Wednesday, August 15, 2012

សហជីព​កម្មករ អំពាវនាវ​ឲ្យ​អ្នក​បញ្ជា​ទិញ ជំរុញ​ឲ្យ​រោងចក្រ​កាត់ដេរ គោរព​សិទ្ធិ​កម្មករ​

សហជីព​កម្មករ អំពាវនាវ​ឲ្យ​អ្នក​បញ្ជា​ទិញ ជំរុញ​ឲ្យ​រោងចក្រ​កាត់ដេរ គោរព​សិទ្ធិ​កម្មករ​
លោក រ៉ុង​ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា (រូបថត : ស៊ីវ ចាន់ណា)
ភ្នំពេញ: សហភាព​សហជីព​កម្ពុ​ជា បាន​សរសេរ​លិខិត ដាក់​ទៅ​កាន់​អ្នក​បញ្ជា​ទិញ​ផលិតផល​សម្លៀកបំពាក់ ដែល​មាន​ស្លាក​យីហោ​ល្បីល្បាញ នៅ​អាមេរិក និង​សហភាព​អឺរ៉ុប រួមមាន​៖ Gap Levis និង​Old Navy ជាដើម ដើម្បី​សុំ​ឲ្យ​អ្នក​បញ្ជា​ទិញ​ទាំង​នេះ ជំរុញ​មកកាន់​រោងចក្រ​កាត់ដេរ តៃ​ណាន ឬ​តៃ​យៀ​ន នៅ​ជិត​ផ្សារ​បែក​ចាន ក្នុង​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល គោរព​សិទ្ធិ​កម្មករ និង​ផ្តល់​ដំណោះស្រាយ​ដល់​កម្មករ ដែល​បាន​តវ៉ា​យូរ​ខែ​មក​ហើយ​។​

​ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១២ លោក រ៉ុង​ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា បានឲ្យ​ដឹងថា កាលពី​ពេល​ថ្មីៗ​នេះ លោក​បាន​សរសេរ​សំបុត្រ​ទៅកាន់​ក្រុម​អ្នក​បញ្ជា​ទិញ​ផលិតផល​សំលៀក​បំពាក់​របស់​រោង​ចក្រ​កាត់ដេរ តា​យ​យៀន ដើម្បី​ឲ្យ​អ្នក​បញ្ជា​ទិញ​ទាំងនោះ ជំរុញ​ឲ្យ​រោងចក្រ​គោរព​សិទ្ធិ​កម្មករ និង​ផ្តល់​ដំណោះស្រាយ​សមរម្យ​ដល់​កម្មករ ដែល​បាន​តវ៉ា​យូរ​ខែ​មក​ហើយ​។​

​លោក​រ៉ុង​ឈុន បាន​បន្ថែមថា ប្រជាពលរដ្ឋ​នៅ​សហរដ្ឋអាមេរិក និង​នៅ​សហភាព​អឺរ៉ុប មិន​សប្បាយ​ចិត្ត​ទេ បើសិនជា​រោងចក្រ​កាត់ដេរ នៅ​កម្ពុជា ពិសេស​រោងចក្រ តា​យ​យៀន រំលោភ​សិទ្ធិ​កម្មករ​។ ប្រជាពលរដ្ឋ​ទាំងនោះ ក៏​មិន​ចង់​ប្រើប្រាស់​សំលៀក​បំពាក់ ដែល​ប្រឡាក់​ញើស​ឈាម​របស់​កម្មករ​នោះឡើយ​។​

​លោក​រ៉ុង​ឈុន ដែល​បាន​ដឹកនាំ​កម្មករ​រោងចក្រ​កាត់ដេរ តា​យ​យៀន ធ្វើ​កូដកម្ម​តវ៉ា ក៏​បាន​អំពាវនាវ​ទៅកាន់​អ្នកបញ្ជា​ទិញ ឲ្យ​បញ្ឈប់​ការបញ្ជា​ទិញ​ផលិតផល​កាត់ដេរ ពី​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​ទាំងឡាយណា ដែល​រំលោភ​បំពាន មិន​គោរព​សិទ្ធិ​កម្មករ និង​មិន​ព្រម​ដោះស្រាយ ចំពោះ​ការតវ៉ា​របស់​កម្មករ​។​

