Wednesday, August 15, 2012

ប្រជុំ​ផ្សព្វ​ផ្សាយ​ស្ដីពី​ការ​ពិនិត្យ​បញ្ជី​ឈ្មោះនិង​ចុះ​ឈ្មោះ​​អ្នក​បោះ​ឆ្នោត​ជូន​តំណាង​អភិបាល​ស្រុក​ក្រុង​ មេឃុំ​ចៅ​សង្កាត់​និង​ស្មៀន​

      នៅ​សាលាខេត្ត​បន្ទាយមានជ័យ​ បាន​រៀប​ចំ​ប្រជុំ​ផ្សព្វ​ផ្សាយ​ ស្ដីពី​ការ​ពិនិត្យ​បញ្ជីឈ្មោះ​និង​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ ជូន​តំណាង​អភិបាល​ស្រុក​-ក្រុង​ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ មេឃុំ​-ចៅ​សង្កាត់​ និង​ស្មៀន​ឃុំ​សង្កាត់​ ទូទាំង​ខេត្ត​សរុប​ចំនួន​ ១៣៥ នាក់ ។ ពិធីនេះ​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ មាន សទិ សមាជិក​គណកម្មាធិ ការជាតិរៀបចំ​ការ​បោះ​ឆ្នោត​ ឯកឧត្តម​ អ៊ុង ម៉ុន សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ​លោក រៀម សារិន អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ ។
បន្ទាប់​ពីលោក ហី គឹមសេង ប្រធាន​លេខា​ធិការដ្ឋាន​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​​ ឡើងធ្វើ​របាយ​ការណ៍​ស្វាគមន៍​ និង​រាយការណ៍​អំពីការ​ងារ​លេខាធិការ​ដ្ឋាន​ ខេត្ត​​រៀប​ចំ​ការ​បោះ​ឆ្នោត​​បាន​អនុវត្តន៍ សំរេចបាន​​ក្នុង​រយៈ ពេលនៃ​ ការ​បោះ​ឆ្នោត​ជ្រើ​ស​តាំង​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ អាណត្តិ​ទី​៣​រួចមក ។
  ឯកឧត្តម​ មាន សទិ សមាជិក​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ មាន​ប្រសាសន៍​ថា ទិស​ដៅ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​​ធ្វើ​ការ​ផ្សព្វផ្សាយ​ដល់​អស់​លោក​ លោកស្រី ជា​អភិបាល​ស្រុក​-​ក្រុង​ មេឃុំ​-ចៅ​សង្កាត់​ និង​ស្មៀន​ឃុំ​សង្កាត់​ នាពេលនេះ​គឺជា​ការ​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍​ទូទៅនៃការ​រៀបចំ​ធ្វើការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​អ្នកបោះ​ឆ្នោត​ដើម្បី​​ផ្ដល់នូវ​បច្ចេកទេស​សំរាប់​ បំពេញ​ការងារ​អោយ​បាន​កាន់តែ​មាន​ភាព​ល្អ​ប្រ​សើរ​ និង​អនុវត្តន៍​បាន​ត្រឹមត្រូវ​តាមនីតិវិធី​ដែល​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ​​បាន​កំណត់ ។ឯកឧត្តម បាន​បន្ត​បញ្ជាក់ឡើង​វិញ​ផងដែរ​ អំពី​ផ្ដើម​បង្កើត​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ និង​ប្រវត្តិ​ដើម​កំណើត​ដំបូង​នៃ​ការ​បោះ​ឆ្នោត​ នៅ​ក្នុង​ប្រទេស​កម្ពុជា វិធី​សាស្រ្ត​នៃការ​វាយ​តំលៃ​លើ​បញ្ជី​បោះ​ឆ្នោត​​ដែល​​សកល​លោក​កំពុង​តែ​អនុវត្តន៍និ​ង ​របៀប​វាយតំលៃ​លើ​បញ្ជី​បោះ​ឆ្នោត​ តួនាទី​និងការងារ​ចំពោះមុខ​របស់ក្រុម​ប្រឹក្សា​ ឃុំ សង្កាត់​ ដែល​ នឹង​ត្រូវ​អនុវត្តន៍​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ពិនិត្យ​​បញ្ជីឈ្មោះ​បោះ​ឆ្នោត​នាពេល​ខាងមុខ​ វិធីនៃការ​​កែ​ប្រែ​លើ​ឈ្មោះ​សួន​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត វិធីសាស្រ្តនៃ​ការ​ផ្សព្វផ្សាយ​បញ្ជី​ដំបូង​ និងការ​ប្រើប្រាស់​បញ្ជីបោះ​ឆ្នោត​ដំបូង​ វិធីសាស្រ្ត​នៃការ​ប្រើប្រាស់​ វិធី​បញ្ជាក់​ពី​អត្ត​សញ្ញា សំរាប់​ធ្វើការ​ចុះ​ឈ្មោះ និងការ​បោះ​ឆ្នោត​ ព្រមទាំង​វិធីសាស្រ្ត​សំរាប់​ដោះ​ស្រាយ​បញ្ហា​និង​បណ្ដឹង​ផ្សេងៗ​ ដែល​ក្រុម​ប្រឹក្សា​ ឃុំ​-សង្កាត់​ និង​ស្មៀន​ត្រូវ​ធ្វើការ​ដោះ​ស្រាយ​នៅ​ពេលចុះ​ឈ្មោះ​បោះ​ឆ្នោត។ ឯកឧត្តម​​បានសំណូម​ពរ​​ដល់​គណៈអភិបាល​ខេត្ត​​-ស្រុក​-ក្រុង​ ទាំងអស់​ជួយត្រួតពិនិត្យ​ជាមួយ​ស្មៀន​និងក្រុមប្រឹក្សា​ ឃុំ​-សង្កាត់​ ក្នុងដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ព្រមទាំង​ជួយ​ជំរុញ​អោយប្រជា​ពលរដ្ឋ​ អោយមក​ធ្វើការពិនិត្យ​ឈ្មោះនិង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​អោយ​បានគ្រប់​គ្នា​ផងដែរ ។លោក រៀម សារិន អភិបាលរង ខេត្ត​បន្ទាយមានជ័យ​​បាន មាន​ប្រសាសន៍​ថ្លែង​អំណរ គុណដល់ គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះ​ឆ្នោត​ដែល​បាន ​ធ្វើការ​ផ្សព្វផ្សាយ​ស្ដីពីការ​ពិនិត្យ​ឈ្មោះ​និងចុះ​ឈ្មោះ ​អ្នក​បោះ​ឆ្នោត​នាពេលនេះ​ ដើម្បី​មន្រ្តី​ឃុំ​-សង្កាត់​ទាំងអស់​បាន​យល់​ច្បាស់​ពីនីតិវិធីច្បាប់ និងអនុវត្ត​បានត្រឹមត្រូវ​។ ម្យ៉ាងវិញទៀត សូមអោយ​ក្រុមប្រឹក្សា​ ឃុំ​-សង្កាត់​និងស្មៀន​ទាំងអស់​យកចំណេះ​ ដឹង​ដែល​ទទួល​បាន​នាពេលនេះ ​ទៅ​អនុវត្តន៍​អោយ​បានល្អ​នៅ​តាម​មូលដ្ឋាន​របស់ខ្លួន ៕