Monday, August 20, 2012

កំណែទម្រង់​គឺជា​ការ​ស្លាប់​រស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា

​ភ្នំពេញ ៖​ លោក​ឧបនាយករដ្ឋមន្ត្រី​ គាត​ ឈ​ន់​ បាន​ថ្លែង​ នៅ​ក្នុង​អង្គ​វិបស្សនា​ប្រចាំឆ្នាំ​លើក​ទី​៦​ នៃ​កម្មវិធី​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ នា​ព្រឹក​ថ្ងៃ​ទី​១៨​ សីហា​ ឆ្នាំ​២០១២​ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ​ថា​ កំណែទម្រង់​គឺជា​ការ​ស្លាប់​រស់​របស់​រាជ​ រដ្ឋាភិបាល​កម្ពុជា​ ហើយ​ត្រូវ​ចាត់​ទុក​ថា​ កំណ​ទម្រង់​គឺជា​ការងារ​ប្រចាំ​ថ្ងៃ​របស់​យើង​ ដើម្បី​ បន្ត​កែ​លម្អ​ពង្រឹង​ បង្កើន​និង​ពង្រីក​សមត្ថភាព​លទ្ធភាព​ និង​សក្តានុពល​ភាព​របស់​យើង​ក្នុង​ គោលដៅ​រក្សា​ឲ្យ​បានជា​មួយ​និង​ការ​វិវត្តន៍​នៃ​សង្គម​សេដ្ឋកិច្ច​ និង​នយោបាយ​នៅ​ក្នុង​ ប្រទេស​ ក្នុង​តំបន់​ និង​ពិភពលោក​ ។​
​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បន្ត​ថា​ នៅ​ក្នុង​ដំណាក់កាល​នីមួយៗ​នៃ​ការ​អនុវត្ត​កម្ម​ វិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​រយៈពេល​៤​ឆ្នាំ​ (​ឆ្នាំ​២០០៥-២០០៨)​ ដែល​បាន​កែប្រែ​ស្ថានភាព​នៃ​ការ​អនុវត្ត​ថវិកា​ពី​ភាព​រ៉ាំរ៉ៃ​ នៃ​ឱនភាព​សាច់ប្រាក់​មក​ជា​មាន​អតិរេក​សាច់ប្រាក់​ និង​ពី​ភាព​ដែល​មិន​អាច​ទូទាត់​ និង​បើក​ផ្តល់​បាន​ទាន់​ពេលវេលា​ មក​អាច​ព្យាករណ៍បាន​ និង​ធានា​បានការ​ទូទាត់​និង​បើក​ផ្តល់​បាន​ទាន់​ពេលវេលា​ ។​ ជាក់ស្តែង​ការ​ព្យាករណ៍​ចំណូល​​ និង​ការ​គ្រោង​ចំណាយ​កាន់តែ​បាន​សុ​ក្រឹត្យ​ដែល​ធ្វើ​ឲ្យ​ការ​អនុវត្ត​ចំណូល​ និង​ចំណាយ​កាន់តែ​សម្រេច​បាន​យ៉ាង​ល្អ​ប្រសើរ​ពី​ឆ្នាំទៅ​មួយ​ឆ្នាំ​ ពោល​គឺ​ចំណូល​ប្រចាំឆ្នាំ​ ភាគច្រើន​សម្រេច​បាន​តាម​គោលដៅ​នៃ​កំណើន​០,៥​ ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក​ និង​ភាគច្រើន​តែងតែ​អនុវត្ត​បាន​តាម​ច្បាប់​កំណត់​ ហើយ​ក៏​មិន​ដែល​លើស​ឬ​ខ្វះ​ច្រើន​ជាង​ ៥​ភាគរយ​នៃ​ច្បាប់​កំណត់​នោះ​ទេ​ ។​ រីឯ​ការ​អនុវត្ត​ចំណាយ​វិញ​ក៏​តែងតែ​ត្រូវ​បាន​រក្សា​ឲ្យ​នៅ​ ត្រឹម​ច្បាប់​កំណត់​ ទោះជា​ឱនភាព​ថវិកា​សរុប​ត្រូវ​បាន​កើនឡើង​ដល់​ជាង​៨​ភាគរយ​នៃ​ ផលិតផល​សរុប​ក្នុងស្រុក​នៅ​ឆ្នាំ​២០០៩​ និង​ឆ្នាំ​២០១០​ ហើយ​ឆ្នាំ​២០១១​ ធ្លាក់​មក​នៅ​ត្រឹម​ប្រ​ មា​ណ​៧​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក​ និង​ឆ្នាំ​២០១២​ និង​ឆ្នាំ​២០១៣​ នឹង​នៅ​ត្រឹម​ប្រ​ មា​ណ​៦​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក​ក៏​ដោយ​ ក៏​ចំណាយ​ចរន្ត​នៅ​តែ​ត្រូវ​បាន​រក្សា​ ក្នុង​កម្រិត​ត្បិតត្បៀត​ និង​សន្សំ​សំចៃ​ ដើម្បី​រក្សា​អតិរេក​ចរន្ត​ជា​និច្ច​ ។​