​ជាមួយគ្នា​នោះ ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​មិញ ក៏​បាន​ផ្សព្វផ្សាយ​ពី​ការប្រជុំ​រវាង​តំណាង​កម្មករ​កាត់ដេរ ជាមួយនឹង​តំណាង​ក្រសួង​សង្គមកិច្ច នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១២ ដែល​បាន​សំរេច ៤ ចំណុច​។ ទី​១-​សុំ​ឲ្យ​ក្រុមហ៊ុន រោងចក្រ​កាត់ដេរ តា​យ​យៀន ដក​ពាក្យបណ្តឹង​លើក​ម្មករ ដែល​បាន​ធ្វើ​កូដកម្ម​តវ៉ា ចំនួន ៣៧ នាក់ រួមទាំង​លោក រ៉ុង​ឈុន និង​លោកស្រី យ៉ាង សុភ័ណ្ឌ តំណាង​សហជីព​កម្មករ​។ ទី​២-​នៅ​ពេល​ក្រុមហ៊ុន ដក​ពាក្យបណ្តឹង​ហើយ​នោះ កម្មករ​ដែល​បាន​ធ្វើ​កូដកម្ម សុំចូល​ធ្វើការ​ឡើង​វិញ​។ ទី​៣-​ការទាមទារ​ថវិកា​អត្ត​ប្រយោជន៍​នានា ត្រូវ​ជជែក​គ្នា​នៅពេល​ក្រោយ និង​ទី​៤-​សុំឲ្យ​ក្រសួង​សង្គមកិច្ច សរសេរ​លិខិត​ទៅ​កាន់​រោងចក្រ តា​យ​យៀន បន្ទាប់​ពី​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល បាន​សម្របសម្រួល​ដោះស្រាយ​បញ្ហា​កម្មករ ធ្វើ​កូដកម្ម​កន្លងមក​។​

​សូម​រម្លឹកថា កម្មករ​រោងចក្រ​កាត់ដេរ តៃ​ណាន ( តៃ​យៀ​នទី​១ តៃ​យៀ​នទី​២ និង​ខេ​ម​វែល ) ដឹកនាំ​ដោយ​លោក រ៉ុង​ឈុន បាន​ធ្វើ​កូដកម្ម ចាប់តាំងពី​ចុង​ខែ​មិថុនា ឆ្នាំ​២០១២ ដើម្បី​ទាមទារ​សុំឱ្យ​មាន​ការដោះស្រាយ​នូវ​លក្ខខណ្ឌ​ការងារ ៥ ចំណុច រួមមាន​៖ ១-​សុំ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​ទូទាត់​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​តាម​ច្បាប់​ស្ដីពី​ការងារ ដោយ​ក្រុមហ៊ុន​បាន​ប្ដូរ​ឈ្មោះ​រោងចក្រ​។ ២-​សុំ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​សោហ៊ុយ​ធ្វើដំណើរ និង​ថ្លៃ​ស្នាក់​នៅ​ឱ្យបាន ១៥ ដុល្លារ ក្នុង​មួយ​ខែៗ​។ ៣-​សុំ​ឱ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ថ្លៃ​ទឹកដោះគោ​ឱ្យ​បាន ១៥ ដុល្លារ ក្នុង​មួយ​ខែៗ​។ ៤-​សុំ​ឱ្យ​ក្រុមហ៊ុន​ឡើង​ប្រាក់រង្វាន់​ទៀងទាត់ ឱ្យបាន ១៥ ដុល្លារ ក្នុង​មួយ​ខែៗ និង​ទី​៥-​សុំ​ឱ្យ​ក្រុមហ៊ុន​កុំ​យក​ប្រាក់​មុខតំណែង និង​បច្ចេកទេស​យកមក​កាត់​ទូទាត់ នៅ​ពេល​កម្មករ​-​កម្មការិនី និង​ថ្នាក់ដឹកនាំ​សុំ​ច្បាប់​ចាប់ពី​បី​ថ្ងៃ​ឡើងទៅ​៕​