Wednesday, August 15, 2012

លោក​អភិបាល​ខេត្តតាកែវ ចុះ​ពិនិត្យ​ការចាក់​កៅស៊ូ ផ្លូវ​ខេត្ត​លេខ​១២៩



លោក​អភិបាល​ខេត្តតាកែវ ចុះ​ពិនិត្យ​ការចាក់​កៅស៊ូ ផ្លូវ​ខេត្ត​លេខ​១២៩
លោក​អភិបាល​ខេត្តតាកែវ ចុះ​ពិនិត្យ​ការចាក់​កៅស៊ូ ផ្លូវ​ខេត្ត​លេខ​១២៩
1 of 2   
តាកែវ: កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១២ លោក ស្រី បេន អភិបាល​នៃ​គណៈ​អភិបាលខេត្ត រួម​ដំណើរ​ដោយ​មន្ត្រីរាជការ មន្ទីរ​ជុំវិញ​ខេត្ត អង្គភាព​ទាហាន ប៉ូលិស ប៉េ​អឹម បាន​អញ្ជើញ​ចុះទៅពិនិត្យ​ការចាក់​កៅស៊ូ​លើផ្លូវ​ខេត្ត​លេខ ១២៩ ដែលមាន​ប្រវែង​សរុប ២៣ គីឡូម៉ែត្រ ដោយ​ត​ភ្ជាប់​ពី​ផ្លូ​វជាតិ​លេខ ២ ត្រង់​ទីប្រជុំជនផ្សារ​ថ្នល់ទទឹង ស្រុក​សំរោង ដល់ទី​ប្រជុំជន​ផ្សារ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ 

​លោក អ៊ុំ អ៊ូ​ក ប្រធាន​មន្ទីរ​សាធារណការនិង​ដឹកជញ្ជូន​ខេត្ត បានឲ្យដឹងថា ដោយ​មើលឃើញ​ការលំបាក​របស់​ប្រជាពលរដ្ឋក្នុងស្រុក​សំរោង ស្រុក​ព្រៃកប្បាស និង​ស្រុក​អង្គរ​បូរី ក៏ដូចជា​ការធ្វើ​ចរាច​រដឹក​ជញ្ជូន​កសិផល​ផ្សេងៗទៅកាន់​ទីផ្សារ លោក ស្រី បេន អភិបាលខេត្ត បាន​លើកសំណើទៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាលពី​ឆ្នាំ​២០០៩ កន្លងមក ដើម្បី​ជួសជុល​ផ្លូវ​ខេត្ត ដោយ​ចាក់​កៅស៊ូ​។ សម្តេច​តេ​ជោ ក៏បាន​ឯកភាពឱ្យ​បញ្ចូល​ផ្លូវ​នេះក្នុង​ផែនការ​ជួសជុល​ចាប់ពី​ឆ្នាំ​២០១០​មក រហូតមកដល់​ឆ្នាំ​២០១២​នេះ ផ្លូវ​នេះត្រូវបាន​បញ្ចប់​តាម​ការស្នើសុំ ដោយ​អនុវត្តន៍តាម​ជំហាន​គីង្គក់ រយៈពេល ៣​ឆ្នាំ​។ 

​លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា នៅ​ឆ្នាំ​២០១២​នេះ មន្ទីរ​មាន​គម្រោង​ជួសជុល​បញ្ចប់លើ​ប្រវែង​ផ្លូវ​សរុប ៥.៨៣០ ម៉ែត្រ ក្នុងនោះ ៥.០០០ម៉ែត្រ មាន​ទទឹង ៦ម៉ែត្រ ប៉ះ​កន្លែង​ផត​ស្រុត​ប្រមាណ ៤០ភាគរយ  រួច​ចាក់​កៅស៊ូពីរ​ជាន់​ប្រវែង ៨៣០ម៉ែត្រ ទទឹង ៦ម៉ែត្រនិង​ស្ថាបនា​លូ​ទទឹង​ថ្នល់​ចំនួន ២​កន្លែង បច្ចុប្បន្ន​នៅសល់​លូ​ប្រអប់មួយ​កន្លែង ដែល​ទើប​អនុវត្តន៍បាន​ប្រមាណ​ជា ៩០ភាគរយ ដែល​គ្រោង​បញ្ចប់មុន​រដូវ​ទឹក​ឡើង​ខាងមុខនេះ ដោយ​ត្រូវ​ចំណាយ​ថវិកា​សរុប​ប្រមាណ ៤.០០២.០០០.០០០ រៀល ( បួន​ពាន់​ពីរលាន​រៀល ) ដែលជា​ថវិកា​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​
 
​លោក អ៊ុំ អ៊ួ​ក បន្តថា លើ​កំណាត់​ផ្លូវ​នេះ ផងដែរ ក៏​មានការ​ដាក់លូ​កាត់​ផ្លូវចំនួន ៦០ ដែលមាន​ប្រវែង​សរុប ៨០០ ម៉ែត្រ សាង​រ៉ឺ​ហ្គា​ចំនួន ៤២​កន្លែង ស្ថិតក្នុង​ទីប្រជុំជនផ្សា​របត់​រកា ក្នុងស្រុក​សំរោង រហូតមកដល់​ពេលនេះសម្រេចបាន ១០០ភាគរយហើយ និង​ត្រូវបាន​ចំណាយ​ថវិកាប្រមាណ ៣៤៨.០០០.០០០ រៀល ដែលជា​ថវិការបស់​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ 

​លោក ស្រី បេន អភិបាលខេត្ត​ បាន​មានប្រសាសន៍ទៅកាន់​ប្រជាពលរដ្ឋ ដែល​មក​ចូលរួម​នាពេលនោះ​ថា មា​នស​មេ្ត​ច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​បានធ្វើឲ្យប្រទេសជាតិមានការ​អភិវឌ្ឍ​រីកចម្រើននៅ​គ្រប់​ទីកន្លែង​។ 

​លោក ស្រី បេន បន្តថា លទ្ធផលដែល​សម្រេចបាន​ខាងលើ​នេះ គឺ​ដោយមាន​ការសហការ​ជិតស្និទ្ធ​រវាង​អាជ្ញាធរ​ស្រុក និង​មន្ទីរ មានការ​លះបង់​ខ្ពស់​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ លើ​ផលប៉ះពាល់​ទាំងឡាយនៅតាម​ដងផ្លូវ​នេះ​។​

​ជាមួយគ្នានេះដែរ លោក​អភិបាលខេត្ត បាន​សំណូមពរ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​នេះ​ទាំងអស់ សូមមេត្តា​បើកបរ​ដោយ​គោរព​ច្បាប់ ស្តីពីចរាចរណ៍​ផ្លូវគោក កុំ​បើកបរ​ហួស​ល្បឿន​កំណត់ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ផ្សេងៗនៅក្នុង​មូលដ្ឋាន​ភូមិ​-​ឃុំ​-​ស្រុក ឲ្យនៅ​កម្រិត​ទាប និង​សូម​មេត្តាជួយ​ថែរក្សា​ផ្លូវថ្នល់​របស់​យើងឲ្យបាន​ជាប់​យូ​រអង្វែង​៕