លោក​ឧបនាយក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា​ បទ​ពិសោធន៍​ជា​អន្តរជាតិ​ព្រមទាំង​ស្ថានភាព​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បច្ចុប្បន្ន​បាន​បញ្ជាក់​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​អំពី​សារសំខាន់​នៃ​ការ​ពង្រីក​ការ​គ្រប់គ្រង​ហិរញ្ញ​ វត្ថុ​សាធារណៈ​ដែល​កាន់តែ​មាន​ទំនាក់ទំនង​ទៅ​វិញ​ទៅ​មក​យ៉ាង​ជិត​សិ្ន​ទ្ធ​ទៅ​និង​ហិរញ្ញវត្ថុ​ ឯកជន​ជាតិ​ ហិរញ្ញវត្ថុ​ឯកជន​អន្តរជាតិ​ និង​ហិរញ្ញវត្ថុ​សាធារណៈ​អន្តរជាតិ​ ។​ ការ​សម្រេច​ បាន​លទ្ធផល​ដ៏​ល្អ​ប្រសើរ​ខាងលើ​នេះ​គឺ​ពិតជា​បាន​មក​ដោយសារ​តែ​កម្ពុជា​ មាន​ចក្ខុវិស័យ​ ច្បាស់លាស់​ មាន​គោលនយោបាយ​ត្រឹមត្រូវ​ មាន​យន្តការ​អប្បមាទ​ជា​ប្រចាំ​និង​បាន​ដាក់​ ចេញ​នូវ​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ទាន់​ពេលវេលា​ព្រមទាំង​បាន​ធ្វើ​កំណែទម្រង់​ សម​ស្រប​លើ​គ្រប់​វិស័យ​ទៀត​ផង​ ។​ ទោះជា​យ៉ាងណា​យើង​ក៏​ទទួលស្គាល់​ជា​ប្រព័ន្ធ​គ្រប់​ គ្រង​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​យើង​នៅ​មាន​លក្ខណៈ​វិមជ្ឈការ​ខ្ពស់​ និង​តម្រូវ​ ឲ្យ​មានការ​បង្កើន​តម្លាភាព​គណនេយ្យ​ភាព​ និង​ប្រសិទ្ធភាព​បន្ថែម​ទៀត​ ដែល​រាជរ​ដ្ឋា​ភិ​ បាល​ បាន​និង​កំពុងធ្វើការ​ងារ​នេះ​យ៉ាង​សកម្ម​ ពិសេស​តាម​រយៈ​កំណែទម្រង់​៣​ ដែល​ត្រូវ​ ដើរ​ទន្ទឹម​គ្នា​ និង​ប្រកបដោយ​សង្គតិភាព​និង​គ្នា​នោះ​ គឺ​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ សាធារណៈ​ កំណែទម្រង់រដ្ឋបាល​សាធារណៈ​ និង​កំណែទម្រង់​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​ ។​ ពិត​ណាស់​ថា​ យើង​មាន​យន្តការ​ដឹកនាំ​គ្រប់គ្រង​និង​សម្របសម្រួល​រវាង​កំណែទម្រង់​ ទាំង​៣​រួច​ហើយ​ តាម​រយៈ​ក្រុមប្រឹក្សា​កំណែទម្រង់​រដ្ឋ​ គណកម្មាធិការ​គោលនយោបាយ​ សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ គណកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ ក្រោម​ជាតិ​ និង​គណកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ដែល​មាន​សមាជិក​មក​ពី​គ្រប់​ស្ថាប័ន​ ។​
លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ជម្រុញ​លើកទឹកចិត្ត​ឲ្យ​មានការ​ពិនិត្យ​ ពិភាក្សា​បន្ថែម​ ទៀត​លើ​ការ​ធានា​សង្គតិភាព​ និង​ការ​ដើរ​ទន្ទឹម​គ្នា​នៃ​កំណែទម្រង់​ទាំង​៣​នេះ​ ដើម្បី​ឲ្យ​ការ​អនុវត្ត​ប្រកបដោយ​ភាព​សក្តិ​សិទ្ធិ​ ប្រសិទ្ធភាព​ និង​សម្រេច​បាន​ជោគជ័យ​តាម​គោលដៅ​រៀងៗ​ខ្លួន​ ក្នុង​គោលបំណង​ឆ្ពោះទៅ​បង្កើត​តម្លាភាព​គណនេយ្យ​ភាព​ ប្រសិទ្ធភាព​ និង​ភាព​សក្តិ​សិទ្ធិ​នៃ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ​សាធារណៈ​ ៕​