Monday, August 20, 2012

ព្រឹត្តិការណ៍​នយោបាយ​ប្រចាំ​សប្តាហ៍​

ដោយ: សុគន្ធ (CEN)
ភ្នំពេញ: ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លងទៅ​នេះ មាន​រឿងរ៉ាវ​នយោបាយ​ជាតិ​ជាច្រើន​បាន​កើតឡើង​។ សម្រាប់​ព្រឹត្តិការណ៍​នយោបាយ​ប្រចាំ​សប្តាហ៍ ចាប់​ថ្ងៃទី​១៣ ដល់​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១២ គេហទំព័រ CEN សូម​សង្ខេប​ជូន​នូវ​ហេតុការណ៍​សំខាន់ៗ ដូចខាងក្រោម​៖ 

១. អ្នកនាំពាក្យ បដិសេធ​ការ​ក្លែង​លិខិត​ឆ្លងឆ្លើយ រឿង​ផ្តាច់​សម្ព័ន្ធភាព​រវាង​លោក សមរង្ស៊ី និង​លោក​កឹម​សុខា​

​អស់​ពី​ការ​ក្លែង​លិខិត បំផ្លើស​ព័ត៌មាន​មក​លើ​ថ្នាក់ដឹកនាំ​កំពូល របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​១៣ ខែ​សីហា ឆ្នាំ​២០១២ ចូល​ដល់​ការ​ក្លែង​លិខិត​បង្ហោះ តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត ក្នុង​ហ្វេ​សប៊ុក លើ​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ពាក់ព័ន្ធ​នឹង​ការផ្តាច់​សម្ព័ន្ធភាព ឈប់​ចូលរួម​បង្កើត​គណបក្ស​នយោបាយ​រួមគ្នា​។ ក៏ប៉ុន្តែ​អ្នកនាំពាក្យ បានប្រកាស​បដិសេធថា លិខិត​ទាំងពីរ​នោះ​ជា​លិខិត​ក្លែងបន្លំ ខណៈ​ដែល​សម្ព័ន្ធភាព​គ​ណ​បក្សប្រឆាំង កំពុង​ដំណើរការ​ទៅមុខ​។​

​លោក ប៉ុល ហំ​ម អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អ្នកនាំពាក្យ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍​ប្រាប់ CEN នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣ ខែ​សីហា ឆ្នាំ​២០១២ ថា លិខិត​របស់​លោក​សម​រង្ស៊ី និង​លិខិត​របស់​លោក​កឹម​សុខា ដែល​ធ្វើ​នៅ​សហរដ្ឋអាមេរិក ហើយ​ត្រូវបាន​គេ​ផ្សព្វផ្សាយ បង្ហោះ​តាម​អ៊ីមែល និង​ហ្វេ​សប៊ុក​នោះ គឺជា​រឿង​មិន​ពិត​ទេ​។​

​លោក ប៉ុល ហំ​ម បាន​បន្ថែមថា "​នោះ​ជា​រឿង​ក្លែងក្លាយ​។ មិនដឹង​នរណា​ទេ គេ​ក្លែង ក្លាយ​លិខិត​នោះ​។ អត់​ពិត​ទេ ប្រហែលជា​មាន​អ្នក​គេ​ភ័យ​ព្រួយបារម្ភ ពី​រឿង​ដែល​យើង​រួបរួមគ្នា បានជា​គេ​ធ្វើ​ដូច្នោះ ដើម្បី​ឲ្យ​មតិសាធារណជ​ន​ច្របូកច្របល់​។ ប៉ុន្តែ​អត់​អី​ទេ យើង​មិន​រវល់​ខ្វល់​នឹង​រឿង​អ៊‌ីចឹងៗ​ទេ ដល់​ពេល​ការពិត​នឹង​ឃើញ នៅពេល​យើង​ចុះបញ្ជី​គណបក្ស នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​"​។​

​លោក ប៉ុល ហំ​ម ក៏​បាន​ព្រមាន​ថា បើ​តាម​ច្បាប់ អ្នក​ដែល​ក្លែង​លិខិត និង​អ្នកយក​លិខិត​នោះ​ទៅ​ផ្សព្វផ្សាយ​បន្ត ក៏​ត្រូវ​មាន​ទោស​ផង​ដែរ​។​

២. លោក សៅ រ៉ានី ទទួល​តំណែង​ជា​ប្រធាន​ស្ដីទី គណបក្ស​នរោត្តម​រណឫទ្ធិ​

​លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស​នរោត្តមរណឫទ្ធិ ត្រូវបាន​ផ្តល់​សេចក្តីទុកចិត្ត​ឲ្យធ្វើ​ជា​ប្រធាន​ស្តីទី ជំនួស​លោក ឈឹម សៀកឡេង ដែល​បាន​លាឈប់​។ ចំណែក​លោក ផែង ហេង ត្រូវបាន​ជ្រើសតាំង​ឲ្យធ្វើ​ជា​អគ្គលេខាធិការ​គណបក្ស​នរោត្តមរណឫទ្ធិ​។​

