Monday, August 20, 2012

បុគ្គលិក​ទម្លាយ​ពី​ភាព​មិន​ប្រក្រតី​ពុក​រលួយ​របស់​នាយក​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​

​ភ្នំពេញ​ ៖​ នៅ​ក្នុង​លិខិត​ដ៏​តូច​ស្ដើង​កម្រាស់​៤​ទំព័រ​ បុគ្គលិក​ និង​ក្រុម​គ្រូបង្រៀន​នៅ​ក្នុង​វិទ្យាល័យ​ ព្រះ​ស៊ី​សុវត្ថិ​  បាន​សរសេរ​រៀបរាប់​យ៉ាង​ក្បោះក្បាយ​អំពី​ការ​ដឹកនាំ​របស់​នាយក​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ គឺ​លោក​ មូល​ ស៊ុ​យ​ហេង​ ដែល​បញ្ជាក់​ថា​ បន្ទាប់​ពី​គាត់​មាន​បង្អែក​ថ្នាក់ដឹកនាំ​មន្ទីរ​ ក្រសួង​អប់រំ​ និង​ជា​សែស្រឡាយ​របស់​សមាជិក​ព្រឹទ្ធសភា​ផង​នោះ​ ការ​គ្រប់គ្រង​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ពុករ​រលួយ​ និង​ធ្វើការ​គាប​ សង្កត់​ទៅ​លើ​សិស្ស​បង្ខំ​ឱ្យ​បង់ប្រាក់​ជាដើម​ ។​
​នៅ​ក្នុង​លិខិត​នេះ​ បុគ្គលិក​បាន​និយាយ​ថា​ អំពី​ភាព​មិន​ប្រក្រតី​ត្រង់​លោកនាយក​សាលា​រូប​នេះ​បាន​យក​បរិវេណ​ទីធ្លា​ វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ ដែល​ជា​ទ្រព្យសម្បត្ដិ​សាធារណៈ​របស់​រដ្ឋ​ទៅ​ជួល​ឱ្យ​ធនាគារឯកជន​សម្រាប់​ធ្វើ​ជា​ចំណតរថយន្ដ​ អចិន្ដ្រៃយ៍​ ។​ ដែល​ការ​ជួល​ទីតាំង​របស់​រដ្ឋ​បែប​នេះ​គឺជា​អំពើ​ខុសច្បាប់​ភូមិបាល​ឆ្នាំ​២០០១​ ប៉ុន្ដែ​អាច​នឹង​មាន​ករណី​ ពាក់ព័ន្ធ​ជាមួយនឹង​ថ្នាក់ដឹកនាំ​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ រាជធានី​ភ្នំពេញ​ ។​
​ចំណុច​ដែល​កំពុង​បង្កើត​ឱ្យ​មាន​អំពើ​ពុក​រលួយ​នៅ​ក្នុង​ការ​គ្រប់គ្រង​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ បុគ្គលិក​ និង​ក្រុម​គ្រូបង្រៀន​ បាន​លើក​ឡើង​ពី​បញ្ហា​ដែល​លោក​ មូល​ ស៊ុ​យ​ហេង​ យក​លុយ​ពី​សិស្ស​ដូរ​ថ្នាក់​ យ៉ាង​ហោច​ណាស់​ក៏​ក្នុង​ម្នាក់​១០​ទៅ​២០​ ដុល្លារ​ មុន​ពេល​បើក​បវេសនកាល​ ។​ ម្យ៉ាងទៀត​ចំណូល​នេះ​អាច​រកបាន​រាប់​សិប​ម៉ឺន​ដុល្លារ​ឯណោះ​ សម្រាប់​ការ​ដូរ​ថ្នាក់​ ដល់​សិស្ស​កន្លង​ទៅ​ ក៏​ដូច​ជា​សកម្មភាព​កំពុង​ប្រព្រឹត្ដ​នេះ​ ។​ ក្រុម​បុ​គ្ក​លិ​ក​ និង​គ្រូបង្រៀន​បាន​លើក​ឡើង​ថា​ អ្វី​ដែល​ទាញ​យក​ផលប្រយោជន៍​ពី​ការ​ដូរ​ថ្នាក់​សម្រាប់​សិស្ស​ថ្នាក់​ទី​១០​ ទី​១១​ និង​ទី​១២​ លោក​ មូល​ ស៊ុ​យ​ហេង​ ប្រើ​ល្បិច​ ច្របល់​សិស្ស​គ្រប់​ថ្នាក់​ ក្រោម​លេស​ជ្រើស​រើសមុខ​វិជ្ជា​វិទ្យាសាស្ដ្រ​ និង​សង្គម​ ។​
