Wednesday, August 15, 2012

សង្គម​ស៊ីវិល ផ្តើម​យុទ្ធនាការ ស្វែងរក​ការគាំទ្រ ឲ្យមាន​ច្បាប់​ហិរញ្ញវត្ថុ សម្រាប់​គណបក្ស​នយោបាយ

ភ្នំពេញ: អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤ រួមមាន​៖ អង្គការ​ខុមហ្វ្រែល អង្គការ​នី​កហ្វិច អង្គការ​ប្រជា​ធិបតេយ្យ និង​សិទ្ធិមនុស្ស ក្នុង​ប្រតិបត្តិការ និង​អង្គការ​សម្ព័ន្ធ​ដើម្បី​សុចរិត​ភាព និង​គណនេយ្យ​ភាព​សង្គម បាន​ផ្តើម​យុទ្ធនាការ ស្វែងរក​ការគាំទ្រ​ឲ្យមាន​ច្បាប់ ស្តីពី ហិរញ្ញ​វត្ថុ​នយោបាយ សម្រាប់​គណបក្សប្រើប្រាស់​នៅ​ពេល​បោះឆ្នោត​។ ការគាំទ្រ​របស់​​មហាជន​លើ​ច្បាប់​នេះ ធ្វើឡើង​តាម ហ្វេ​ស​បុក Facebook អ៊ី​ម៉ែ​ល និង​ទូរស័ព្ទ​ដោយផ្ទាល់ ទៅ​កាន់​អង្គការ​ទាំង​៤​នោះ​។​

​អង្គការ​សង្គម​ស៊ីវិល​ទាំង ៤ បានរួម​គ្នាចេញ​សេចក្តីអំពាវនាវ​ឲ្យមាន​ការបង្កើត​ច្បាប់ ស្តីពីហិរញ្ញវត្ថុ​នយោបាយ​។ ក្នុង​សេចក្តីអំពាវនាវ បាន​លើកឡើង​ថា មាត្រា ៧ នៃ​អនុ​សញ្ញា​អង្គការសហប្រជាជាតិ ស្តីពីការប្រឆាំង​អំពើ​ពុករលួយ ដែល​ក្នុងនោះ កម្ពុជា​ជា​រដ្ឋ​ភាគី តម្រូវ​ឲ្យ​រដ្ឋ​ជា​ភាគី​នីមួយៗ ពិចារណា ចាត់​វិធានការ​សមស្រប​នានា ដើម្បី​លើក​កម្ពស់​តម្លាភាពនៅក្នុង​ការផ្តល់​ថវិកាដល់​បេក្ខជន ដែល​ឈរឈ្មោះសម្រាប់​តំណែង​សាធារណៈ និង​នៅ​ក្នុង​ការផ្តល់​ថវិកា​ដល់​គណបក្ស​នយោបាយ ប្រសិនបើ​អាច​ធ្វើទៅបាន​។​

​សេចក្តីអំពាវនាវ​ដដែល ក៏បាន​លើកឡើង​ថា យោង​ទៅ​លើ​ភាពចាំបាច់ និង​បន្ទាន់​នៃ​ច្បាប់ ស្តីពីហិរញ្ញវត្ថុ​នយោបាយ ក្នុង​ការធានា​ឲ្យមាន​សមភា​ព យុត្តិធម៌ តម្លាភាព និង​សុចរិត​ភាព នៅ​ក្នុង​ការប្រកួតប្រជែងរបស់​គណបក្ស​នយោបាយក្នុងពេល​បោះឆ្នោត និង​ដើម្បី​ទប់ស្កាត់​អំពើ​ពុករលួយ នៅក្នុង​វិស័យ​នយោបាយ ដែល​នាំ​ឲ្យ​ជះ​ឥទ្ធិពល​អវិជ្ជមានដល់​លទ្ធផល​នៃ​ការបោះឆ្នោត និង​ដោយហេតុថា ព្រះរាជាណាចក្រ​កម្ពុជា នៅ​មិនទាន់មាន​ច្បាប់​នេះសម្រាប់​អនុវត្តន៍​នៅឡើយ​។​