​ការសម្រេច​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ប្រធាន​ប្រតិបត្តិ ប្រធាន​ក្រុម​ការងារ​ទាំង ២៤ រាជធានី​-​ខេត្ត និង​គណៈកម្មការ​នាយ​ក​គណបក្ស​នរោត្តមរ​ណ​ឫទ្ធិ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១២ នៅ​ស្នាក់ការ​កណ្តាល​គណបក្ស ខាងលិច​វិទ្យាល័យ​ឥន្ទ្រ​ទេវី​។​
    
​លោក សៅ រ៉ានី ដែល​ទើប​ទទួល​តំណែង ជា​ប្រធានស្តីទី​គណបក្ស​នរោត្តម​រណឫទ្ធិ បាន​និយាយថា កិច្ចប្រជុំ​បាន​ផ្តោត​ទៅលើ​បញ្ហា​សម្តេច​ក្រុមព្រះ និង​លោក ឈឹម សៀកឡេង លាឈប់​ពី​នយោបាយ និង​នយោបាយ​បង្រួបបង្រួម រវាង​គណបក្ស​នរោត្តម​រណឫទ្ធិ ជាមួយនឹង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​គ្រោង​ធ្វើ​សមាជ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១២​។ គណបក្ស​នរោត្តម​រណឫទ្ធិ អាច​ធ្វើ​សមាជ​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១២ ដើម្បី​ប្តូរ​ឈ្មោះ​ពី​គណបក្ស​នរោត្តម​រណឫទ្ធិ ទៅ​ជា​គណបក្ស​ជាតិ​និយម​វិញ​។ 

៣. របាយការណ៍​៖ រយៈពេល ៦​ខែ ឆ្នាំ​២០១២ ថៃ​បាញ់​សម្លាប់​ប្រជាជន​កម្ពុជា ៣៨ នាក់​

​ក្នុង​រយៈពេល ៦​ខែ ឆ្នាំ​២០១២ គិត​ចាប់ពី​ខែ​មករា ដល់​ខែ​មិថុនា សមត្ថកិច្ច​ថៃ​បាន​បាញ់សម្លាប់​ប្រជាជន​កម្ពុជា ចំនួន ៣៨ នាក់​។ នេះ​បើ​តាម​របាយការណ៍​បូក​សរុប​សង្ខេប​លទ្ធផល​ការងារ ប្រចាំ​ឆមាស​ទី​១ និង​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០១២ របស់​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​។​

​របាយការណ៍​ចំនួន ៥ ទំព័រ ចុះ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១២ ធ្វើ​នៅ​ប៉ោយ​ប៉ែត ចុះហត្ថលេខា​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ពេជ្រ វណ្ណា ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ បានបង្ហាញ​ថា ក្នុង​រយៈពេល ៦​ខែ គិត​ចាប់ពី​ខែ​មករា ដល់​ខែ​មិថុនា ឆ្នាំ​២០១២ ករណី​ពលរដ្ឋ​កម្ពុជា​កាប់​ឈើ​នៅតាម​ព្រំដែន ត្រូវបាន​សមត្ថកិច្ច​ថៃ​បាញ់​ស្លាប់​ចំនួន ៣៨ នាក់​, របួស​ចំនួន ១០ នាក់​, ដាក់ពន្ធនាគារ ១៩៤ នាក់ និង​បាត់​ខ្លួន​ចំនួន​ម្នាក់ សរុប​ចំនួន ២៤៣ នាក់​។ ក្នុងនោះ ថៃ​បាន​ដោះលែង​ពលរដ្ឋ​កម្ពុជា ចំនួន ៨០ នាក់ (​ស្រី​ចំនួន ២ នាក់​) ដោយ​ក្នុង​នោះ ករណី​កាប់​ឈើ​ចំនួន ៤៦ នាក់ និង​ករណី​ឆ្លងដែន​ខុស​ច្បាប់​ចំនួន ៣៤ នាក់​។​

​របាយការណ៍​បង្ហាញ​ផងដែរ​ថា សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ឆ្លងដែន​ខុសច្បាប់ ត្រឡប់​មក​កម្ពុជា ចំនួន ១.៤៦៥ លើក សរុប​ចំនួន ៦៨.៦៥៩ នាក់ ដោយ​មាន​ស្ត្រី​ចំនួន ២០.៤៨៨ នាក់ និង​កុមារ​ចំនួន ៥.៩៩១ នាក់​។​

