Monday, August 20, 2012

ក្រសួងមហាផ្ទៃ ទទួលយកលិខិតស្នើសុំបង្កើត គណបក្សសង្គ្រោះជា

ភ្នំពេញ: ​សម្ព័ន្ធភាព​គណបក្សប្រឆាំង​សមរង្ស៊ី និង​សិទ្ធិមនុស្ស បាន​យក​សំណុំបែបបទ ទៅ​ចុះបញ្ជី​គណបក្សប្រឆាំង​រួម​គ្នា​ថ្មី​មួយ ដែលមាន​ឈ្មោះថា "​គណបក្ស​សង្គ្រោះ​ជាតិ​" នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២០ ខែសីហា ឆ្នាំ​២០១២ នៅ​ក្រសួងមហាផ្ទៃ ស្របតាម​ច្បាប់ ស្តីពី គណបក្សនយោបាយ​។ រីឯ​ខាង​ក្រសួងមហាផ្ទៃ ក៏បាន​ទទួលយក​រួច​ហើយ​ដែរ​។​

​ក្រសួងមហាផ្ទៃ មាន​សិទ្ធិ ១៥ ថ្ងៃ ក្រោយពី​ទទួល​សំណុំបែបបទសុំ​ចុះឈ្មោះ​គណបក្ស​ថ្មី ដើម្បី​ឆ្លើយតប​ថា ទទួល​ចុះ ឬក៏​មិន​ទទួល​ចុះបញ្ជី​ជា​ផ្លូវការ សម្រាប់​គណបក្ស​ថ្មី​នោះ​។​

​មន្ដ្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយថា នៅក្នុង​លិខិត​ដាក់ជូន​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គឺ​ធ្វើ​ដោយ​លោក ប៉ុល ហំ​ម ក្នុងនាម​អនុប្រធាន​គណៈកម្មការ​បណ្ដោះអាសន្ននៃ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ស្នើសុំ​បង្កើត “​គណបក្ស​សង្គ្រោះ​ជាតិ​”​។​

​មន្ត្រីជាន់ខ្ពស់​រូបនោះ បាន​និយាយ​បន្តថា រូប​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ មាន​រូប​ព្រះអាទិត្យ​រះ និង​មាន​កាំរស្មី​ចំនួន ២៤ តំណាង​ឲ្យ ២៤​រាជធានី​-​ខេត្ត​។​

​មន្ត្រី​ដដែល​បន្ថែមថា នៅ​ក្នុងលិខិត​ដាក់ជូន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង មានភ្ជាប់​ជាមួយ​របាយការណ៍​កំណ​ត់​ហេតុ ស្ដីពី​ការជ្រើសរើស​គណៈកម្មាធិកា​រ​បណ្ដោះអាសន្ន​ចំនួន ៧​រូប និង​សមាជិក​ស្ថាបនិកនៃ​ការបង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៨៣​រូប​។ 

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូបនោះ បញ្ជាក់ថា គណៈកម្មាធិការ​បណ្ដោះអាសន្ន​ទាំង ៧​រូប រួមមាន ៖ លោក សម រង្ស៊ី ជា​ប្រធាន​, លោក ប៉ុល ហំ​ម អនុប្រធាន​, លោក ស៊ុន ច​ន្ធី លេខាធិការ​, លោក សាម ស៊ុន​ធឿន​, លោក អ៊ូ ច័ន្ទ​រ័ត្ន​, លោកស្រី ជា សុគន្ធា​នី និង​លោក សួន ណា​រិ​ទ្ធិ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ខៀវ សុភ័គ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្រសួងមហាផ្ទៃ មាន​សិទ្ធិ ១៥ ថ្ងៃ ក្រោយពី​ទទួល​សំណុំបែបបទសុំ​ចុះឈ្មោះ​គណបក្ស​ថ្មី ដើម្បី​ឆ្លើយតប​ថា ទទួល​ចុះ ឬក៏​មិន​ទទួល​ចុះបញ្ជី​ជា​ផ្លូវការ សម្រាប់​គណបក្ស​ថ្មី​នោះ​។​

​សូម​រម្លឹកថា លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សមរ​ង្ស៊ី និង​លោក កឹម​សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន បាន​ព្រមព្រៀង​ចុះហត្ថលេខា​ជាថ្មី កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២ ដើម្បី​បង្កើត​សម្ព័ន្ធភាព​គណបក្សប្រឆាំង ក្នុង​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ មុននឹង​ឈានទៅ​បង្កើត​គណបក្ស​ថ្មី​មួយ​រួមគ្នា ដើម្បី​ចូលរួម​ការបោះឆ្នោតជាតិ នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣៕