Wednesday, August 15, 2012

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បើក​កិច្ច​ពី​ពិភាក្សា​ជាមួយ​គណៈកម្មាធិការ​បី​របស់​វៀតណាម​

M15-e-fullភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា​ ឆ្នាំ​២០១២ ​នេះ ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កម្ពុជា​ បាន​បើក​កិច្ច​ពី​ពិភាក្សា​ជាមួយ​គណៈកម្មាធិការ​គ្រឿង​ញៀន ​អេដស៍ ​និង​ពេស្យាចារ​របស់​វៀតណាម​។​
 កិច្ចប្រជុំ​នេះ​រៀបចំ​ធ្វើ​នៅ​វិមាន​សន្តិភាព ជាន់​ទី​៣ ក្រោម​អធិបតីភាព​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ​កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កម្ពុជា និង​លោក ង្វៀន ស្វិ​ន​តុ​ក ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ត្រួតពិនិត្យ​គ្រឿងញៀន អេដស៍​ និង​ពេស្យាចារ​វៀតណាម​។​
 បើ​តាម​ឯកឧត្តម​ប​នាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កម្ពុជា បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​មិន​មែនជា​ប្រទេស​ផលិត​គ្រឿងញៀន​ទេ ​ប៉ុន្តែ​ជា​ប្រទេស​ដែល​កំពុង​រងគ្រោះ​នូវ​ការ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់ ​និង​ការប៉ុនប៉ង​យក​ប្រទេស​កម្ពុជា​ ធ្វើ​ការផលិត​គ្រឿងញៀន​សំយោគ​ខុសច្បាប់ ដើម្បី​បំរើ​ទីផ្សា​ក្នុងស្រុក និង​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ។​
 ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បញ្ជាក់​ដែរថា បច្ចុប្បន្ន​តួលេខ​អ្នក​ប្រើ​បំពាន​គ្រឿងញៀន​ក្នុង​ប្រទេស​កម្ពុ​ជាមាន​ចំនួន​៦០០០​នាក់ ប៉ុន្តែ​តាម​ការ​ប៉ាន់ស្មាន​បែប​វិទ្យាសាស្ត្រ​របស់​ក្រុម​អង្គការ UN អ្នក​ប្រើ​បំពាន​មាន​ចំនួន​៤៦០០០​នាក់ ក្នុង​នោះ​៨០ ភាគរយ​ជា​កុមារ និង​យុវវ័យ​ដែល​មាន​អាយុ​ចាប់ពី​១០ ទៅ​២៤ ឆ្នាំ ៕
កោះ​កែវ​