​របាយការណ៍​ដដែល​ក៏​បាន​បង្ហាញ​ទៀត​ថា ប្រជាពលរដ្ឋ​កម្ពុជា​បាន​ឆ្លង​ដែន​ទៅកាន់​ប្រទេស​ថៃ ក្នុង​រយៈពេល ៦​ខែ ឆ្នាំ​២០១២ មាន​ចំនួន ១.៩៣៩.៦០៩ នាក់ ស្ត្រី​ចំនួន ៦៥៧.៥៨០ នាក់​។ រីឯ​ប្រជាពលរដ្ឋ​ថៃ​ចូល​ប្រទេស​កម្ពុជា ចំនួន ១.៤៤០.៤១៤ នាក់ ស្ត្រី​ចំនួន ៥០៤.០៦៥ នាក់​។ ចំណែក​ជន​បរទេស​ចូលមក​ប្រទេស​កម្ពុជា មាន​ចំនួន ៣៣០.៣៦០ នាក់ ស្ត្រី​ចំនួន ១៥២.៦៧៥ នាក់​។ ជនបរទេស​ចេញពី​ប្រទេស​កម្ពុជា មាន​ចំនួន ៣០៨.៧៤៧ នាក់ ស្ត្រី​ចំនួន ១៤៦.២២២ នាក់​។ ដោយឡែក ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស មាន​ចំនួន ២៥.១៩៩ នាក់​។ 

៤. គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស រៀបចំ​សមាសភាព​បង្កើត​គណបក្ស​ថ្មី​

​មកដល់ពេលនេះ គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស កំពុង​រៀបចំ​សមាសភាព ដើម្បី​ឈាន​ទៅ​បង្កើត​គណបក្ស​ថ្មី​រួមគ្នា គឺ​គណបក្ស​សង្គ្រោះ​ជាតិ​។ គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ព្រមព្រៀង​ចុះហត្ថលេខា​ជាថ្មី កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១២ ដើម្បី​បង្កើត​សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង ក្នុង​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​។​

​លោក ប៉ុល ហំ​ម អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អ្នកនាំពាក្យ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ បាន​លើកឡើង​ថា "​យើង​បម្រុង​នឹងធ្វើ (​ចុះបញ្ជី​បង្កើត​គណបក្ស​ថ្មី​) នៅ​ពេល​ឆាប់ៗ​។ ឥឡូវនេះ​យើង​កំពុង​រៀបចំ​អ្នក ៨០ នាក់ ដែល​ចេញពី​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដើម្បី​បង្កើត​គណបក្ស​ថ្មី​។ យើង​មិន​អាច​រំលាយ​គណបក្ស​យើង​ទាំង​ពីរ​ចោល​បាន​ភ្លាម​ទេ ដោយសារ​តែ​យើង​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ស្រុក​ខណ្ឌ​រាជធានី​-​ខេត្ត​។ ដូច្នេះ​យើង​រក​អ្នក​ដែល​មិន​ពាក់ព័ន្ធ​នឹង​តួនាទី​ក្នុង​គណបក្ស​ចាស់​នេះ ដើម្បី​ទៅ​បង្កើត​គណបក្ស​ថ្មី ដល់​ពេល​ជិត​ដល់​ការបោះឆ្នោត​ឆ្នាំ​២០១៣ ទើប​អ្នក​ដែល​មិន​ពាក់ព័ន្ធ​នឹង​រដ្ឋសភា និង​ព្រឹទ្ធសភា ទៅ​ឈរ​ឈ្មោះ​ក្នុង​គណបក្ស​ថ្មី​នោះ​"​។​

​លោក ប៉ុល ហំ​ម បាន​បន្ថែមថា "​អ្នក​នៅ​ក្នុង​រដ្ឋសភា​ឥឡូវ ក៏​ចេញទៅ​អត់​ទាន់​បានដែរ​។ ទាល់តែ​ជិត​ដល់​ពេល​បោះឆ្នោត ឆ្នាំ​២០១៣ ទើប​គេ​ចេញពី​គណបក្ស​ចាស់ ទៅ​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​គណបក្ស​ថ្មី​បាន​។ យើង​ធ្វើ​នេះ​ឲ្យស្រប​ច្បាប់ ដើម្បី​រក្សា​អាសនៈ​ដែល​យើង​ខំ​រក​ទាំង​ពីរ​គណបក្ស​។ ដូច្នេះ​ពេល​នេះ​យើង​កំពុង​រៀបចំ​សមាសភាព អ្នក​ទាំង ៨០ នាក់ ដើម្បី​បង្កើត​គណបក្ស​ថ្មី ដោយ​មិន​មាន​លោក កឹម​សុខា ទេ​។ តែ​លោក​សម​រង្ស៊ី អាច​នឹង​ចូល​បាន នៅក្នុង​សមាសភាព​គណបក្ស​ថ្មី​នៅពេលនេះ​។ យើង​កំពុង​រៀបចំ​នៅថ្ងៃនេះ គណបក្ស​សិទ្ធិមនុស្ស ពិនិត្យមើល​សមាសភាព​នរណា​ខ្លះ​ដែល​អាច​នឹង​ទៅ​ចូលរួម​បង្កើត​គណបក្ស​ថ្មី​បាន​។ យើង​ធ្វើ​ដោយ​គោលការណ៍​ស្ម័គ្រចិត្ត​ទេ​។ ប៉ុន្តែ​សមាជិក​សភា​របស់​យើង ៣ រូប ដែល​មាន​ទាំង​ឯកឧត្តម កឹម សុខា ទៅ​មិន​ទាន់​បាន​ទេ​។ ប៉ុន្តែ​ឯកឧត្តម សមរង្ស៊ី បើសិនជា​មិន​ពាក់ព័ន្ធ​នឹង​ផ្លូវ​ច្បាប់​ទេ គាត់​ប្រហែលជា​ចេញ​ទៅ​មុន មើលទៅ​"​។​

