Wednesday, August 15, 2012

ក្រសួងបរិស្ថាន​ជ្រើស​យក​ខេត្ត​កំពត​​ជា​ខេត្ត​សម្រាប់​ការអនុវត្ត​លើ​ការគ្រប់គ្រង​សំណល់​រឹង​

14-08-2012-eភ្នំពេញ ៖ ខេត្តកំពត​ត្រូវ​បាន​ក្រសួងបរិស្ថាន​ជ្រើស​រើស​​​ជា​ខេត្ត សម្រាប់​ការអនុវត្ត​លើ​ការគ្រប់គ្រង​សំណល់​រឹង​តាម​វិធីសាស្ត្រ​ចម្រុះ​គំរូ​មួយ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅក្នុង​សិក្ខាសាលា​ស្តីពី​ផែនការ​គ្រប់គ្រង​សំណល់​រឹង​តាម​វិធីសាស្ត្រ​ចម្រុះ​ខេត្តកំពត​នៅ​សណ្ឋាគារ​សាន់វ៉េ កាល​ពី​​ព្រឹក​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២។
លោក​សូត យា អភិបាលរង​ខេត្តកំពត​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅក្នុង​សិក្ខាសាលា នេះ​ថា ចំណុច​សំខាន់​ដែល​ក្រសួងបរិស្ថាន​ជ្រើស​រើស​យក​ខេត្តកំពត ជា​ខេត្ត​សម្រាប់​អនុវត្ត​លើ​ការគ្រប់គ្រង​សំណល់​រឹង​តាម​វិធីសាស្ត្រ​ចម្រុះ​គំរូ​មួយ ដោយ​ពិនិត្យ​ឃើញ​ថា ទីមួយ​ខេត្តកំពត​មាន​សក្តានុពល​ច្រើន​ខាង​វិស័យ​ទេសចរណ៍ កំពង់ផែ វិស័យ​អ​គ្គិស​នី វិស័យ​អំបិល ជាដើម ។ តាម​គម្រោង​ផែនការ​សកម្មភាព​ជ្រើស​ជា​ខេត្ត​គំរូ​លើ​ការអនុវត្ត​ការគ្រប់គ្រង​សំណល់​រឹង​តាម​វិធីសាស្ត្រ​ចម្រុះ ទី១-គឺ​ការ​គ្រប់គ្រង​សំណល់​រឹង​នៅ​ទីលាន​ចាក់សំរាម​ប្រកបដោយ​សុវត្ថិភាព​បរិស្ថាន ទី២-ការគ្រប់គ្រង​សំណល់​​​មន្ទីរពេទ្យ មណ្ឌល​សុខភាព និង​គ្លី​និច​ដោយ​សុវត្ថិភាព​បរិស្ថាន ទី៣-ការគ្រប់គ្រង​សំណល់​ឧស្សាហកម្ម និង​សិប្បកម្ម​ប្រកបដោយ​សុវត្ថិភាព​បរិស្ថាន ទី៤-ការគ្រប់គ្រង​សំណល់​បរិក្ខារ​អេ​ឡិច​ត្រូ​និ​ច និង​សំណល់​​គ្រោះថ្នាក់​ផ្សេងទៀត​នៅ​ក្រុង​កំពត​ប្រកបដោយ​សុវត្ថិភាព​បរិស្ថានទី៥-ការ រៀប ចំ​ទីក្រុង​បៃតង និង​ទី៦-ការរៀបចំ និង​ការអនុវត្តន៍​យន្តការ​ត្រួតពិនិត្យ​ការគ្រប់គ្រង​សំណល់​តាម​វិធីសាស្ត្រ​ចម្រុះ ។ គម្រោង​ទាំងនេះ​តម្រូវ​​ឲ្យ​ធនធាន​ថវិកា​ប្រមាណ​ជាង៥០០.០០០ដុល្លារ​អាមេរិក​សម្រាប់​ខេត្តកំពត ក្រុង​កំពត និង​មន្ទីរ​បរិស្ថាន​ខេត្តកំពត​អនុវត្ត​រយៈពេល៣ឆ្នាំ (២០១៣-២០១៥)  លោក​បាន​បញ្ជាក់​ថា គម្រោង​ទាំងអស់​នេះ​​ជា​សំខាន់​​ គឺ​ការអប់រំ​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​ទាំងមូល ធ្វើ​យ៉ាងណា​ឲ្យ​គាត់​យល់ដឹង​អំពី​បញ្ហា​សំរាម និង​ការ​ទុកដាក់​សំរាម