនុំជម្រះ លោក​គី រិទ្ធី ក៏បាន​សម្រេច​ផ្តន្ទាទោស​ក្នុង​ម្នាក់ៗ​ដាក់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ តែ​អនុវត្ត​តែ​៤​ខែ ទោស​សល់​ពី​នោះ​ត្រូវ​ព្យួរ​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ ក្រុមអ្នកតាមដាន​បាន​និយាយថា សមត្ថកិច្ច​មិនគួរ​ចាត់ការ​លើ​អ្នកកាសែត​នោះទេ សមត្ថកិច្ច​ត្រូវតែ​ចាត់ការ តាមផ្លូវ​ច្បាប់ លើ​ឈ្មួញ​ឈើ ទាំង​នោះដែរ ទើប​ត្រឹមត្រូវ​។ ក្រុមអ្នកតាមដាន​ទាំង​នោះបាន​និយាយទៀតថា ទង្វើ​របស់​សមត្ថកិច្ច​នេះ គឺជា​ការបំបាក់ ស្មារតី របស់ អ្នកកាសែត ព្រោះថា សកម្មភាព​របស់​អ្នកកាសែត​ទាំងនោះ អាចជា​ឆ្អឹង​ទទឹង​ក​របស់​ពួក​ឈ្មួញ​ឈើ និង​សមត្ថកិច្ច​មួយចំនួន ដែល​ឃុបឃិត ជាមួយ​៕