៥. ជម្លោះ​ដី​នៅ​ខេត្ត​ក្រចេះ រាលដាល​ដល់​អង្គការ​សង្គម​ស៊ីវិល​

​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​លោក ចាន់ សុ​វ៉េ​ត បុគ្គលិក​អង្គការសិទ្ធិមនុស្ស​អាដ​ហុក ឲ្យចូល​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២​។ ក្នុង​ដីកា​ចេញ​ដោយ​លោក ឆែ វីរៈ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​លោក ចាន់ សុ​វ៉េ​ត ពីបទ ផ្តល់​ជំនួយ​ដល់​ចារី​ជាអាទិ៍ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែ​ឧសភា ឆ្នាំ​២០១២ តាម​បញ្ញត្តិ​មាត្រា ៥៤៤ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ការចោទប្រកាន់​នោះ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី​នៅ​ខេត្ត​ក្រចេះ​។​

​ជម្លោះ​ដី​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​រដ្ឋាភិបាល​បង្ក្រាប​កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២ ក៏​ត្រូវបាន​តុលាការ​ភ្ជាប់​ករណី​នោះ ដើម្បី​ចោទប្រកាន់​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ FM 105 MHz និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​។ លោក ម៉ម សូណង់ដូ ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១២​។​

​ក្នុង​សំណុំរឿង​របស់លោក ម៉ម សូណង់ដូ ត្រូវបាន​គេ​ទម្លាយ​ឲ្យដឹងថា ភ្នាក់ងារ​សមាគម​អ្នកប្រជាធិបតេយ្យ នៅ​ខេត្ត​ក្រចេះ ៤​នាក់ ដែល​ជាប់ចោទ ហើយ​ត្រូវបាន​តុលាការ​លើកលែង​ចោទប្រកាន់ និង​ប្រែក្លាយជា​សាក្សី​វិញ​នោះ នឹង​ត្រូវ​ចូល​បំភ្លឺ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១២​។​

៦. បទឧទ្ទេសនាម​របស់​នាយករដ្ឋមន្ត្រី ពី​បញ្ហា​ព្រំដែន ជាង ៥ ម៉ោង ក្នុង​រដ្ឋសភា បោះពុម្ព​ជា​សៀវភៅ និង​ចម្លង​ជា​ខ្សែអាត់​

​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា របស់​សាកលវិទ្យាល័យ​បៀ​ល​ប្រា​យ នៅ​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា បទឧទ្ទេសនាម​របស់​សម្តេច ដែល​បាន​បកស្រាយ​លើ​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ រយៈពេល​ជាង ៥ ម៉ោង នឹង​ត្រូវ​បោះពុម្ព​ជា​សៀវភៅ ព្រមទាំង​ចងក្រង​ជា​ខ្សែអាត់ ដើម្បី​ទុកជា​ឯកសារ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា "​រយៈពេល​ជាង ៥ ម៉ោង​នោះ មិនបាន​ធ្វើឲ្យ​ខ្ញុំអ​ស់​កម្លាំង ចុះ​ខ្សោយ​ទេ ប៉ុណ្ណឹង​ល្មម​ហើយ តែ​ក៏​នៅ​មាន​ប្រធានបទ​ជាច្រើន ត្រូវ​និយាយ​។ ឥឡូវ​សៀវភៅ​ក៏​ត្រូវ​ចេញ ហើយ​អា ឌី​វី​ឌី ឬ​កាសែត ថេប​អីហ្នឹង គឺថា តែ​មានរឿង​អី ចាក់​អា​ហ្នឹងហើយ​។ បោះ​ចេញ​ជា​សៀវភៅ ទាំង​ភាសា​ខ្មែរ​ទាំង​ភាសា​អង់គ្លេស នូវ​អត្ថបទ​ឧទ្ទេស​នាម​នោះ ហើយ​យក​ទៅ​ធ្វើ​ជា​មូលដ្ឋាន​ទៅ ហើយ​នាំគ្នា​វិភាគ​ទៅ ព្រឹត្តិការណ៍​វា​បាន​វិវត្តន៍​មក​អ៊‌ីចឹង​។ បើ​ចង់ដឹង​ថ្ងៃ​ហ្នឹង តើ​ថ្ងៃ​ពី​ម្សិល វា​មាន​ស្អី​"​។​

​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ថា សម្តេច​មិន​ចង់​តមាត់​តក​ជាមួយនឹង​ក្រុម​អ្នក​ដែល​បន្ត​រិះគន់​រដ្ឋាភិបាល ក្នុង​រឿង​ព្រំដែន​នោះ​ឡើយ​។ សម្តេច​ក៏​បាន​រម្លឹក​ផងដែរ អំពី​ប្រសាសន៍​របស់​សម្តេច​នៅក្នុង​រដ្ឋសភា ពាក់ព័ន្ធ​នឹង​សារ​បាន និង​ដើមទង​នៃ​ប្រវត្តិសាស្ត្រ​ព្រំដែន​កម្ពុជា និង​វៀតណាម ដោយ​គេ​មិន​អាច​ច្បិច​យក​តែ​មួយ​កន្លែង​មក​និយាយ​បាន​ទេ​។​

៧. សមាជ​បញ្ចូល​គណបក្ស​រាជានិយម​ទាំងពីរ គឺ ហ្វ៊ុន​ស៊ិនប៉ិច មិន​រុះរើ​ក្បាលម៉ាស៊ីន​ទេ​

​នៅក្រោយ​ការធ្វើ​សមាជ​បញ្ចូល​គ្នា រវាង​គណបក្ស​រាជានិយម​ទាំងពីរ ហ្វ៊ុន​ស៊ិនប៉ិច មិនមាន​មាន​ការផ្លាសប្ដូរ​ថ្នាក់ដឹកនាំ​គណបក្ស​ឡើយ​។ នេះ​បើ​តាម​ការអះអាង​ពី​លោក ញឹក ប៊ុនឆៃ នៅក្នុង​សន្និសីទ​កាសែត កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១២​។​

​លោក ញឹក ប៊ុនឆៃ បាន​មានប្រសាសន៍ថា សមាជ​វិសាមញ្ញ​នៃ​ការបញ្ចូល​គ្នា រវាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជាតិនិយម នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១២ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិន​មាន​ការរុះរើ​ថ្នាក់ដឹកនាំ​នោះទេ ដោយ​លោក កែវ ពុទ្ធ​រស្មី នៅតែ​ជា​មគ្គុទ្ទេសក៍ និង​រូបលោក (​ញឹក ប៊ុនឆៃ​) ជា​ប្រធាន​ប្រតិបត្តិ និង​លោក ហ៊ុន ភឿង អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ដដែល​។​

​លោក ញឹក ប៊ុនឆៃ បានបញ្ជាក់​ថា “​នៅក្នុង​សមាជ គឺ​អត់​មានការ​ជ្រើសរើស​ប្រធាន​ទេ ហើយ​ការធ្វើ​សមាជ​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១២ គ្រាន់តែ​ជា​សមាជ​រួមបញ្ចូល​ពី​គណបក្ស​ជាតិនិយម នរោត្តមរណឫទ្ធិ ចូលមក​ក្នុង​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ដោយ​មិន​ទាន់​បាន​ឈាន​ទៅ​ដល់​ការជ្រើសរើស​ថ្នាក់ដឹកនាំ​ឡើងវិញ​ទេ ពីព្រោះ​វា​ត្រូវ​អាណត្តិ ៥ ឆ្នាំ​ម្តង ហើយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទើបតែ​បាន​ធ្វើ​សមាជ​រួច​បាន​មួយឆ្នាំ​”​។​

៨. គ​.​ជ​.​ប​. ចាប់ផ្តើម​ទទួល​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍ ដើម្បី​តាមដាន​ការចុះឈ្មោះ និង​ការបោះឆ្នោត​

​គ​.​ជ​.​ប​. បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ ស្តីពី​ការ​ដាក់​ពាក្យសុំ​ចុះ​ឈ្មោះ​ជា​អ្នកសង្កេតការណ៍​។ អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ ក្រោយពី​បាន​ទទួលស្គាល់ និង​អនុញ្ញាត​ជា​ផ្លូវការ​ពី គ​.​ជ​.​ប​. រួចហើយ មាន​សិទ្ធិ​សង្កេតមើល​ដំណើរការ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២ ព្រម​ទាំង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥​។​

​សេចក្តីប្រកាស​របស់ គ​.​ជ​.​ប​. ចុះ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១២ បង្ហាញថា សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​មាន​បំណង​ចូលរួម​សង្កេតការណ៍​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ត្រូវ​មក​យក​គំរូ​ពាក្យសុំ​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍ នៅ​ទីស្តីការ គ​.​ជ​.​ប​. និង​ត្រូវ​ដាក់​ពាក្យសុំ​ចុះឈ្មោះ​អ្នកសង្កេតការណ៍​របស់​ខ្លួន នៅ​ទីស្តីការ គ​.​ជ​.​ប​. រៀង​រាល់​ម៉ោង​ធ្វើការ ចាប់ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៣​។ រីឯ​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ និង​ប្រទេស​នានា ដែល​មាន​បំណង​ចូលរួម​សង្កេតមើល​ដំណើរការ​ទាំងនេះ ត្រូវ​មក​យក​គំរូ​ពាក្យសុំ​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​អន្តរជាតិ នៅ​ទីស្តីការ គ​.​ជ​.​ប​. និង​ដាក់​ពាក្យសុំ​ចុះឈ្មោះ​អ្នកសង្កេតការណ៍​របស់​ខ្លួន នៅ​ទីស្តីការ គ​.​ជ​.​ប​. រៀង​រាល់​ម៉ោង​ធ្វើការ ចាប់ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១២​។​