ទន្ទឹម​នឹង​នេះ​ចលនា​ប្រជាពលរដ្ឋ​តាមរយៈ​ជំរុញ​ធ្វើ​ជីកំប៉ុស​ពី​សំរាម ដើម្បី​កាត់បន្ថយ​អត្រា​នៃ​ការប្រើប្រាស់​ជីគីមី​នៅ​ឆ្នាំ២០២០ខាងមុខ ដោយ​សហប្រតិបត្តិការ​ជាមួយ​អង្គការ​នានា​ជា​ដៃ​គូ​ ឲ្យ​ជួយ​ប្រជាជន​ផលិត​ជា​ជីកំប៉ុស​ពី​សំរាម​​ឲ្យ​បាន​គ្រប់​ក្រុម​គ្រួសារ ។ លោក​បន្ត​ថា នៅ​ខេត្តកំពត​បច្ចុប្បន្ន​សំរាម​ដែល​ជា​សំណល់​ពី​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​មាន​ចំនួន២៣តោន​ក្នុងមួយថ្ងៃៗ ដែល​រួមចំណែក​កសាង​ជីកំប៉ុស​បំរើ​ឲ្យ​វិស័យសេដ្ឋកិច្ច​ ​មួយ​ចំណែក​ធំ​ដែល​ឆ្លើយតប​ទៅ​នឹង​គោលការណ៍​របស់​រាជ​រ​ដ្ឋា​ភិ​បាល​កម្ពុជា​ផង​ដែរ។ លោក​ជឿជាក់​ថា​ការអនុវត្ត​ផែនការ​គ្រប់គ្រង​សំណល់​រឹង​នេះ នឹង​ផ្តល់​ប្រយោជន៍​​សំខាន់​ណាស់ ​ចំពោះ​ខេត្តកំពត​ទាំងមូល ដោយឡែក​នៅ​ក្រុង​កំពត​ប្រជាជន​នឹង​ទទួល​ផល​​ច្រើន​រស់នៅ​ប្រកបដោយ​ផាសុកភាព បរិស្ថាន​ល្អ ពិសេស​​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​ទីក្រុង​ស្អាត ដែល​នេះ​ជា​យុទ្ធសាស្ត្រ​ដ៏​ល្អ ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាជន​យល់​បាន​​កាន់​តែ​ច្រើន​អំពី​ការ​ការពារ​បរិស្ថាន ពិសេស​ការបែងចែក​សំណល់​រឹង និង​សំណល់​រាវ ដែល​លោក​សូម​ថ្លែងអំណរគុណ​ផង​ដែរ ​ដល់​ក្រសួង​បរិស្ថាន និង​ក្រុមហ៊ុន​ឯកជន​ដែល​បាន​ចុះហត្ថលេខា​ជាមួយគ្នា ដើម្បី​អភិវឌ្ឍន៍​គម្រោង​ធ្វើ​អាង​ចម្រោះ​ទឹក​កខ្វក់ ក្នុង​គម្រោង​ថវិកា​ប្រហែល ២០លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល(២០១២-២០១៥)  ដែល​បច្ចុប្បន្ន​គម្រោង​នេះ​កំពុង​ចុះ​សិក្សា ដើម្បី​អភិវឌ្ឍន៍​ទីក្រុង​កំពត​ឲ្យ​សក្ដិ​សមជា​ទីក្រុង​ប្រឡងប្រណាំង​ស្អាត​បរិស្ថាន​ល្អ។
លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ខៀវ មុត បាន​រំលឹក​ដល់​ខេត្តកំពត​ថា ដើម្បី​សម្រេច​គោលដៅ​នេះ​ចំណុច​សំខាន់​ត្រូវ​ចេះ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​អំពី​បរិស្ថាន ពិសេស​ការ​ទុកដាក់​សំរាម​តាម​ផ្ទះ​នីមួយៗ និង​ខិតខំ​រក​អង្គការ​នានា​ដែល​មាន​បទពិសោធន៍​កែច្នៃ​​សំរាម​ធ្វើជា​ជីកំប៉ុស​តាម​គ្រួសារ​សម្រាប់​ការ​ដាំដុះ​ដំណាំ​បន្លែ​បាន​ទៀត ហើយ​បរិស្ថាន​ក៏​ស្អាត ដែល​នេះ​ជា​គោលដៅ​ដ៏​ល្អ​ឈាន​ទៅ​កាត់បន្ថយ​ការប្រើប្រាស់​ជីគីមី​នៅ​ឆ្នាំ២០២០ ដែល​អង្គការ​បរិស្ថាន​ពិភពលោក​បាន​កំណត់៕
សុងយោ