Monday, August 20, 2012

លោក​ ច័ន្ទ​ លំ​ផាត់​​ បន្ត​នាំ​យក​អង្ករ​សម្តេច​តេ​ជោ​និង​លោក​ជំទាវ​ទៅ​ឧបត្ថម្ភ​ដល់​គ្រួសារ​កងទ័ព​នៅ​តំបន់​ព្រំដែន​

ខេត្តព្រះវិហារ ៖​ ផ្តើម​ចេញពី​ការ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ ជា​ពិសេស​សម្តេច​​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​  នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​តែង​បាន​ឧបត្ថម្ភ​ស្បៀងអាហារ​ជា​ប្រចាំ​ដល់​កទ័ព​គ្រួសារ​ កងទ័ព​នៅ​តំបន់​ព្រំដែន​ ដើម្បី​បំពេញតម្រូវការ​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ ។​ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែសីហា​នេះ​ ឧត្តម​សេនី​យ៏​ឯក​ ច័ន្ទ​​ លំ​ផាត់​ នាយ​រង​សេនា​ធិ​ការ​ចំរុះ​ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​នាយ​ឧត្តម​សេនី​យ៏​ គន់​ គី​ម​ អគ្គមេបញ្ជាការ​រង​ និង​ជា​នាយសេនាធិការ​ចំរុះ​នៃ​កង​យោធពលខេមរភូមិន្ទ​ បាន​នាំ​យក​ អង្ករ​ចំនួន​៥១​តោន​ និង​មី​ចំនួន​១.១៣៩​កេស​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​លោក​ជំទាវ ​ទៅ​ប្រគល់​ជូន​ដល់​ដៃ​គ្រួសារ​កងទ័ព​ ស្ថិត​ក្នុង​អង្គភាព​ទីបញ្ជាការ​កងពលធំ​អន្តរា​គម​ន៏​លេខ​៣​ កងពលតូច​អន្តរា​គម​ន៏​លេខ​៧ ​និង​កងពលតូច​អន្តរា​គម​ន៏​លេខ​៩​ ប្រចាំការ​នៅ​ទិស​ប្រាសាទព្រះវិហារ​។​
វត្តមាន​រួម​ដំណើរ​នា​ឱកាស​នោះ​មាន​ឧត្តម​សេនី​យ៏​ឯក​ ស្រី​ ឌឹ​ក ​នាយ​រង​សេនាធិការ​ចំរុះ​ និង​ជា​មេបញ្ជាការ​កងពលធំ​អន្តរា​គម​ន៏​លេខ​៣​,​ ឧត្តម​សេនី​យ៏​ឯក សេង ​វុ​ទ្ធី​ នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​អគ្គបញ្ជាការ ព្រមទាំង​នាយ​ទា​​ហានប្រចាំការ​នៅ​ទិស​ប្រាសាទព្រះវិហារ​ជា​ច្រើន​រូប​ទៀត​។​
មាន​មតិ​សំណេះសំណាល​នា​ឱកាស​នោះ​ ឧត្តម​សេនី​យ៏​ឯក​ ច័ន្ទ​ លំ​ផាត់​ ក្នុង​នាម​នាយ​ឧត្តម​សេនី​យ៏​ គន់​ គី​ម បាន​ពាំនាំ​នូវ​ប្រសា​ស​ន៏​ផ្តាំផ្ញើសាកសួរ​សុខទុក្ខ​ ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​  និង​លោក​ជំទាវ​កិ​តិ្ត​ព្រឹទ្ធ​ប​ណិ្ឌ​ត​ ជូន​ចំពោះ​បងប្អូន​គ្រួសារ​កងទ័ព​ទាំងអស់​ប្រកបដោយ​សេចក្តី​នឹករ​លឹក​ និង​សូម​ថ្លែង​ការ​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ទាំងឡាយ​  ដែល​បងប្អូន​គ្រួសា​កងទ័ព​បាន​​បំពេញ​កន្លង​មក​  នោះ​​ គឺ​ការ​រៀបចំ​លំនៅ​ឋាន​ និង​ការ​បង្កបង្កើន​ផល​ប្រកបដោយ​សោ​ភ័ណភាព​ស្រស់បំព្រង​​ កសាង​បាន​ជីវភាព​សមរម្យ​ និង​ការ​រស់នៅ​ប្រកបដោយ​ភាព​សុខដុមរមនា​ ។​ លោក​បាន​បន្ត​ថា​ បើ​ទោះបី​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ស្ថាន​ការ​ណ៏​នៅ​តំបន់​ព្រំដែន​មាន​សភាព​ល្អ​ប្រសើរ​ក៏​ដោយ​ ក៏​សម្តេច​ និង​លោក​ជំទាវ​ នៅ​មិន​ភ្លេច​អំពី​សុខទុក្ខ​កងទ័ព​ និង​គ្រួសារ​កងទ័ព​នៅ​តំបន់​ព្រំដែន​ ព្រោះថា​ការ​លំបាក​របស់​កងទ័ព​ ក៏​ដូច​ជា​ការ​លំបាក​របស់​សម្តេច​និង​លោក​ជំទាវ​ដែរ​ ។​  លោក​ ច័ន្ទ​ លំ​ផាត់​ បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​កងពល​ នាយទាហាន​ ពល​ទាហាន​ ព្រមទាំង​គ្រួសារ​កងទ័ព​ត្រូវ​បន្ត​ការ​ យកចិត្តទុកដាក់​ដល់​ការងារ​បង្កបង្កើន​ផល​ឲ្យ​អស់​ផ្ទៃដី​ ជា​ពិសេស​ការ​ដាំ​ដំណាំ​រួម​ផ្សំ​ និង​ការ​ចិញ្ចឹមសត្វ​ឲ្យ​បាន​ច្រើន​ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​។​
សូមបញ្ជាក់ដែរថា​ ប្រជាពលរដ្ឋ​ដែល​បាន​មក​ទទួល​អំណោយ​នា​ពេល​នោះ​មាន​ចំនួន​ ៣.៤២០​គ្រួសារ​ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​អង្ករ​១៥​គីឡូក្រាម​  និង​មី​១០​កញ្ចប់​៕