​ដោយឡែក ចំពោះ​គណបក្ស​នយោបាយ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់ ស្តីពី គណបក្សនយោបាយ មាន​សិទ្ធិ​ចាត់តាំង​តំណាង​ពេញ​សិទ្ធិ​របស់​ខ្លួន​ម្នាក់ និង​តំណាង​បម្រុង ម្នាក់ ដើម្បី​សង្កេតមើល​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត នៅក្នុង​ឃុំ​សង្កាត់​នីមួយៗ ដោយ​ត្រូវ​ដាក់​ពាក្យសុំ​ចុះ​ឈ្មោះ​តំណាង​របស់​ខ្លួន ទៅ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ តាម​ទម្រង់​បែបបទ​លេខ ១០០៧ ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ដល់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១២​។​

​តាម​ប្រតិទិន​របស់ គ​.​ជ​.​ប​. ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២ នឹង​ត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១២ នៅតាម​សាលាឃុំ​សង្កាត់​ទូទាំង​ប្រទេស​។ ការពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត ដែល​មាន​រយៈពេល ៤២ ថ្ងៃនេះ ដើម្បី​អ្នកបោះឆ្នោត មាន​សិទ្ធិ​ទៅ​បោះឆ្នោត​តំណាងរាស្ត្រ អាណត្តិ​ទី​៥ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។​

៩. កម្ពុជា ដោះដូរ​ឯកអគ្គរាជទូត​នៅ​ហ្វីលីពីន ក្រោយ​មាន​ការ​ឆ្លងឆ្លើយ​លិខិត រឿង​សមុទ្រ​ចិន​ខាងត្បូង​

​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​តែងតាំង​លោកស្រី ទួត បញ្ញា អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស ជា​ឯកអគ្គរាជទូត​ថ្មី ប្រចាំ​ប្រទេស​ហ្វីលីពីន ជំនួស​លោក ហើ​ស សិរី​ធន អតីត​ឯកអគ្គរាជទូត​កម្ពុជា​។ ការផ្លាស់ប្តូរ​ឯកអគ្គ​រាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ហ្វីលីពីន ត្រូវបាន​ធ្វើឡើង​ភ្លាមៗ ក្រោយពី​កម្ពុជា និង​ហ្វីលីពីន កើត​មាន​ជម្លោះ​ប៉ា​កា តាមរយៈ​លិខិត​ក្នុង​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។​

​ក៏​ប៉ុន្តែ​លោក កុយ គួង អ្នកនាំពាក្យ​ការបរទេស​កម្ពុជា បាន​គូសបញ្ជាក់ថា ការផ្លាស់ប្តូរ​ឯកអគ្គ​រាជទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ហ្វីលីពីន នៅពេលនេះ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ មិនមែន​មកពី​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះឡើយ​។​

​លោក កុយ គួង បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១២ ថា "​ជា​រឿង​ធម្មតា មិនមែន​ជា​រឿង​ប្លែក​ទេ នៅពេលដែល​ក្រសួងការបរទេស ឬ​ក៏​រដ្ឋាភិបាល​យល់ឃើញ​ថា មាន​ការចាំបាច់​ត្រូវ​ផ្លាស់ប្តូរ គឺ​យើង​ត្រូវតែ​ផ្លាស់ប្តូរ​។ ដូច្នេះ វា​ជា​រឿង​ធម្មតា​។ មិនមែន​ជា​រឿង​ប្លែក ឬក៏​ជា​រឿង​ភ្ញាក់ផ្អើល​អ្វី​ទេ​។ កន្លងមក ខ្ញុំ​សង្កេត​ឃើញ​ឯកអគ្គរដ្ឋទូត​មក​កម្ពុជាក៏​អីចឹង​ដែរ​។ ខ្លះ​បាន​មួយ​ឆ្នាំ​តិចតួច គាត់​ត្រូវ​ការផ្លាស់ប្តូរ​ទៅវិញ​។ គាត់​ដាក់​ឯកអគ្គរដ្ឋទូត​ថ្មី​មក​វិញ​។ ដូច្នេះ​ជា​រឿង​ធម្មតា​ទេ អត់​មាន​អី​ជា​រឿង​ប្លែក​ទេ​"​។​

​លោក កុយ គួង បាន​បន្ថែមថា សម្រាប់​ឯកអគ្គរាជទូត ឬ​ឯកអគ្គរដ្ឋទូត គឺ​មិន​មាន​រយៈពេល​កំណត់​អាណត្តិ​ឆ្នាំ​ទេ ទៅតាម​ភាពចាំបាច់ និង​ការតែងតាំង​របស់​រាជ​រដ្ឋាភិបាល ឬ​ក្រសួង​ការបរទេស​។ លោក​ក៏​បាន​បញ្ជាក់ទៀតថា "​ការផ្លាស់ប្តូរ​ឯកអគ្គ​រាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ហ្វីលីពីន ជា​រឿង​ធម្មតា​ទេ ហើយ​មិន​មាន​អ្វី​ប្រែប្រួល​ទេ ដោយ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ហ្វីលីពីន ក៏​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​"​។​