​នៅ​ពេល​ប្រជុំ​ផ្សព្វផ្សាយ​រឿង​ជ្រើស​រើសមុខ​វិជ្ជា​នេះ​ លោក​ មូល​ ស៊ុ​យ​ហេង​ បាន​ធ្វើ​ការងារ​នេះ​ផ្ទាល់​ជាមួយ​សិស្ស​ តែ​ម្ដង​ អត់​បែងចែក​ឱ្យ​នាយករង​ទទួល​បន្ទុក​ថ្នាក់​ទេ​ សម្រាប់​ធ្វើការ​ជាមួយ​គាត់​ ។​ នៅ​ពេល​នេះ​ប្រធាន​ថ្នាក់​ចាប់ផ្ដើម​ មាន​ទំនាក់ទំនង​ជាមួយ​លោក​ មូល​ ស៊ុ​យ​ហេង​ តាម​រយៈ​ការ​ផ្ដល់​លេខ​ទូរស័ព្ទ​ទៅ​វិញ​ទៅ​មករ​វាង​នាយក​និង​ប្រធាន​ ថ្នាក់​រួច​ហើយ​ជា​បណ្ដើរ​ ដែល​ការ​ធ្វើ​បែប​នេះ​លោកនាយក​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ បានឱ្យ​ប្រធាន​ថ្នាក់​នីមួយៗ​ក្លាយជា​ ភ្នាក់ងារ​ប្រមូល​លុយ​ពី​សមាជិក​សិស្ស​ក្នុង​ថ្នាក់​ណា​ដែល​ចង់​រៀន​ជាមួយ​គ្នា​នៅ​ឆ្នាំ​ក្រោយ​ ដើម្បី​យក​ប្រាក់​ទាំងនោះ​មក​ ប្រកល់​ឱ្យ​លោក​ មូល​ ស៊ុ​យ​ហេង​ សម្រាប់​ការ​ដោះ​ដូរ​ថ្នាក់​យ៉ាងតិច​ក្នុង​ម្នាក់​ពី​១០​ទៅ​២០​ដុល្លារ​ ។​ ករណី​ដូរ​ថ្នាក់​នេះ​ ផង​ដែរ​ មាន​សិស្ស​ខ្លះ​ដោះ​ដូរ​រហូត​ដល់​៥​ដង​ក៏​មាន​ ព្រោះ​ទិដ្ឋភាព​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ពេល​នេះ​មានការ​ឃោសនា​ អំពី​បញ្ហា​គ្រូ​ ដូច​ជា​លើក​ឡើង​ថា​ គ្រូ​នេះ​អ​ញ្ចេះ​ គ្រូ​នេះ​អ​ញ្ចុះ​ ច្រ​បូល​ច្របល់​ពេញ​សាលា​ ទើប​សិស្ស​នាំ​គ្នា​ដូរ​ថ្នាក់​ ឬ​ក៏​ ចង់ទៅ​រៀន​ជួបជុំ​មិត្ដភក្ដិ​ជាដើម​ ។​
​បុគ្គលិក​បាន​លើក​ឡើង​ទៀត​ថា​ នៅ​ឆ្នាំ​នេះ​គេ​បានឃើញ​លោក​ មូល​ ស៊ុ​យ​ហេង​ ធ្វើ​សកម្មភាព​តាំងពី​ចុងខែ​កក្កដា​នេះ​ តែ​ម្ដង​ ព្រោះ​ខែសីហា​ជាប់​ការងារ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ ។​ ចំពោះ​ការ​ប្រឡង​ឆមាស​ថ្នាក់​ទី​១២​សម្រាប់​ សិស្សសាលា​ឯកជន​ដែល​សុទ្ធតែ​ជា​កូន​អ្នកធំ​ និង​កូន​អ្នកមាន​លុយ​ធ្វើ​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ ។​ រឿង​នេះ​លោក​ មូល​ ស៊ុ​យ​ហេង​ ប្រើ​ល្បិច​រឹតត្បិត​សិស្សសាលា​ឯកជន​ខ្លាំងក្លា​ជាង​ពេល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ថ្នាក់​ជាតិ​ទៅ​ទៀត​ ។​ ការ​រឹតត្បិត​នេះ​មិនមែន​ដើម្បី​ដំណើរការ​ប្រឡង​ឆមាស​បាន​ល្អ​នោះ​ទេ​ គឺ​រឹត​បន្ដឹង​ឱ្យ​សិស្សសាលា​ឯកជន​ធ្វើ​ខុស​ច្រើន​ ដើម្បី​ឱ្យ​មានការ​សូកប៉ាន់​រឿង​ពិន្ទុ​តែ​ប៉ុណ្ណោះ​ ព្រោះ​លោក​ មូល​ ស៊ុ​យ​ហេង​ យល់​ថា​ សិស្សសាលា​ឯកជន​ដែល​ជា​កូន​ អ្នកធំ​ និង​កូន​អ្នកមាន​មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ជា​លទ្ធផល​និទ្ទេស​ការ​ប្រឡង​នោះ​ ។​
​បុគ្គលិក​បាន​បញ្ជាក់​ថា​ ចំពោះ​ពិន្ទុ​និទ្ទេស​ល្អ​បង្គួរ​ត្រូវ​ចំណាយ​៥០​ដុល្លារ​ និង​និទ្ទេស​ល្អ​ចំណាយ​១០០​ដុល្លារ​ ។​ នេះ​បើ​ តាម​ការ​ឱ្យ​ដឹង​ពី​អ្នកស៊ីឈ្នួល​រត់ការ​ពិន្ទុ​ដែល​លោក​ មូ​យ​ ស៊ុ​យ​ហេង​ កំពុង​ទាញ​បាន​ផលប្រយោជន៍​លើ​បញ្ហា​នេះ​ ។​
