Wednesday, August 15, 2012

ក្រុមការងារ​មន្ទីរ​ធនធានទឹក​ខេត្ដឧត្ដរមានជ័យ​និង​ខេត្ដព្រៃវែង​ចុះ​អន្ដរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​ របស់​ប្រជាពលរដ្ឋ​

ដោយ​ ៖ សុខ​ ខេមរា​ ថ្ងៃទី 15 សីហា 2012ម៉ោង 09:35:24
​ខេត្ដឧត្ដរមានជ័យ​-​ព្រៃវែង​ ៖​ ក្រុមការងារ​របស់​មន្ដ្រី​មន្ទីរ​ធនធានទឹក​ខេត្ដឧត្ដរមានជ័យ​កំពុង​មមារ​ ញឹក​ចុះ​អន្ដរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​ សន្ទូង​ សំណាប​ របស់​ប្រជា​កសិករ​ស្រប​ពេល​ដែល​ពុំ​មាន​ធ្លាក់​ទឹកភ្លៀង​ ក៏​ដូច​ជា​គោល​ការ​ណែនាំ​របស់​លោក​រដ្ឋមន្ដ្រី​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ឱ្យ​ថ្នាក់ដឹកនាំ​មន្ដ្រី​ជំនាញ​ ក្រុមការងារ​របស់​ក្រសួង​យកចិត្ដទុកដាក់​ ខ្ពស់​លើ​ការ​ស្វែងរក​ប្រភព​ទឹក​សម្រាប់​សង្គ្រោះ​ស្រូវ​របស់​ប្រជា​កសិករ​នោះ​ ។
​​លោក​ ឃិ​ន​ ញ៉ា​ណ​ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ដឧត្ដរមានជ័យ​បានឱ្យ​ដឹង​ថា​ ការ​ចុះ​អន្ដរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​ដើមរ​ដូច​ ឆ្នាំ​២០១២​ បាន​ធ្វើ​ឡើង​នៅ​ភូមិ​គោក​រាំង​ ឃុំ​ជើងទាន​ ស្រុក​ចុងកាល់​ ដែល​មាន​ប្រភព​ទឹកអូរ​ហើយ​មាន​លទ្ធភាព​បូម​សង្គ្រោះ​បាន​ទៅ​លើ​ស្រែ​ ប្រជា​កសិករ​ចំនួន​១០០​ហិ​កតា​ ។​ លោក​ ឃិ​ន​ ញ៉ា​ណ​ បន្ដ​ថា​ កាលពី​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២១០១២​ ខាង​មន្ទីរ​និង​ក្រុមការងារ​បាន​ចុះ​អន្ដរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​បាន​ចំនួន​ ៣០​ហិ​កតា​ ដែល​មានការ​ចូលរួម​ផង​ដែរ​ ពី​អាជ្ញាធរ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ រហូត​ដល់​ជា​លទ្ធផល​ការ​ចុះ​អន្ដរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​នេះ​ គិត​ចាប់ពី​ថ្ងៃ​ទី​៤​ ខែកក្កដា​ ដល់​ថ្ងៃ​ទី​១៤​ ខែសីហា​ ក្រុមការងារ​សង្គ្រោះ​ស្រូវ​ជូន​ប្រជា​កសិករ​បាន​ចំនួន​ ១១៨៦​ហិ​កតា​ ក្នុងស្រុក​ចំនួន​៣​ ដូច​ជា​នៅ​ស្រុក​សំរោង​ ស្រុក​ចុងកាល់​ និង​ស្រុក​បន្ទាយ​អំពិល​ ។​
​ដោយឡែក​នៅ​ខេត្ដព្រៃវែង​ លោក​ ជុំ​ សុ​ភី​ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​បានឱ្យ​នគរវត្ដ​ដឹង​តាម​ទូរស័ព្ទ​ថា​ ដោយ​ស្ថានភាព​នៅ​ខេត្ដព្រៃវែង​ ប្រឈម​មុខ​នឹង​ការ​ខ្វះ​ប្រភព​ទឹក​ បើ​ទោះជា​ក្រុមការងារ​មាន​គ្រឿងចក្រ​ ម៉ាស៊ីនបូមទឹក​ ក៏​ពុំ​អាច​រក​ប្រភព​ទឹក​ដើម្បី​យក​ទៅ​សង្គ្រោះ​ ស្រូវ​ សន្ទូង​ ក៏​ដូច​ជា​សំណាប​របស់​ប្រជា​កសិករ​បាន​ ។​ លោក​បន្ដ​ថា​ មួយ​រយៈ​នេះ​កន្លែង​ដែល​មាន​ប្រភព​ទឹក​ ក្រុមការងារ​របស់​មន្ទីរ​បាន​ចុះ​អន្ដរាគមន៍​បូមទឹក​បាន​ប្រមាណ​ជាង​១៥០​ហិ​កតា​ ដូច​ជា​ចុះ​អន្ដរាគមន៍​នៅ​ក្នុងស្រុក​បាភ្នំ​ និង​ស្រុក​ស្វាយ​អ​ន្ទ​រ​ ហើយ​ក្រុមការងារ​បន្ដ​ទៅ​ចុះ​អន្ដរាគមន៍​ បូមទឹក​ឯ​ស្រុក​ព្រះស្ដេច​បន្ថែម​ទៀត​ ក្នុង​នោះ​ក៏​កំពុង​កាយ​ប្រឡាយ​ផង​ដែរ​ ដែល​មាន​ប្រវែង​១០០​ម៉ែត្រ​ ដើម្បី​ជួយ​សង្គ្រោះ​សន្ទូង​៕​ ​