១០. ក្រសួងមហាផ្ទៃ រង់ចាំ​ពិនិត្យ​សំណុំបែបបទ សុំ​ចុះបញ្ជី​គណបក្សប្រឆាំង​ថ្មី "​គណបក្ស​សង្គ្រោះ​ជាតិ​"

​សម្ព័ន្ធភាព​គណបក្ស​ស​ម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​សម្រេច​ថា នឹង​នាំយក​សំណុំបែបបទ ទៅ​ចុះបញ្ជី​គណបក្សប្រឆាំង​រួម​គ្មា​ថ្មី​មួយ ដែល​មានឈ្មោះ​ថា "​គណបក្ស​សង្គ្រោះ​ជាតិ​" នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែ​សីហា ឆ្នាំ​២០១២ នៅ​ក្រសួង​មហាផ្ទៃ ស្របតាម​ច្បាប់ ស្តីពី គណបក្សនយោបាយ​។ រីឯ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​អះអាង​ថា ស្ថាប័ន​មួយ​នេះ រង់ចាំ​ពិនិត្យ​លើ​សំណុំបែបបទ​នោះ មុន​នឹង​សម្រេច​ថា យល់ព្រម ឬក៏​បដិសេធ​។​

​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១២ លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍ថា "​ក្រសួងមហាផ្ទៃ បើកទ្វារ​ធ្វើការ​រហូត ហើយ​ការសម្រេច​ចុះ ឬ​មិន​ចុះ គឺ​មិនមែន​ថា ដាក់​ភ្លាម​មក ហើយ​យើង​សម្រេច​ភ្លាម​ទេ គឺ​ក្រសួង​មហាផ្ទៃ មាន​រយៈពេល ១៥ ថ្ងៃ ដើម្បី​ធ្វើ​ការងារ ក្នុង​ការឆ្លើយ​ទៅ​តាម​ច្បាប់ (​ច្បាប់​ស្តីពី​គណបក្សនយោបាយ​)"​។​

​លោក ប៉ុល ហំ​ម អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​រួបរួម​រវាង​គណបក្ស​ស​ម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នឹង​ត្រូវ​បំពេញ​បែបបទ យក​ទៅ​ចុះ​ឈ្មោះ​ជា​ផ្លូវការ នៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែ​សីហា ឆ្នាំ​២០១២​។​

​គណបក្សប្រឆាំង​ថ្មី​នោះ មាន​លោក​សម​រង្ស៊ី ធ្វើជា​ប្រធាន​គណៈកម្មាធិការ​បណ្តោះអាសន្ន ដែលមាន ៧ រូប (​មកពី​គណបក្ស​សមរង្ស៊ី ៤​រូប និង​គណបក្ស​សិទ្ធិមនុស្ស ៣​រូប​)​។ រីឯ​លោក ប៉ុល ហំ​ម អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស ត្រូវបាន​ជ្រើសតាំង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​បណ្តោះអាសន្ន​នោះ​។​

​ក៏​ប៉ុន្តែ​លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស មានឈ្មោះ​ជា​ទណ្ឌិត ឬ​អ្នក​ជាប់​ទោស ដោយ​ត្រូវ​តុលាការ​សម្រេច​ផ្តន្ទាទោស​ជា​ស្ថាពរ ក្នុង​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម កាលពី​ចុងឆ្នាំ​២០០៩​។​

​ក្នុងករណីនេះ លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​លើកយក​មាត្រា​មួយចំនួន ក្នុង​ច្បាប់​បោះឆ្នោត និង​ច្បាប់​គណបក្សនយោបាយ ដើម្បី​ធ្វើ​ជា​សំអាង​។ លោក​មានប្រសាសន៍ថា "​ក្នុង​ច្បាប់​បោះឆ្នោត​តំណាងរាស្ត្រ បានកំណត់​ច្បាស់​ថា ទណ្ឌិត​មិន​អាច​បោះឆ្នោត និង​មិន​អាច​ឈរឈ្មោះ ឲ្យគេ​បោះឆ្នោត​បាន​ទេ​។ អ៊‌ីចឹង​ករណី​នេះ​ច្បាស់​ហើយ​ថា លោក សម រង្ស៊ី មិន​អាច​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​បានទេ​។ ប៉ុន្តែ​ក្នុង​ច្បាប់ ស្តីពី គណបក្សនយោបាយ មិនទាន់​បាន​ចែង ថា​តើ​ទណ្ឌិត​មិន​អាច​ធ្វើជា​ប្រធាន​បក្ស​បាន​នោះទេ​។ វា​មិន​ទាន់​មាន​កន្លែង​ណា​កំណត់ ចែង​ដូច្នេះ​ទេ​"​។​

​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បាន​បន្ថែមថា ក្រសួងមហាផ្ទៃ មាន​សិទ្ធិ ១៥ ថ្ងៃ ក្រោយពី​ទទួល​សំណុំបែបបទ សុំ​ចុះ​ឈ្មោះ​គណបក្ស​ថ្មី ដើម្បី​ឆ្លើយតប​ថា ទទួល​ចុះ ឬ​ក៏​មិន​ទទួល​ចុះបញ្ជី​ជា​ផ្លូវការ សម្រាប់​គណបក្ស​ថ្មី​នោះ​។​

