Wednesday, August 15, 2012

សកម្មជន​សិទ្ធិមនុស្ស នឹង​ចូល​បំភ្លឺ​ចំពោះ​មុខ​ចៅក្រម តាម​ដីកា​បង្គាប់​

ភ្នំពេញ: សកម្មជន​សិទ្ធិមនុស្ស លោក ចាន់ សា​វ៉េ​ត បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១២ លោក​នឹង​ចូល​បំភ្លឺ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២ ចំពោះមុខ​ចៅក្រម​ស៊ើបសួរ​របស់​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​បង្គាប់ ដែល​បាន​កោះ​ហៅ​លោក ក្នុង​រឿង​ផ្តល់​មធ្យោបាយ ជួយ​ដល់​ជនជាប់ចោទ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​

​ជាមួយ​នឹង​ការលើកឡើង​ដូច្នេះ លោក​ចាន់​សា​វ៉េ​ត ក៏​បាន​បង្ហាញ​ក្តីព្រួយបារម្ភ ខ្លាច​មាន​ការឃាត់ខ្លួន​រូបលោក ខណៈ​ដែល​លោក​ចូល​បំភ្លឺ​តាម​ដីកា​របស់​ចៅក្រម នា​ព្រឹក​ថ្ងៃទី​២៤​សីហា ឆ្នាំ​២០១២​។ 

​យ៉ាងណាក៏ដោយ លោក ចាន់ សា​វ៉េ​ត បាន​បដិសេធ ដាច់អហង្កា ចំពោះ​ការចោទ​ប្រកាន់ ក្នុង​រឿង​ផ្តល់​មធ្យោបាយ ជួយ​ដល់​ជនជាប់ចោទ រត់គេចខ្លួន ពាក់ព័ន្ធ​នឹង​ជម្លោះ​​ដី នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ជម្លោះ​ដីធ្លី​នោះ ត្រូវបាន​អាជ្ញាធរ បង្ក្រាប​លើ​ក្រុម​ប្រជាពលរដ្ឋ ដែល​ជាប់ចោទ​ថា បាន​ចាប់​ដី និង​បង្កើត​តំបន់​អបគមន៍ កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២​។ តំណាង​សមាគម​ប្រជាធិបតេយ្យ​របស់​លោក​ម៉ម​សូណង់ដូ ចំនួន ៥ នាក់ ដែល​រួម​ទាំង​ឈ្មោះ ប៊ុន រដ្ឋា ត្រូវបាន​តុលាការ​​ខេត្ត​ក្រចេះ ចេញ​ដីកា​តាម​រក​ចាប់ខ្លួន​។​

​ក្នុងនោះ មាន​ជនជាប់ចោទ​ម្នាក់​ឈ្មោះ ប៊ុន​រដ្ឋា បាន​មក​ស្នាក់​អាស្រ័យ ជាមួយ​នឹង​សកម្មជន​អង្គការ​សិទ្ធិមនុស្ស នៅ​ភ្នំពេញ មុន​នឹង​បន្តដំណើរ ចេញ​ទៅ​ប្រទេស​ថៃ ដោយ​ឆ្លងកាត់​ប្រទេស​ឡាវ​។​

​ជា​ការកត់សម្គាល់ ដីកា​បង្គាប់​ឲ្យចូល​ខ្លួន ចុះហត្ថលេខា​ដោយ​លោក ឆែ វីរៈ ចៅក្រម​ស៊ើបសួរ​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ បាន​តម្រូវ​ឲ្យ​លោក ចាន់ សុ​វ៉េ​ត ចូល​បំភ្លឺ​ពី​ដំណើរ​រឿង ផ្តល់​ជំនួយ​ដល់​ចារី​ជាអាទិ៍ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែ​ឧសភា ឆ្នាំ​២០១២ តាម​បញ្ញត្តិ មាត្រា ៥៤៤ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ក្នុង​ដីកា​ដដែល​នោះ លោក​ចៅក្រម បាន​ព្រមាន​ថា "​ក្នុងករណី លោក ចាន់ សា​វ៉េ​ត មិន​ចូល​ខ្លួន​តាម​កាលកំណត់​ខាងលើ​នេះ​ទេ យើង​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​"​។​

