Wednesday, August 15, 2012

បទឧទ្ទេសនាម​របស់​នាយករដ្ឋមន្ត្រី ពី​បញ្ហា​ព្រំដែន ជាង ៥ ម៉ោង ក្នុង​រដ្ឋសភា បោះពុម្ព​ជា​សៀវភៅ និង​ចំលង​ជា​ខ្សែអាត់​

ភ្នំពេញ: ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា របស់​សាកលវិទ្យាល័យ បៀ​ល​ប្រា​យ នៅ​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា បទឧទ្ទេសនាម​របស់​សម្តេច ដែល​បាន​បកស្រាយ​លើ​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ រយៈពេល​ជាង ៥ ម៉ោង នឹង​ត្រូវ​បោះពុម្ព​ជា​សៀវភៅ ព្រមទាំង​ចងក្រង​ជា​ខ្សែអាត់ ដើម្បី​ទុកជា​ឯកសារ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា "​រយៈពេល​ជាង ៥ ម៉ោង​នោះ មិនបាន​ធ្វើឲ្យ​ខ្ញុំអ​ស់​កម្លាំង ចុះ​ខ្សោយ​ទេ ប៉ុណ្ណឹង​ល្មម​ហើយ តែ​ក៏​នៅ​មាន​ប្រធាន​បទ​ជាច្រើន ត្រូវ​និយាយ​ទេ​។ ឥឡូវ​សៀវភៅ​ក៏​ត្រូវ​ចេញ ហើយ​អា ឌី​វី​ឌី ឬ​កាសែត ថេប​​អី​​នឹង គឺថា តែ​មានរឿង​អី ចាក់​អា​នឹង​ហើយ​។ បោះ​ចេញ​ជា​សៀវភៅ ទាំង​ភាសា​ខ្មែរ និង​ទាំង​ភាសា​អង់គ្លេស​នូវ​អត្ថបទ​ឧទ្ទេស​នាម​នោះ ហើយ​យក​ទៅ​ធ្វើ​ជា​មូលដ្ឋាន​ទៅ ហើយ​នាំគ្នា​វិភាគ​ទៅ​។ ព្រឹត្តិការណ៍​វា​បាន​វិវត្តន៍​មក​អីចឹង​។ បើ​ចង់ដឹង​ថ្ងៃ​នឹង តើ​ថ្ងៃ​ពី​ម្សិល វា​មាន​ស្អី​"​។​

​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ថា សម្តេច​មិន​ចង់​តមាត់​តក​ជាមួយនឹង​ក្រុម​អ្នក​ដែល​បន្ត​រិះគន់​រដ្ឋាភិបាល ក្នុង​រឿង​ព្រំដែន​នោះ​ឡើយ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​រម្លឹក​ផងដែរ អំពី​ប្រសាសន៍​របស់​សម្តេច​នៅក្នុង​រដ្ឋសភា ពាក់ព័ន្ធ​នឹង​សារ​បាន និង​ដើមទង​នៃ​ប្រវត្តិសាស្ត្រ​ព្រំដែន​កម្ពុជា និង​វៀតណាម ដោយ​គេ​មិន​អាច​ច្បិច​យក​តែ​មួយ​កន្លែង មក​និយាយ​បាន​ទេ​។​

​សូម​រម្លឹកថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំណាយ​ពេលវេលា​ជាង ៥ ម៉ោង ដើម្បី​ពន្យល់​បំភ្លឺ​ដល់​រដ្ឋសភា អំពី​បញ្ហា​ព្រំដែន​ដ៏​ចម្រូងចម្រាស​រវាង​កម្ពុ​ជា និង​វៀត​ណាម​។ 

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​លើកឡើង​ថា អ្វី​ដែល​រដ្ឋាភិបាល​រប​ស់ស​ម្តេច​បាន​ធ្វើ​បច្ចុប្បន្ន គឺ​ផ្អែក​ទៅ​លើ​ផ្លូវ​ច្បាប់ និង​អ្វី​ដែល​បន្សល់ទុក​ពី​សម័យ​សង្គមរាស្ត្រ​និយម​របស់​សម្តេចឪ នរោត្តម សីហនុ ប៉ុណ្ណោះ​។ សម្តេចនាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាស​​ធានា ចំពោះមុខ​រដ្ឋសភា និង​ចំពោះ​ប្រជាជន​កម្ពុជា​ថា កម្ពុជា​មិន​មាន​បាត់បង់​ទឹកដី ទាំង​ដែន​គោក ឬ​ដែន​សមុទ្រ​នោះទេ​។ 

​ទោះបីជា​យ៉ាងនេះក្តី ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បានលើកឡើង​ពី​ភាពចាំបាច់ ដែល​ត្រូវ​ធ្វើ​ការដោះដូរ​ដី​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដោយសារ​តែ​ផ្អែក​ទៅលើ​ការកាន់កាប់​ស្រាប់​របស់​ប្រជាជន​កម្ពុជា និង​វៀតណាម ផ្អែក​លើ​ស្ថានភាព​កាន់កាប់​ជាក់ស្តែង​។​

​ជាមួយនឹង​ប្រសាសន៍​ដូច្នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​រិះគន់​ដល់​អ្នក ដែល​បន្ត​មិន​ទទួលស្គាល់ ថ្ងៃ​៧​មករា ដែល​សម្តេច​ចាត់ទុកថា ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ និង​នាំឲ្យ​មាន​ការអភិវឌ្ឍ​ន៍​មកដល់ពេលនេះ​៕​