១១. រដ្ឋាភិបាល ចេញផ្សាយ​ឯកសារ​របស់​សម្តេច​ហ៊ុន​សែន សម្រាប់​អធិប្បាយ​ផ្តល់​ការបំភ្លឺ​រដ្ឋសភា ពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​

​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១២ បាន​ចេញ​ផ្សាយ​នូវ​កម្រង​ឯកសារ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​អធិប្បាយ ផ្តល់​ការបំភ្លឺ ស្តីពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម ដល់​អង្គប្រជុំ​រដ្ឋសភា​។ កម្រង​ឯកសារ​នោះ ត្រូវ​បាន​បោះពុម្ព​ជា​សៀវភៅ​ផងដែរ​។​

​កម្រង​ឯកសារ ដែលមាន ៨៦ ទំព័រ​នោះ មាន​ចំណងជើង​ធំ​ថា "​អត្ថបទ​គោល របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​អធិប្បាយ ផ្តល់​ការបំភ្លឺ ស្តីពី ការងារ​បោះបង្គោល​ខណ្ឌ​សីមា​ព្រំដែន​គោក និង​ការកំណត់​ព្រំដែន​សមុទ្រ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០១២"​។​

១២. ព្រះមហាក្សត្រ យាង​និវត្ត​មកកាន់​មាតុប្រទេស​វិញ​ហើយ​

​ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហ​មុនី បាន​យាង​និវត្ត​មកកាន់​មាតុប្រទេស​វិញ​ហើយ កាលពី​ម៉ោង ៣ និង ៣០​នាទី រសៀល​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១២​។ ព្រះមហាក្សត្រ បាន​យាង​ចេញ​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព និង​ចូល​ក្រាប​បង្គំ​គាល់​ព្រះរាជ​បិតា និង​ព្រះរាជ​មាតា​របស់​ព្រះអង្គ នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១២​។​

​ក្នុងពេល​ទទួល​ព្រះរាជដំណើរ​របស់​ព្រះករុណា នា​រសៀល​នេះ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ គេ​ឃើញ​វត្តមាន​របស់​សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​ជាច្រើន​រូប​ផ្សេងទៀត​។​

​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហ​មុនី បាន​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព នៅ​ប្រទេស​ចិន និង​ចូល​ក្រាប​បង្គំ​គាល់​ព្រះ​មាតា​ព្រះ​បិតា​របស់​ព្រះអង្គ ដែល​គង់នៅ​ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១២​។​

១៣. លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្រោង​បង្កើត ប្រឈម​ឧបសគ្គ​តាម​ផ្លូវច្បាប់​

​មេ​គណបក្សប្រឆាំង លោក សម រង្ស៊ី ប្រឈម​នឹង​ឧបសគ្គ​ផ្លូវច្បាប់ ក្នុង​ការវិល​មក​ក្នុង​ជីវិត​នយោបាយ សម្រាប់​ការប្រកួតប្រជែង ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​អ្នកតំណាងរាស្ត្រ អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ និង​ការដឹកនាំ​គណបក្ស​ថ្មី “​គណបក្ស​សង្គ្រោះ​ជាតិ​” ដែល​ជា​គណបក្ស​គ្រោង​បង្កើត​ថ្មី របស់​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ពីព្រោះ​លោក សម រង្ស៊ី ជាប់​ឈ្មោះ​ជា​ទណ្ឌិត ក្រោម​អំណាច​សាលដីកា​តុលាការ​កម្ពុជា​។​

​លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បាន​មានប្រសាសន៍​ពន្យល់​ថា ចំពោះ​ការចុះបញ្ជី​គណបក្ស គឺ​ទាក់ទង​ទៅនឹង​ច្បាប់ ស្តីពី គណបក្សនយោបាយ ដែល​ត្រូវ​ចុះបញ្ជី នៅ​ក្រសួង​មហាផ្ទៃ ពីព្រោះ​នៅ​ពេល​នេះ មិន​ទាក់ទង​នឹង គ​.​ជ​.​ប​. ទេ​។​

​លោក ទេព នីថា បាន​មានប្រសាសន៍​បញ្ជាក់​ថា “​ប៉ុន្តែ​អ្វី​ទាក់ទង គ​.​ជ​.​ប​. នៅពេល​ដែល​គណបក្ស​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​រួចហើយ នៅ​ពេល​បញ្ជូន​បេក្ខជន​មក​ចុះឈ្មោះ​បោះឆ្នោត​នៅ គ​.​ជ​.​ប​. គឺ​គ្រប់​បេក្ខជន​ត្រូវមាន​គ្រប់​លក្ខខណ្ឌ​ច្បាប់​កំណត់ ទើប​យើង​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​បោះឆ្នោត ដោយ​យោង​ទៅ​តាប​ច្បាប់ ស្តីពី គណបក្សនយោបាយ និង​ស្តីពី​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​”៕​