Wednesday, August 15, 2012

អធិការ​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប សហការ​ជាមួយ​សឹក​រង​ខេត្ត​ចុះ​​ការពារ​ព្រៃ​ឡង់​

14-08-2012-dកំពង់ធំ ៖ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១២ នៅ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប មាន​ពិធី​ជួបជុំគ្នា​រវាង​រដ្ឋបាល​ព្រៃឈើ និង​កំលាំង​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់ធំ ចំនួន ២០នាក់ និង ក្រុម​និ​សិ្សត​​ចំនួន​៤​នាក់ ​មកពី​រដ្ឋបាល​ព្រៃឈើ​កណ្តាល ជួបជុំគ្នា ធ្វើដំណើរ​ចុះទៅ ការពារ​ព្រៃ​ឡង់ ដែល​ជា​ព្រៃ​កំពុងតែ​ត្រូវ​បាន​រុក​រាន​​ពី​សំណាក់​មនុស្ស​មួយ​ក្រុម​បង្ក​​សកម្មភាព​កាប់​បំផ្លាញ​។
លោក​អនុសេនីយ៍ឯក អ៊ុន ចាន់​ធី នាយ​សេធិការវីរៈ​១ របស់​សឹក​រង​ខេត្ត ព្រមទាំង​លោក​ខោ សុចិ​ត្រា នាយរង​សង្កាត់​រដ្ឋ​​បាន​ទំរីង និង​លោក តាន់ ផាន់​នី ព្រមទាំង​និស្សិត​ ដោយមាន​សម្ភារៈ​ប្រើប្រាស់​ផ្ទាល់ខ្លួន ក្នុង​នោះ​អធិការ​រដ្ឋបាល​ព្រៃឈើ​បាន​ផ្តល់​ម៉ូតូ​ចំនួន ៤ គ្រឿង​សំរាប់​ឲ្យ​កងកម្លាំង​ជិះ​ល្បាត​​មើល​តាម​ចំណុច និង​គោលដៅ​ក្នុង​ព្រៃ​ឡង​​នោះ​ផងដែរ​ ។
លោក វណ្ណ សូ​ផា​ណ្ណា នាយ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប បាន​ធ្វើ​ការ​ផ្តាំ​ផ្ញើរ កងកម្លាំង​ទាំងអស់​សហការ​គ្នា​ឲ្យ​បាន​ល្អ ក្នុង​ការ​ចុះ​បំពេញ​បេសក​កម្ម​នេះ ឲ្យ​មានការ​អត់ធ្មត់ យល់យោគ​គ្នា រវាង​កំលាំង​សឹក​រង​និង​ប្អូនៗ​និស្សិត​ ផ្តល់​ព័ត៌មាន​និង​លទ្ធផល​ការងារ​ដែល​បាន​អនុវត្ត និង​អនុវត្ត​ទៅតាម តួនាទី ក្នុង​ការ​ចូល​​រួម​សហកា​រ​ការពារ​ព្រៃឈើ កុំ​ឲ្យ​មានការ​​រាន​ព្រៃ​ឈើ​បន្តទៀត និង​ហាម​មិន​ឲ្យ​កំលាំង​ទាំងអស់ មានការ​ឃុបឃិត​គ្នា​ជាមួយ​ជនល្មើស​កាប់​ព្រៃឈើ​។ ក្នុង​នោះដែរ​​ក៏​ត្រូវ​តែ​មាន​​ការ​សម្របសម្រួល​ជាមួយ និង​ប្រជាពលរដ្ឋ​រក​ដំណោះស្រាយ​ដោយ​សន្តិ​វិធី ហាម​ប្រើប្រាស់​អាវុធ ហាម​ប្រើ​អំពើ​ហិង្សា គឺ​មាន​ការ​ណែ​នាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​ផ្លូវច្បាប់ និង​បាន​ផ្តល់​ថវិកា​ចំនួន ៤០ម៉ឺន​រៀល​ទៀត​ផង​។
លោក វណ្ណ សូ​ផា​ណ្ណា បាន​បន្ត​ការ​ផ្តាំផ្ញើ​ដល់​កង​កំលាំង​ក៏ដូចជា​រដ្ឋបាល​ព្រៃឈើ ឲ្យ​មានការ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​ពី​លំនៅដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ មាន​ដី​ហើយ​និង​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​សាងសង់​ផ្ទះ ព្រោះ​ពុំ​មាន​ឈើ​សំរាប់​សង់​លំនៅដ្ឋាន គឺ​យោង​តាម​អនុសាសន៍​របស់ ប្រមុខ​រាជរដ្ឋាភិបាល មិន​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា រស់នៅ​យ៉ាង​លំបាក​វេទនា ក្រោម​ដំណក់​ទឹកភ្លៀង​នោះ​ទេ គឺ​ត្រូវតែ​ដោះស្រាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​សុំ​ការ​អនុញ្ញាត ដោយ​បំពេញ​សំណុំ​បែប​បទ​មក​រដ្ឋបាល​ព្រៃឈើ នឹង​ត្រូវ​បាន​ដោះស្រាយ​តាម​ស្ថានភាព​ជាក់ស្តែង។
ចំណែក​និ​ស្សិត​​ដែល​បាន​ចុះ​ទៅ​ជាមួយ​​រដ្ឋបាល​ព្រៃឈើ ត្រូវ​យកចិត្តទុកដាក់ កត់ត្រា​ទីតាំង​ព្រៃ​ដែល​មាន ស្ថានភាព​រិចរិល ព្រៃ​ដែល​ត្រូវ​បាន​រុករាន​ និង​ព្រៃ​ដែល​ប៉ះពាល់ ព្រមទាំង​សកម្មភាព​យុទ្ធនាការ​ទាំងអស់​មក អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ ដើម្បី​ថ្នាក់លើ​ធ្វើ​របាយការណ៍​ជូន​ទៅ​ក្រសួង​បន្ត​ទៀត៕
ប៊ុន រដ្ឋា