​តែ​ដីកា​នោះ មិន​បាន​បញ្ជាក់ថា ការចោទប្រកាន់​លើ​សកម្មជន​សិទ្ធិមនុស្ស​អាដហុក ដូច្នេះ តើ​រដ្ឋាភិបាល ឬ​ក៏​អាជ្ញាធរ​ខាង​ណា ជាដើម​បណ្តឹង​នោះ​ឡើយ​។​

​ចំពោះ​ការប្តឹង​ចោទប្រកាន់​លោក ចាន់ សា​វ៉េ​ត ប្រធាន​ក្រុម​ស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស​អាដ​ហុក ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ត្រូវបាន​សមាគម​​សិទ្ធិ​មនុស្ស អាដហុក ចេញ​សេចក្តីថ្លែងការណ៍ ដោយ​សំដែង​ក្តីបារម្ភ​យ៉ាង​ខ្លាំង​។​

​សេចក្តីថ្លែងការណ៍​ចំហ ចុះ​ថ្ងៃ​ទី​១៤​សីហា ឆ្នាំ​២០១២ បង្ហាញថា សមាគម​សិទ្ធិមនុស្ស អាដហុក សូម​សំដែង​ការព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ដីកា​បង្គាប់​ឲ្យចូល​ខ្លួន ដែល​ចេញ​ដោយ​លោក ឆែ វីរៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២​។ លោក​ចាន់​សា​វ៉េ​ត ជា​អ្នក​ស៊ើបអង្កេត​ជាន់ខ្ពស់ និង​ជា​អនុប្រធាន​ផ្នែក​ត្រួតពិនិត្យ​សិទ្ធិមនុស្ស របស់​សមាគម​អាដហុក ត្រូវ​បាន​កោះហៅ​ឲ្យចូល​បំភ្លឺ​នៅ​មុខ​ចៅក្រម​ស៊ើបសួរ ឆែ វីរៈ នៅ​ម៉ោង ៨ និង ៣០ នាទី​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២​។​

​សេចក្តីថ្លែងការណ៍ លើកឡើងថា លោក​ចាន់​សា​វ៉េ​ត អាយុ ៤៤ ឆ្នាំ ត្រូវបាន​គេ​ចោទប្រកាន់ថា បាន​ផ្តល់​ជំនួយ​ដល់​ចារី​ជាអាទិ៍ ( អ្នកប្រព្រឹត្ត​បទឧក្រិដ្ឋ ) ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែ​ឧសភា ឆ្នាំ​២០១២ តាម​បញ្ញត្តិ មាត្រា ៥៤៤ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ការចោទប្រកាន់​នោះ អាច​នឹង​ឲ្យ​លោក​ចាន់​សា​វ៉េ​ត ជាប់​ពន្ធនាគារ​ពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ​។​

​សេចក្តីថ្លែងការណ៍​ដដែល បាន​បន្ថែមថា កាយវិការ​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​លើ​សកម្មជន​សិទ្ធិមនុស្ស​ដូច្នេះ គ្មានអ្វី​ក្រៅពី​ការ​គម្រាមកំហែង និង​បំភិតបំភ័យ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស ហើយ​រារាំង​ពួកគេ មិនឲ្យ​បំពេញ​កិច្ចការ​ស្របច្បាប់​នោះឡើយ​។​

​អាដហុក បាន​គូសបញ្ជាក់ថា ខ្លួន​តែងតែ​ធ្វើ​សកម្មភាព ដោយ​អនុលោម​តាមច្បាប់ នៅក្នុង​រយៈពេល​ជាង ២០​ឆ្នាំនេះ អាដហុក​ថ្កោលទោស​ជានិច្ច​រាល់​សកម្មភាព​ខុស​ច្បាប់ ហើយ​ធ្វើ​ការពិភាក្សា​ជាមួយនឹង​អាជ្ញាធរ ខណៈ​ដែល​គាំទ្រ និង​ជួយ​ជនរងគ្រោះ នៃ​ការរំលោភ​បំពាន​សិទ្ធិមនុស្ស​។​

​អាដហុក សូម​អំពាវនាវ​ដល់​ស្ថានទូត ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល និង​អ្នកកាសែត ប្រមូលផ្តុំ​គ្នា នៅ​ចំពោះមុខ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង ៨ និង ៣០ នាទី​ព្រឹក ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២ ដើម្បី​គាំទ្រ​លោក ចាន់ សា​វ៉េ​ត និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ដទៃ​ទៀត​៕​