Wednesday, August 15, 2012

មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ទាំង​៤​នាក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​

ភ្នំពេញ​ ៖​ ចៅក្រម​ស៊ើបអង្កេត​តុលាការ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៤ ​ខែសីហា ឆ្នាំ​២០១២​បានសម្រេច​ដោះលែង​ឲ្យ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ចំនួន​៤​នាក់​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ​តែ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ។
​ ​បុរស​ឈ្មោះ សារ៉េត បូរ៉ា​មី មាន​ឋានៈ​ជា​អគ្គនាយករង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​, ឈ្មោះ ផូ វុទ្ធី មាន​ឋានៈ​ជា​ប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង ផែនការ​, ឈ្មោះ មាស ឥស្ស​រ៉ា ជា​អនុប្រធាន​នាយកដ្ឋាន និង​ឈ្មោះ ទុយ ឡាយ រិ​ទ្ធិ ជា​មន្ត្រី​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដឹកនាំ​ដោយ​លោក​ឱម យិនទៀង ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៦ ខែសីហា​ ឆ្នាំ​២០១២​ ហើយ​បាន​បញ្ជូន​មក​តុលាការ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៨ ​ខែសីហា ដើម្បី​សាកសួរ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កេង​យក​ផល​ប្រយោជន៍​ដោយ​ខុសច្បាប់​ពី​គម្រោង​ស្ថាបនា​លំនៅដ្ឋាន​លើ​ដី​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋាភិបាល​សម្រាប់​ផ្ដល់​ជូន​ឲ្យ​អតីត​គ្រួសារ យុទ្ធជន​ពលី​ពិការ តាម​រូបភព​កាត់​យក​ភាគរយ​ល​លើ​តម្លៃពិត​របស់​គម្រោង​សាងសង់​ប្រមាណ​២៥​ភាគរយ​ដែល​មាន​ទឹកប្រាក់​បាត់បង់​ជិត​២​លាន​ដុល្លារ​ក្នុង​គម្រោង​ជាង​៨​លាន​ដុល្លារ​ដែល​រដ្ឋាភិបាល​ត្រូវ​បាន​ចំណាយ​។​
​ ​ក្រោយ​ការសាកសួរ​ក្រុម​មន្ត្រី​ជាប់​សង្ស័យ​ទាំង​៤​នាក់​ខាងលើនេះ ត្រូវបាន​ព្រះរាជ​អាជ្ញាធរ​អម​តុលាការ​សម្រេច​ចោទប្រកាន់​ពី​បទ​ការ​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់​តាម​មាត្រា​៥៩៧​មាត្រា មាត្រា​៥៩៨ នៃ​ក្រម​ព្រហ្ម​ដែល​មាន​ចែង​នៅក្នុង​កថាភាគ​ទី​៤ ហើយ​តាម​មាត្រា​៥៩៨​ក្នុងករណី​ដែល​តុលាការ​រក​ឃើញថា​ជន​ជាប់ចោទ​បាន​ប្រព្រឹត្តិ​ការ​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់​នោះ​ជន​ត្រូវ​ចោទ​ត្រូវ​ប្រឈមមុខ​ជាប់​ពន្ធនាគារ​ពី​២-៥​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី​៤-១០​លាន​រៀល​។ បន្ទាប់មក​ជនជាប់ចោទ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​គឺ​លោក​លាង សំណាត់ បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​។​
​ ​នៅ​ថ្ងៃទី​១១​និង​១៣ ខែសីហា ដោយ​ផ្អែកលើ​ការចោទប្រកាន់​របស់​ព្រះរាជអាជ្ញា​មកលើ​កូនក្ដី​របស់ខ្លួន​ជា​មជ្ឈិម មេធាវី ការពារ​ក្ដី​ផ្លូវច្បាប់​ឲ្យ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ទាំង​៤​នាក់​បានដាក់​ពាក្យស្នើសុំ​មក​តុលាការ​ជា​បន្តបន្ទាប់​សុំ​ឲ្យ​កុន​ក្ដី​របស់​ខ្លួន​បាន​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ដោយ​យល់ព្រម​គោរព​តាម​លក្ខខណ្ឌ​ផ្លូវច្បាប់​មួយចំនួន​ដែល​កំពុង​អនុវត្ត​ជា​ធរមាន​។ ដោយ​សំអាង​ថា កូនក្ដី​មាន​លំនៅដ្ឋាន​ពិតប្រាកដ មាន​មុខរបរ​ត្រឹមត្រូវ និង ការធានា​របស់​ក្រុមគ្រួសារ​។​
​ ​សំអាង​លើ​ការ​ស្នើសុំ​របស់​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ​នោះ ការចោទប្រកាន់​លើ​ជនជាប់ចោទ​ជា​បទមជ្ឈិម លោក លាង សំណាត់ ចៅក្រម​ស៊ើបសួរ​ក្នុង​រឿងក្ដី​នេះ​បានសម្រេច​ចេញ​ដីកា​ឲ្យ​ជន​ត្រូវ​ចោទ​៤​នាក់​ខាងលើ​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ដោយមាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​មួយចំនួន​ដូចជា​មិន​ត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ ត្រូវ​បង្ហាញមុខ​គ្រប់ពេលវេលា​តាម​ការ​កោះហៅ​របស់​តុលាការ និង នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​មិនត្រូវ​ចាកចេញ​ទៅ​ក្រៅប្រទេស​។​ល​៕
មករា​