Monday, August 20, 2012

អាវុធហត្ថ​ស្រុក​ម៉ាឡៃ ឃាត់ខ្លួន​បុរស​ម្នាក់ ប្រើ​ហិង្សា​លើ​ប្រពន្ធ​កូន​

បន្ទាយមានជ័យ: កម្លាំង​អាវុធហត្ថ​ស្រុក​ម៉ាឡៃ កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១២ បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​ប្រើ​ហិង្សា និង​បង្ខាំង​កូនប្រុស អាយុ ៩​ឆ្នាំ ខណៈ​គេ​ដើរ​តាមផ្លូវ​ទៅលេង​ជីតា​។ 

​បុរស​ឈ្មោះ ម៉ៅ រ៉​ន អាយុ ៥៥​ឆ្នាំ រស់នៅ​ភូមិ​ខ្លា​ងាប់ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ រីឯ​កូនប្រុស​ឈ្មោះ ម៉ៅ លី​ហៀ​ង អាយុ ៩​ឆ្នាំ​។ បុរស​នេះ​បាន​យក​ដាវ​សាមូរ៉ៃ​ភ្ជង់​ក មុខ និង​យក​ដាវ​វាយ​ជាំ​ភ្លៅ​ឆ្វេង​របស់​កូន ហើយ​ទុក​កូន​ក្នុងផ្ទះ​បិទទ្វារ​ជិត​។ តែ​ស្ត្រី​ជា​ប្រពន្ធ​បាន​តាមរក និង​ស្រែកហៅ ទើប​កូន​នោះ​លូន​ឡើង​ជញ្ជាំង​ផ្ទះ លោត​ចុះដី​តាម​ប្រហោង មករក​ម្តាយ​វិញ​។ 

​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ សៃ សុខ អាយុ ៥០​ឆ្នាំ បាន​ឲ្យ​ដឹងថា គាត់ និង​ជនសង្ស័យ បាន​គ្នា​ជា​ប្តី​ប្រពន្ធ ២២​ឆ្នាំ មកហើយ មានកូន​ប្រុស ៦​នាក់​។ ប៉ុន្តែ​ប្តី​រូបនេះ​ដែល​ធ្លាប់​ជាប់គុក ៣​ឆ្នាំ ពុំ​កែប្រែ​ទង្វើ និង​ចិត្តឃោរឃៅ​នោះទេ នៅតែ​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​កូន និង​អ្នកភូមិ ជា​ញឹកញាប់​។ 

​លោក អ៊ឹម សាទ មេភូមិ​ខ្លា​ងាប់ បាន​និយាយថា ស្ត្រី​ជា​ប្រពន្ធ​បាន​ធ្លាក់ខ្លួន​ពិការ ស្គមរីងរៃ ព្រោះ​ប្តី​វាយ​ឲ្យ​ស្រាំ​លលាដ៍ក្បាល និង​គ្រេច​ចង្កេះ​។ នៅ​ឆ្នាំ​២០១១ ស្ត្រី​ជា​ប្រពន្ធ និង​កូនៗ បានសម្រេច​ចុះ​ចេញពីផ្ទះ ទៅ​នៅផ្ទះ​មា ដើម្បី​គេចផុត​ពី​អំពើហិង្សា ទារុណកម្ម​ផ្លូវកាយ ផ្លូវចិត្ត និង​ជីវភាព ដែល​ពុំ​អាច​ថ្លាថ្លែង​អស់ និង​ខំ​លាក់​ទុក្ខ​ច្រើន​ឆ្នាំ​មកនេះ​។ 

​លោក ព្រហ្ម ថេ​ង នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ម៉ៅ រ៉​ន បានទទួល​ស្គាល់​កំហុស និង​វត្ថុតាង (​ដាវ​សាមូរ៉ៃ​) របស់ខ្លួន តែ​បដិសេធ​ការភ្ជង់ និង​បង្ខាំង​កូនប្រុស​។ ព្រោះតែ​ក្តី​នឹករលឹក គេ​ចង់​តថ្លៃ​នឹង​ប្រពន្ធ ឲ្យ​មក​រស់នៅ​ជុំ​គ្រួសារ​ប្តី​ប្រពន្ធ​វិញ​។ 

​លោក ព្រហ្ម ថេ​ង និយាយ​បន្តថា បណ្តឹង​នេះ ខាង​អាវុធហត្ថ​បាន​បញ្ជូន​សំណុំរឿង ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​១៩ ខែសីហា​ហើយ​។ មួយថ្ងៃ​បន្ទាប់មក តុលាការ​បានសម្រេច​ឃុំខ្លួន​បុរស​ឈ្មោះ ម៉ៅ រ៉​ន ដែល​បាន​បង្ក​ហិង្សា​ក្នុង​គ្រួសារ ដ៏​អាក្រក់ ពុំ​អាច​អត់អោន​បាន​៕