Wednesday, August 15, 2012

ពិធី​បើកវគ្គ​បំប៉ន​កម្មវិធី​សាលា​រៀន​មាន​សុវត្ថិភាព ក្រោម​កិច្ច​រៀបចំ​ឡើង​ដោយអង្គការ​កម្ពុជា​នៃ​ក្ដី​សង្ឃឹម​ CHO

          នាយក , នាយករងនៃ​សាលា​បឋមសិក្សា​​នៅ​ទូទាំង​ស្រុកស្វាយចេក​ បាន​ចូលរួម​ជា​សិក្ខា​កាមក្នុង​វគ្គបំប៉ន​ សាលា​រៀន​មានសុវត្ថិភាព​ដែលមាន​រយៈពេល ចាប់​ពី​ថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០១២ ក្រោម​កិច្ច​រៀបចំ​ឡើង​ដោយអង្គការ​កម្ពុជា​នៃ​ក្ដី​សង្ឃឹម​ CHO ។
          លោក អ៊ិន​ ជំនោរ ប្រធាន​ CHO បាន​អោយដឹងថា: ពិធី​បើក​វគ្គ​បំប៉ន​កម្មវិធី​សាលារៀន​មានសុវត្ថិភាព​ដែល​មាន​រយៈពេល​ចាប់​ពីថ្ងៃទី ១៣ ដល់​ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ​២០១២ គោល​បំណង​ចង់បាននិង​ចង់ឃើញ​សហគមន៍​ មានជីវភាព​​សម​រម្យ​ មាន​សុខភាពល្អ មានសន្តិសុខ​ សុវត្ថិភាព​ទាំង​ផ្លូវកាយ​ ផ្លូវចិត្ត​ ចង់ឃើញ​កុមារ​គ្រប់​ៗ​រូប​មាន​ឱកាស​ទៅ​ទទួលការអប់រំ​នៅសាលារៀន​ ។ ជាក់ស្ដែង​កម្មវិធីសាលារៀន​មាន​សុវត្ថិភាព​ នាពេល​នោះ​គោល​បំណង​ធំបំផុត​គឺ​ចង់បាន​និងចង់ឃើញ​កុមារ​គ្រប់​ៗ​រូប​បាន​ទទួល​ការអប់រំ​ដោយ​ស្មើ​ភាព គ្មានការ​រើស​អើង​ គ្មាន​អំពើ​ហឹង្សារ​ ប្រកប​ដោយ​គុណភាព ព្រោះ​កុមារ​ក្នុងពេលនេះ​ពួកគេ​និង​ក្លាយ​ជាធនធាន​​​ដ៏ចម្បង​ក្នុងគ្រួសារ​​ សហគមន៍​ និង​ប្រទេស​ជាតិ​ទៅអនាគត ។
          លោក អ៊ិន ជំនោរ ប្រធាន​ CHO បាន​បន្តថា: ជំនួសមុខ​អង្គការ​កម្ពុជា​នៃក្ដីសង្ឃឹម​និង​ក្នុងនាម​ជា​ប្រធាន​ CHO លោក​សង្ឃឹម​ដោយ​មុតមាំ​ថា: កម្មវិធី​សាលារៀន​មាន​សុវត្ថិភាព​ដែល​បើកវគ្គ​បំប៉ន​ក្នុងពេលនេះ និងពេល​បន្ទាប់​ទៀត​នឹង​ក្លាយ​ជា​លទ្ធផល​ ជាក់ស្ដែង​តាម​សាលារៀន​ដែល​​ជា​ផល​ប្រយោជន៍ ដ៏ពិត​ប្រាកដ​ចំពោះកុមារ​ដោយពិនិត្យ​ឃើញ​ការ​ចូលរួម​និងសហការ​របស់​ថ្នាក់​អប់រំ​ក្នុង​ខេត្ត​គ្រប់​លំដាប់​ថ្នាក់​និង​លោកអភិបាល​ស្រុក​ដែល​ជា​កម្លាំង​ចលករ​គាំទ្រ ដ៏មាន​ប្រសិទ្ធភាព មិន​អាច​ខ្វះ​បានពិសេស​លោក​ គ្រូ អ្នកគ្រូ ដែល​ជា​អ្នក​អនុវត្តផ្ទាល់​ជា​មួយ​សហគមន៍​​និងកុមារ​នៅ​គ្រប់​មូលដ្ឋាន ។
          លោក​ ពិន សេង​ហាប់ អភិបាល​រង​ស្រុក​​ស្វាយចេក​ បាន​មាន​ប្រសាសន៍​ថា: កម្មវិធី​សាលារៀន​មាន​សុវត្ថិភាព​ ពិតជា​មាន​សារៈសំខាន់ណាស់​ចំពោះ​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ទៅលើ​កុមារ​ពីព្រោះ​វាផ្ដល់ចំណេះ​ដឹង​និង​បទពិសោធន៍​ ជា​ច្រើន​សម្រាប់​អោយកុមារ​សិក្សា​រៀនសូត្រ​ ពិសេស​លោកគ្រូ​អ្នក​គ្រូ​អាច​យក​ចំណេះ​ដឹង​ទាំងនេះ​ទៅ​ប្រើប្រាស់​ក្នុង​ការ​ជួយដល់​កុមារ​នៅតាមមូលដ្ឋាន​ ។
          លោក សួង សាវុន អនុប្រធាន​មន្ទីរ​អប់រំ​យុវជន​និងកីឡាខេត្ត​បន្ទាយមានជ័យបាន​បញ្ជាក់​បន្ថែម​​ទៀត​ថា: ការ​បើកវគ្គ​បំប៉ន​កម្មវិធី​សាលារៀន​មានសុវត្ថិភាព​ពិតជា​បាន​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ដែល​សាលារៀន​នៅមូលដ្ឋាន​កំពុង​តែមានការ​​ខ្វះខាត​ទាំង​ផ្នែក​សមត្ថភាព​និង​សម្ភារៈប្រើប្រាស់ ។ ជាក់ស្ដែង​វគ្គបំប៉ន​នេះ​បាន​​ជំរុញ​អោយ​វិស័យ​សិក្សា​ធិការ​នៅ​មូលដ្ឋាន​ មានភាព​រឹងមាំ​និងប្រកប​ដោយ​គុណភាព​ សំដៅ​កាត់បន្ថយ​អត្រា​បោះ​បង់​ការ​សិក្សា​របស់​សិស្ស​នៅ​បឋមសិក្សា។​ សកម្មភាព​​ទាំងនេះ​​គឺ​​ស្រប​ទៅ​ទៅនឹង​ផែនការ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​កំណត់​ក៏ដូច​ជា​គោល​នយោបាយ​យុទ្ធសាស្រ្ត​ចតុកោណ​របស់​រាជរដ្ឋាភិបាលកម្ពុជា។ លោក​បាន​បន្ត​ផ្ដាំផ្ញើ​ដល់សិក្ខា​កាមទាំងអស់​ត្រូវ​មានសារៈ​សំខាន់​សម្រាប់​អស់លោក​បានពុទ្ធិមួយ​យក​ទៅ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​និងភាព​ស័ក្តិសិទ្ធិ ៕