Wednesday, August 15, 2012

ពលរដ្ឋ​ប្រមាណ​១៤០០​គ្រួសារ​បន្ត​ទទួល​បាន​ទឹក​ស្អាត​ពី​មូលនិធិ​អន្តរជាតិ​សិង្ហ​បុរី​

ដោយ​ ៖ វឌ្ឍនា ថ្ងៃទី 15 សីហា 2012ម៉ោង 10:37:03
​ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ប្រមាណ​៨៤០០​នាក់​ ប្រហែល​១៤០០​គ្រួសារ ​រស់នៅ​ក្នុង​ឃុំ​ចំនួន​១០​នៃ​ខេត្តកំពង់ស្ពឺ​ ទទួល​បាន​អត្ថប្រយោជន៍​ពី​គម្រោង​ទឹក​ស្អាត​របស់​មូលនិធិ​អន្តរជាតិ​សិង្ហ​បុរី​ ។​ គម្រោង​លើកកម្ពស់​វិស័យ​សុខភាព​ឈ្មោះ​ថា ​”​ទឹក​សម្រាប់​ជីវិត​”​ នេះ​ត្រូវ​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែសីហា​ ឆ្នាំ​២០១២​ នៅ​ក្នុង​ទីស្នាក់ការ​ឃុំ​ខ្ទុំ​ក្រាំង​ ស្រុក​សំរោង​ទង​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា​ អភិបាលរង​ខេត្តកំពង់ស្ពឺ​ ថ្នាក់ដឹកនាំ​មូលនិធិ​អន្តរជាតិ​សិង្ហ​បុរី​តំណាង​អង្គការ​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន​រូប​ទៀត​។​
​អ្នក​នាង​ Euleen​ Goh​ ប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ​អន្តរជាតិ​សិង្ហ​បុរី​ បាន​បញ្ជាក់​ថា​ ទឹក​អនាម័យ​ពិតជា​មាន​សារៈសំខាន់​បំផុត​សម្រាប់​សុខភាព​ ហើយ​ការ​ប្រើប្រាស់​ទឹក​នេះ​ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​កាត់​បន្ថយថាមពល​ ពេលវេលា​ ធនធាន​ និង​កែ​លម្អ​លំនៅ​ដ្ឋា​ន​របស់​ពលរដ្ឋ​ទាំងអស់​គ្នា​។​ អ្នក​នាង​បន្ត​ទៀត​ថា​ គម្រោង​ទឹក​សម្រាប់​ជីវិត​នេះ​មាន​គោលបំណង​ជួយ​ឲ្យ​ប្រជាជន​ជនបទ​ជាង​៨៤០០​នាក់​ក្នុង​ខេត្តកំពង់ស្ពឺ​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​ជា​ពិសេស​សម្រាប់​ពិសារ​ ដែល​គម្រោង​នេះ​នឹង​ត្រូវ​បាន​អនុវត្ត​ក្នុង​រយៈពេល​៣​ឆ្នាំ​តាម​រយៈ​ការ​តំឡើង​ធុង​ចម្រោះ​ទឹក​ស្អាត​ខ្សាច់​ជីវសាស្ត្រ​ចំនួន​១៤០០​ធុង​ទៅ​ឲ្យ​គ្រួសារ​នីមួយៗ​។​ លើ​ល​ពី​នេះ​គម្រោង​ក៏​នឹង​ផ្តល់​ជូន​នូវ​អណ្តូង​ និង​បង្គន់​អនាម័យ​ដើម្បី​បង្កើន​អនាម័យ​ក្ន​ង​សហគមន៍​ផង​ដែរ​ហើយ​តាម​រយៈ​ការ​សហការ​រវាង​ពលរដ្ឋ​ និង​អង្គការ​ដៃគូ​អ្នក​នាង​ក៏​មាន​គោលបំណង​សាងសង់​មណ្ឌល​សុខភាព​ផង​ដែរ​។​ អ្នក​នាង​រំពឹង​ដែរ​ថា​ នឹង​បានឃើញ​ទឹក​ស្អាត​មួយ​កែវៗ​ដែល​បងប្អូន​ពិសារ​ហូរ​ចុះ​ពី​ធុង​ចម្រោះ​ទឹក​ស្អាត​ ដែល​ប្រសូត​ចេញពី​ចំណងមិត្តភាព​ដ៏​ស្អិតរ​មួ​ត​រវាង​ប្រទេស​សិង្ហ​បុរី​ និង​ប្រទេស​កម្ពុជា​ដែល​សម្រេច​បាន​នៅ​ថ្ងៃនេះ​។​
​លោក​ ព្រី​ម​ ជី​ត​ ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ថា​ប្រជាពលរដ្ឋ​សិង្ហ​បុរី​សុទ្ធតែ​បាន​យល់​ច្បាស់​ពី​គុណ​តម្លៃ​របស់​ទឹក​ ហើយ​ការ​ផ្តល់​ជូន​នូវ​កម្មវិធី​ទឹក​សម្រាប់​ជីវិត​នេះ​ក៏​ជា​ការ​ចែករំលែក​បទ​ពិសោធន៍​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ជា​សមាជិក​អាស៊ាន​ ហើយ​លោក​សប្បាយ​រីករាយ​ដែល​បាន​ចូលរួម​ធ្វើការ​ជាមួយ​គម្រោង​នេះ​។​ លោក​បន្ត​ទៀត​ថា​ កម្មវិធី​នេះ​ក៏​នឹង​ជួយ​ជំរុញ​ឲ្យ​សេវាកម្ម​សុខភាព​កាន់តែ​ល្អ​ ហើយ​ក៏​អាច​បន្ត​រឹតចំណង​មិត្ត​ភាណ​ប្រជាជន​ និង​ប្រជាជន​ ប្រទេស​និង​ប្រទេស​ទាំង​ពីរ​កាន់តែ​ល្អ​ប្រសើរ​ផង​ដែរ​។​
​លោក​ប៉ែន​ សំបូរ​ អភិបាលរង​ខេត្តកំពង់ស្ពឺ​បាន​លើក​ឡើង​ក្នុង​កម្មវិធី​នេះ​ដែរ​ថា​ការ​ផ្តល់​ជូន​របស់​មូលនិធិ​អន្តរជាតិ​សិង្ហ​បុរី​នៅ​ពេល​នេះ​គឺ​បាន​ឆ្លើយ​តប​ចំ​គោលដៅ​ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ជនបទ​ និង​អាច​ជួយ​ឲ្យ​សម្រេច​បាន​គោលដៅ​សហ​វត្ស​ធានា​ឲ្យ​មាន​ស្ថេ​រ​ភាព​បរិស្ថាន​ សុខភាព​ កាត់​បន្ថយ​ភាព​ក្រីក្រ​ជាដើម​។​ លោក​បញ្ជាក់​ដែរ​ថា​ កម្មវិធី​នេះ​ក៏​បាន​បង្ហាញ​ពី​ទឹកចិត្ត​អាណិត​ស្រលាញ់​របស់​ ប្រជាពលរដ្ឋ​នៃ​ប្រទេស​សិង្ហ​បុរី​ចំពោះ​ពលរដ្ឋ​កម្ពុជា​ផង​ដែរ​។​
​លោក​ អ៊ុំ​ ជឿន​ពលរដ្ឋ​រស់នៅ​ក្នុង​ ភូមិ​សំពូ​ង​ ឃុំ​ខ្ទុំ​ក្រាំង​ ស្រុក​សំរោង​ទង​ដែល​ទទួល​បាន​ធុង​ចម្រោះ​ទឹក​ស្អាត​ពី​មូលនិធិ​អន្តរជាតិ​សិង្ហ​បុរី​បាន​បញ្ជាក់​ថា​ លោក​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ពិតជា​មាន​អារម្មណ៍​រំភើប​រីករាយ​រក​អ្វី​ប្រៀបផ្ទឹម​មិន​បាន​។​ លោក​បាន​បន្ត​ទៀត​ថា​ មុន​ពេល​ទទួល​បាន​ធុង​ចម្រោះ​នេះ​សមាជិកគ្រួសារ​លោក​ និង​ពលរដ្ឋ​ជា​ច្រើន​ក្នុង​តំបន់​តែង​ទទួលទាន​ទឹក​ទាំង​ឆ្អិន​ និង​ឆៅ​ ដែល​បង្ក​ឲ្យ​មាន​ជំងឺ​រាករូស​ គ្រុនពោះវៀន​ ជា​ញឹកញាប់​ ប៉ុន្តែ​បន្ទាប់​ពី​ទទួល​បាន​ធុង​ចម្រោះ​នេះ​ក្រុម​គ្រួសារ​លោក​មិន​មាន​អាកា​រៈ​ខាងលើ​ទៀត​ឡើយ​។​ លោក​បន្ត​ទៀត​ថា​ ធុង​ចម្រោះ​ទឹក​នេះ​បាន​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ពេលវេលា​ថវិកា​ និង​នាំ​ឲ្យ​ក្រុម​គ្រួសារ​មាន​សុខភាព​ល្អ​ផង​ដែរ​។​
​គួរ​បញ្ជាក់​ដែរ​ថា​ មូល​និ​ធី​អន្តរជាតិ​សិង្ហ​បុរី​បាន​ធ្វើ​ប្រតិបត្តិការ​បង្កើត​សម្ព័ន្ធភាព​ជាមួយ​កម្ពុជា​តាម​រយៈ​ការ​ចងមិត្ត​ភាព​រវាង​ប្រជាជន​ និង​ប្រជាជន​នេះ​អស់​រយៈពេល​១០​ឆ្នាំ​កន្លង​មក​ហើយ​ តាម​រយៈ​ការ​បញ្ជូន​ក្រុម​អ្នក​ស្ម័គ្រចិត្ត​សិង្ហ​បុរី​ដូច​ជា​អ្នកជំនាញ​អប់រំ​  និង​គ្រូពេទ្យ​ទៅ​កាន់​ភ្នាក់ងារ​ដៃគូ​ និង​សហ​គម​ជា​ច្រើន​មក​រាជធានី​ភ្នំពេញ​ សៀមរាប​ កណ្តាល​ និង​កំពង់ស្ពឺ​។​ ក្រៅពី​នេះ​ក៏​នៅ​មាន​គម្រោង​ជា​ច្រើន​ទៀត​ដែល​មូ​និ​ធិ​មួយ​នេះ​បាន​នឹង​កំពុង​បន្ត​ធ្វើ​ប្រតិបត្តិការ​ដែល​មាន​ទាំង​កម្មវិធី​អ្នក​ស្ម័គ្រចិត្ត​អន្តរជាតិ​សិង្ហ​បុរី​ គម្រោង​បណ្តុះបណ្តាល​អ្នកជំនាញ​ និង​គម្រោង​លើកកម្ពស់​វិស័យ​សុខាភិបាល​ជា​ច្រើន​ទៀត​ផង​ដែរ​។​ គម្រោង​”​ទឹក​សម្រាប់​ជីវិត​”​នេះ​គឺជា​គម្រោង​ទី​២​បន្ទាប់​ពី​ការ​ប្រតិបត្តិការ​នៅ​ខេត្តសៀមរាប​ ហើយ​ការ​ដំឡើង​ធុង​ចម្រោះ​ទឹក​ស្អាត​នៅ​ខេត្តកំពង់ស្ពឺ​នេះ​នឹង​ធ្វើ​ជា​ពី​តំណាក់​កាលដែល​ដំណាក់កាល​ទី​១​មានការ​ដំឡើង​ធុង​ចម្រោះ​ទឹក​ស្អាត​ដែល​បង្កើត​ឡើង​ដោយ​មូល​និ​ធី​Sao​ Sary​ ចំនួន​៨០០​ធុង​ និង​អណ្តូងស្នប់​ចំនួន​៤​។​ រីឯ​តំណាក់កាល​ទី​២​គឺ​ការ​ដំឡើង​ធុង​ចម្រោះ​ទឹក​ស្អាត​ខ្សាច់​ជីវសាស្ត្រ​៦០០​ធុង​ កសាង​បង្គន់​១២០​ ព្រមទាំង​មណ្ឌល​សុខភាព​ និង​អាហារូបត្ថម្ភ​ប្រចាំ​សហគមន៍​ផង​ដែរ​ ៕​