​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចោទប្រកាន់​នេះ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២០​ខែសីហា​ឆ្នាំ​២០១២​ តាម​ទូរស័ព្ទ​ លោក​ មូល​ ស៊ុ​យ​ហេង​ នាយក​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​មិន​បាន​បកស្រាយ​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ទេ​ ដោយ​លោក​ប្រាប់​ នគរ​វត្ដថា​ កំពុង​ជាប់​ រវល់​នៅ​ក្រសួង​ ប៉ុន្ដែ​លោក​ចង់​ដឹង​ពី​លិខិត​ទាំងនោះ​ រួច​ក៏​បិទ​ទូរស័ព្ទ​ ។​
​ដោយឡែក​ លោក​ ជា​ ជាតិ​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ រាជធានី​ភ្នំពេញ​ បាន​ប្រាប់​នគរវត្ដ​តាម​ទូរស័ព្ទ​ថា​ រឿង​នេះ​លោក​កំពុង​តែ​ឱ្យ​មន្ដ្រី​ចុះ​អធិការកិច្ច​ ដូច្នេះ​ គួរតែ​កុំ​ទាន់​ធ្វើការ​ចុះ​ផ្សាយ​ ដែល​លោក​ប្រធាន​មន្ទីរ​ចាត់​ទុក​ថា​ រឿង​ខ្លះ​កំពុង​តែ​តាមដាន​ ។​
​នៅ​ក្នុង​លិខិត​ចំនួន​៤​ទំព័រ​ ដែល​លើក​ឡើង​អំពី​ការ​គ្រប់គ្រង​របស់​នាយក​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ គឺ​លោក​ មូល​ ស៊ុ​យ​ហេង​ បាន​លាតត្រដាង​នូវ​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ ប៉ុន្ដែ​ខណៈ​នេះ​ នគរវត្ដ​ សុំ​លើកយក​ប្រមាណ​២០​ភាគរយ​ ប៉ុណ្ណោះ​ពី​ក្នុង​លិខិត​ ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ក្រុម​អធិការកិច្ច​ចុះ​ស្រាវជ្រាវ​ដូច​អ្វី​ដែល​លើក​ឡើងជា​សំណូមពរ​របស់​លោក​ប្រធាន​ មន្ទីរ​ អប់រំ​ យុវជន​ និង​កីឡា​ កាលពី​ព្រឹក​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០១២​នោះ​ ។​
​បុគ្គលិក​បាន​លើ​គ​ឡើង​អំពី​មហិច្ឆតា​លោភលន់​អំណាច​តាំងពី​ឆ្នាំ​២០០៥​មក​ម្ល៉េះ​ ដែល​លោក​ មូល​ ស៊ុ​យ​ហេង​ ព្យាយាម​ រត់ការ​យក​តំណែង​ជា​ប្រធាន​មន្ទីរ​ការងារ​ និង​ប្រធាន​មន្ទីរ​អប់រំ​(​កូតា​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​)​ ប៉ុន្ដែ​មិន​ទទួល​បាន​លទ្ធផល​ សុខ​ ចិត្ដ​យក​តំណែង​នាយក​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ ដែល​មានឱកាស​ច្រើន​ផង​ដែរ​ រហូត​ដល់​ថ្នាក់លើ​ទទួលស្គាល់​ ពេញចិត្ដ​ មាន​ចំណុច​ខ្លះ​លាក់លៀម​ផង​ដែរ​ រាល់​ភាព​មិន​ប្រក្រតី​ចំពោះ​លោក​ មូល​ ស៊ុ​យ​ហេង​ និង​មិន​ចាត់ការ​ចំពោះ​ការ​ទាម​ទារ​ណាមួយ​ពី​បុគ្គលិក​ និង​គ្រូបង្រៀន​ក្នុង​វិទ្យាល័យ​ ៕​