Monday, August 20, 2012

គណៈ​បញ្ជាការ​ឯកភាព​ព្រំដែន​នាំ​យក​អង្ករ​សម្តេច​តេ​ជោ​និង​លោក​ជំទាវ​ទៅ​​ឧបត្ថម្ភ​ដល់​គ្រួសារ​កងទ័ព​សមរភូមិ​មុខ​

ខេត្តព្រះវិហារ​ ៖ ​អង្ករ​ចំនួន​១៨​តោន​ រួម​នឹង​មី​យើង​ចំនួន​៤១០​កេស​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ និង​លោក​ជំទាវ​ ត្រូវ​បាន​នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ អគ្គមេបញ្ជាការ​រង​ និង​ជា​នាយសេនាធិការ​ចំរុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ នាំ​យក​ទៅ​ប្រគល់​ជូន​ដល់​ដៃ​គ្រួសារ​កងទ័ព​ ស្ថិត​នៅ​អង្គភាព​កងពលតូច​ លេខ​៨​ទិស​ប្រាសាទព្រះវិហារ​។​
មាន​ប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នោះ​នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​   ពី​សំណាក់​សម្តេច​អគ្គមហាសេនា​​បតី​តេ​ជោ​ ហ៊ុន​ សែន​ និង​លោក​ជំទាវ​កិ​តិ្ត​ព្រឹទ្ធ​ប​ណិ្ឌ​ត​ ជូន​ចំពោះ​បងប្អូន​គ្រួសារ​កងទ័ព​ ទាំងអស់​ប្រកបដោយ​សេចក្តី​នឹករលឹក​ ព្រមទាំង​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​ទឹកចិត្ត​​លះបង់​ប្តីសី​ កូន​ជាទី​ស្រឡាញ់​ ឲ្យ​ចូល​បំរើ​ក្នុង​ជួរ​កងទ័ព​ ដើម្បី​បុព្វហេតុ​ការពារ​ជាតិ​ មាតុភូមិ​ ។​  ជោគជ័យ​ និង​ស្នាដៃ​ធំៗ​ជា​ច្រើន​ ដែល​វី​រៈ​យុទ្ធ​ជន​របស់​យើង​សំរេច​បាន​នា​  ពេល​កន្លង​មក​គឺ​ ពិតជា​មាន​តំលៃ​ឧត្តុង្គឧត្តម​មិន​អាច​កាត់ថ្លៃ​បាន​ ហើយ​ដែល​ត្រូវ​ប្រជា​​ពលរដ្ឋ​ទូទៅ​ចង​ចាំ​ និង​ដឹងគុណ​ជា​និច្ច​។​
នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ បាន​បញ្ជាក់​ថា​ ជាមួយនឹង​ទឹកចិត្ត​លះបង់​ដ៏​ធំធេង​នេះ​ សម្តេច​និង​​លោក​ជំទាវ​ ក៏​ដូច​ជា​សប្បុរសជន​នានា​ តែងតែបាន​គិតគូរ​ជា​និច្ច​ អំពី​សុខទុក្ខ​កងទ័ព​ គ្រួសារ​កងទ័ព​ដែល​ឈរជើង​នៅ​តំបន់​ព្រំដែន​ ដោយនៅ​រដូវភ្លៀង​បាន​ឧបត្ថម្ភ​អាវ​ភ្លៀង​  នៅ​រដូវរងារ​បាន​ឧបត្ថម្ភ​អាវរ​ងារ​ ជា​ពិសេស​គឺ​ការ​គិតគូរ​ដោះស្រាយ​ស្បៀងអាហារ​ សម្ភារៈ​ប្រើប្រាស់​ និងពូជ​ផលដំណាំ​ផ្សេងៗ​ ដើម្បី​ឲ្យ​បងប្អូន​មាន​លទ្ធភាព​គ្រប់គ្រាន់​  នៅ​ក្នុង​ការ​រក​ប្រាក់​ចំណូល​បង្កើន​ជីវភាព​គ្រួសារ​  ព្រោះថា​រាល់​ការ​ឧបត្ថម្ភ​ម្តងៗ​ គឺ​គ្រាន់​តែ​ជា​ការ​ដោះស្រាយ​បាន​មួយ​គ្រា​តែ​ប៉ុណ្ណោះ​ សំខាន់​គឺ​បងប្អូន​ត្រូវ​ចេះ​ធ្វើការ​ច្នៃប្រឌិត​ និង​ខិតខំ​ដោយ​ខ្លួនឯង​។​
នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ ក៏​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ត្រូវ​បង្កើន​ការ​យកចិត្ត​ទុក​​ដាក់​ដល់​ការងារ​បង្កបង្កើន​ផល​ឲ្យ​អស់​ផ្ទៃដី​   ជា​ពិសេស​ការ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​ បង្កា​បាន​ពី​ជំងឺឆ្លង​ផ្សេងៗ​ ព្រោះ​រដូវ​នេះ​ជា​រដូវភ្លៀង​ ។​ អំណោយ​ដែល​ត្រូវ​ផ្តល់​ជូន​នា​ពេល​នោះ​រួម​មាន​ ប្រជាពលរដ្ឋ​១.២៣១​គ្រួសារ​ដោយ​​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​១៥​គីឡូក្រាម​  និង​មី​១០​កញ្ចប់​៕