​សេចក្តីអំពាវនាវ​ដដែល ក៏​បាន​បង្ហាញថា យោង​ទៅ​លើ​អនុសាសន៍​ប្រមូលបាន​ពី​ប្រជាពលរដ្ឋ គណបក្សនយោបាយ និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត តាមរយៈ​ការប្រជុំ សិក្ខាសាលា និង​វេទិកាសាធារណៈ ដែល​បាន​ធ្វើឡើង​ជា​បន្តបន្ទាប់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​នោះ ចាប់ពី​ឆ្នាំ​២០១០​មក ដែល​ភាគី​ពាក់ព័ន្ធ​ទាំង​នោះ ជា​ពិសេស​គណបក្ស​នយោបាយ​ភាគច្រើន ដែល​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា បាន​បង្ហាញ​ពី​ឆន្ទៈ​ចង់ឲ្យ​មាន​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​នយោបាយ ដើម្បី​ចូល​រួមចំណែក​លើកកម្ពស់​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ពិតប្រាកដ នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្នុង​លិខិត​រួម​គ្នា​នោះ បាន​គូសបញ្ជាក់ថា "​យើងខ្ញុំ ដែល​ជា​ក្រុមការងារ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពីហិរញ្ញវត្ថុ​នយោបាយ សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​នីតិបញ្ញត្តិ មាន​រដ្ឋសភា និង​ព្រឹទ្ធសភា ជាដើម សូម​រៀបចំ​ឲ្យមាន​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ ឃោសនា​នយោបាយ ឲ្យបាន​ឆាប់ តាម​ដែល​អាច​ធ្វើទៅបាន ដើម្បី​ធានា​សមភាព យុត្តិធម៌ តម្លាភាព និង​សុចរិត​ភាព នៅ​ក្នុង​ការប្រកួតប្រជែងក្នុង​ការបោះឆ្នោត​"​។​

​ក្នុង​លិខិត​ដដែល ក៏បាន​លើកឡើង​ថា "​ប្រសិនបើ​លោកអ្នក​ចង់​ចូលរួម​គាំទ្រ ឲ្យមាន​ច្បាប់​នេះ នៅក្នុង​ប្រទេស​កម្ពុជា សូម​ចូល​ទៅ​កាន់ Facebook.com/political Finance Project in Cambodia រួច​ចុច​ពាក្យ​ថា "Like" ឬ​ផ្ញើ​សារ​អេឡិចត្រូនិច ( Email ) ទៅកាន់ pfwgcambodia@gmail.com ឬ​ទូរស័ព្ទ​ទៅកាន់​៖ អង្គការ​ខុមហ្វ្រែល ( 023 884 150 ) អង្គការ​និ​កហ្វិច ( 023 6395 055 ) អង្គការ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ក្នុង​ប្រតិបត្តិការ ( 078 322 942 ) ឬ​អង្គការសម្ព័ន្ធ​ដើម្បី​សុចរិត​ភាព និង​គណនេយ្យភាព​សង្គម ( 023 6957 204 ) ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​របស់​លោក​អ្នក​"​។​

​សូម​បន្ថែមថា នៅក្នុង​ច្បាប់ ស្តីពីគណបក្សនយោបាយ ដែល​ត្រូវបាន​អនុម័តដាក់ឲ្យ​ប្រើប្រាស់ កាលពី​ឆ្នាំ​១៩៩៧ ត្រង់​ជំពូក​ទី​៦ និយាយ​ពី​ហិរញ្ញវត្ថុ​របស់​គណបក្ស​នយោបាយ នៅ​មាត្រា ២៨ បាន​កំណត់​ថា "​រដ្ឋ​អាច​ផ្តល់​ប្រាក់​ពី​ថវិកាជាតិ​ស្មើៗ​គ្នា ដល់​គ្រប់​គណបក្ស​នយោបាយ សម្រាប់​តែ​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​​ជ្រើសតាំង​តំណាងរាស្ត្រ​។ គណបក្ស​នយោបាយ​ណាដែល​មិន​បាន​ទទួល​សន្លឹកឆ្នោត​គាំទ្រ​ចំនួន ៣% នៃ​សន្លឹក​ឆ្នោត​បាន​ការសរុប​ទូទាំង​ប្រទេស ឬ​មិន​បាន​ទទួល​អាសនៈ​មួយក្នុង​សភា គណបក្ស​នយោបាយ​នោះត្រូវ​សង​ប្រាក់​នោះ គ្រប់​ចំនួនមក​រដ្ឋ​វិញ ក្នុង​រយៈពេល ៣ ខែ​យ៉ាង​យូរ ចាប់ពី​ថ្ងៃ​ប្រកាស​លទ្ធផល​ជា​ស្ថាពរនៃ​ការបោះឆ្នោត​"​។​

​យ៉ាងណាក៏ដោយ ការផ្តួចផ្តើម​បង្កើត​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​គណបក្ស​នយោបាយ ត្រូវបាន​ធ្វើឡើង​ជា​ញឹកញាប់​រួចមកហើយ តែ​មកដល់​ពេលនេះ មិន​ទាន់​ចេញ​ជា​រូបរាង​នៅឡើយ​ទេ​៕​